ឧបករណ៍​ថ្មី​ប្លែក​អាចអោយ​ទារក​ស្តាប់ភ្លេង​ក្នុង​ទ្វារ​មាសម្តាយ​

ឧបករណ៍​ថ្មី​ប្លែក​អាចអោយ​ទារក​ស្តាប់ភ្លេង​ក្នុង​ទ្វារ​មាសម្តាយ​

​ពេល​នេះ​អ្នក​អាច​រីករាយ ជាមួយនឹង​បទពិសោធន៍​ថ្មី​ប្លែក គឺ​ការ​ចាក់​បទ​ចំរៀង​នៅក្នុង​ទ្វារមាស​របស់​អ្នក ពេល​ដែល​ទារក​ស្ថិត​ក្នុង​ផ្ទៃ​នៅឡើយ​។ តើ​អ្នក​ចង់​អោយ​កូន​របស់ អ្នក​មាន​ទេពកោសល្យ​តាម​ក្តី​ស្រម័យ​របស់​អ្នក​ទេ​? ជាមួយ​បច្ចេកវិទ្យា​ថ្មី​ប្លែក​នេះ អ្នក​ប្រាកដជា​អាច​ធ្វើ​វា​បាន​។​

​ឧបករណ៍​ចាក់​តន្ត្រី​ថ្មី​មួយ ដែល​បាន​ដាក់ឈ្មោះថា babypod  គឺ​ពិតជា​អាចអោយ អ្នក​ចាក់​ភ្លេង​អោយ​ទារក​អ្នក​ស្តាប់ នៅក្នុង​ទ្វារមាស​របស់​អ្នក ដោយ​ធ្វើអោយ​ពួកគេ​មាន​បទពិសោធន៍​ដ៏​រីករាយ​នឹង​ស្រស់ស្រាយ​ទៅតាម​ប្រភេទ​តន្ត្រី​ដែល​អ្នក​ចូលចិត្ត និង​ចង់​អោយ​ពួកគេ​ស្តាប់​។​

Babypod គឺជា​ឧបករណ៍​ថ្មី​មួយ បង្កើតឡើង​ដោយ Institu Marquez ដែល​ជា​មជ្ឈមណ្ឌល​អន្ត​រ​ជាតិ​ឈានមុខ​ខាង​ផ្នែក​សម្ភព​,​រោគ​ស្ត្រី និង​ផ្នែក​បន្ត​ពូជ​នៅ​ក្នុង Barcelona​។ វា​ជា​ឧបករណ៍​តូច​មួយ ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​ទំហំ​មួយ ដែល​សាក​សម​នឹង​ដាក់​ចូល​ទៅក្នុង​ទ្វារមាស ហើយ​អាច​បន្លឺសំលេង អោយលឺ​ពេញ​ខាងក្នុង​ស្បូន​របស់​អ្នក​ទៅ​តាម​ជម្រើស​បទ​ភ្លេង​ដែល​អ្នក​ចង់​បាន​។​

នៅក្នុង​ឆ្នាំ ២០១៤ ពួកគេ​បាន​ធ្វើ​តេស្ត​សាកល្បង​ទៅលើ ស្ត្រី​មាន​ផ្ទៃពោះ​រាប់រយ​នាក់ ដោយ​ធ្វើ​ការប្រៀបធៀប​រវាង​ទារក​នៅ​ក្នុង​ផ្ទៃ ដែល​បាន​ស្តាប់ភ្លេង​នៅ​ខាងក្នុង​ស្បូន​ម្តាយ និង​តាម​ការ​ដាក់​ឧបករណ៍​នៅ​ខាងក្រៅ​ផ្ទៃពោះ​។​

