រដ្ឋាភិបាលសម្រេចលុបចោលប័ណ្ណបើកបរម៉ូតូ

រដ្ឋាភិបាលបានចេញសេចក្ដីសម្រេច លុបចោលប័ណ្ណបើកបរប្រភេទក១ សម្រាប់អ្នកបើកបរទោចក្រយានយន្តដែលមានកម្លាំងចាប់ពី១២៥ CC ចុះក្រោមមិនចាំបាច់មាន​ប័ណ្ណបើក​បរទៀ​តទេ។ នេះបើតាមសេចក្ដីសម្រេចចុះនៅថ្ងៃទី៦ មករានេះ។

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ទៀតថា ប្រជាពលរដ្ឋដែលបើកបរម៉ូតូមានកម្លាំងចាប់ពី 125 CC ចុះក្រោម គឺមិនចាំបាច់បង់លុយថ្លៃធ្វើប័ណ្ណបើកបរ និងមិនចាំបាច់មាន​ប័ណ្ណបើក​បរឡើយ។ នាយករដ្ឋមន្រ្តី បន្ថែមថា រដ្ឋាភិបាលនឹងស្នើទៅអង្គការនីតិបញ្ញត្តិ ដើម្បីធ្វើវិសោធន:កម្មលើបទបញ្ញត្តិច្បាប់ ដែលមានការពាក់ព័ន្ឋក្នុងពេលឆាប់ៗខាងមុខនេះ។ សម្ដេច ហ៊ុន សែន សង្ឃឹមថា ការលុបចោលប័ណ្ណបើកបរធុនតូចនេះ គឺជាការចូលរួមកាត់បន្ថយនូវការចំណាយ និងការលំបាកទាំងឡាយរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។

តែយ៉ាងណាប្រមុខរដ្ឋាភិបាល ក៏អំពាវនាវឲ្យប្រជាពលរដ្ឋត្រូវតែរៀនច្បាប់ចរាចរណ៍ និងបើកបរត្រូវតែគោរពច្បាប់គ្រប់ៗគ្នា។

នាយករដ្ឋមន្រ្តី បានសរសេរលើហ្វេសប៊ុករបស់ខ្លួនបន្ថែមយ៉ាងដូច្នេះថា៖«ក្រោយពីបានតាមដានស្តាប់នូវមតិយោបល់ សំណូមពរ និងសំណើរបស់បងប្អូនជនរួមជាតិ ជាពិសេស យុវ​ជ​ន​និងសិស្សានុសិស្សទាក់ទងនិងតម្លៃនៃការធ្វើប័ណ្ណបើកបរម៉ូតូ ហើយក្រោយពីខ្ញុំបានពិភាក្សាជាមួយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន គឺខ្ញុំបានសម្រេចបញ្ឈប់អោយបង់ថ្លៃទាំងស្រុងក្នុងការធ្វើប័ណ្ណបើកបរចំពោះម៉ូតូចាប់ពីកម្លាំង 125 CC ចុះក្រោម ចាប់ពីពេលនេះតទៅ»។