តាម​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​នេះ ទារក​ដែល​មិន​បាន​ស្តាប់ភ្លេង​ពី​ខាងក្នុង​ស្បូន មិន​បាន​បង្កើត​នូវ​ការឆ្លើយតប​ទៅនឹង​សំលេង​ភ្លេង​ដែល​ពួកគេ​បាន​លឺ​នោះទេ​។​ប៉ុន្តែ​ចំពោះ​ទារក ដែល​បាន​ស្តាប់ភ្លេង​ដែល​លេង​ដោយ​ឧបករណ៍​ដាក់​នៅក្នុង​ស្បូន​នេះ គឺ​ត្រូវ​បាន​សង្កេត​ថា ពួកគេ​មាន​ការ​កម្រើក​ច្រើន​ដូចជា​បើក​មាត់ និង​ជញ្ជក់​អណ្តាត​របស់​ពួកគេ​ជាដើម​។ ប្រតិកម្ម​តប​ទាំងនេះ ចាប់ផ្តើម​បន្ត​កើតមាន ទៅ​តាម​ការវិវត្តន៍​នៃ​រយៈពេល​របស់​គភ៌​។ មិន​ត្រឹមត្រូវ​ប៉ុណ្ណោះ ការ​សិក្សា​ក៏​បាន​រកឃើញ​ទៀត​ផង​ដែរ​ថា ទារក​ទាំងនោះ​គឺ​ហាក់​នឹង​កាន់តែ​មាន​សកម្មភាព​នៅ​ពេល​ដែល​សម្លេង​តន្ត្រី​បន្លឺ ហើយ​ពូកគេ​នឹង​ឈប់​លុះត្រាតែ​ភ្លេង​នោះ​ត្រូវ​ឈប់​ផង​ដែរ ។

នេះ​បាន​បញ្ជាក់ថា​ប្រតិកម្ម​តប​របស់​ពួកគេ គឺ​មាន​លក្ខណៈ​ផ្ទាល់ ក្នុង​ការឆ្លើយតប​ទៅនឹង​តន្ត្រី ដែល​បាន​លេង​នៅ​ផ្នែក​ខាងក្នុង​។ បើទោះជា​វា​ស្តាប់​មើលទៅ វា​ហាក់​មាន​ភាពស្មុគស្មាញ ជា​ការពិត​នោះ​គឺ​វា​មាន​ភាពងាយស្រួល​នោះទេ ក្នុង​ការដាក់ និង​ប្រើប្រាស់​ឧបករណ៍​តូច​មួយ​នេះ​។ ជា​ការពិត​ណាស់ ជាមួយនឹង​បច្ចេកវិទ្យា​ទំនើប វា​ចាំបាច់​តម្រូវអោយ​យើង​ប្រើប្រាស់​នូវ​ទូរស័ព្ទ​ស្មា​ត​ស្មូន​។ 
​អ្នក​គ្រាន់តែ​ភ្ជាប់​ឧបករណ៍ babypod នេះ​ទៅ​នឹង​ទូរស័ព្ទដៃ​របស់​អ្នក ហើយ​ដាក់​វា​ចូលទៅ​ក្នុង​ទ្វារមាស​។ វា​ក៏​មាន​កន្លែង​សម្រាប់​ភ្ជាប់​សំលេង​ទៅ​នឹង​ឧបករណ៍​នេះ ក្នុងករណី​ដែល​អ្នក​ចង់​ដាក់​កាស់ ស្តាប់លឺ​ភ្លេង​នេះ​ជាមួយ​ទារក​របស់​អ្នក ដែល​នេះ​ជា​វិធី​មួយ​ក្នុង​ការផ្សារភ្ជាប់​ទំនាក់​ទំនង​អ្នក​ទាំង​ពីរ​ក្នុង​ដំណាក់កាល​ដំបូង​។ ដើម្បី​សម្អាត​ឧបករណ៍​នេះ អ្នក​គ្រាន់តែ​ប្រើ​ទឹកសាប៊ូ​កម្រិត​ស្រាល​លាង​វា​ជាមួយនឹង​ទឹកស្អាត បន្ទាប់ពី​ប្រើ​វា​រួច​ម្តងៗ​។ អ្នក​គ្រាន់តែ​ចំណាយលុយ ត្រឹមតែ ១៣២​ដុល្លា ឬ​តិច​ជាង​នេះ អ្នក​នឹង​អាច​ទទួលបាន​នូវ​ឧបករណ៍​ថ្មី​ដ៏​មាន​ប្រយោជន៍​នេះ ក្នុង​ការផ្តល់​នូវ​ការកំសាន្ត និង​បំបាត់​ភាព​អផ្សុក​របស់​ទារក​តូច​នៅក្នុង​ផ្ទៃ​របស់​អ្នក ៕

ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី06  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។