​សហគមន៍​អន្តជាតិ​អាចដាក់​ទណ្ឌកម្ម​ថ្មី​ស្វាគមន៍​ថ្ងៃកំណើត​គីម ជុង​អ៊ុន​

​ក្រោយ​ក្រុង​ព្យុងយ៉ាង​ប្រកាស​ពី​ជោគជ័យ​ក្នុង​ការបាញ់​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន បណ្តា​រដ្ឋ​ជិតខាង​និង​សហគមន៍​អន្តរជាតិ​ចាប់ផ្តើម​ថ្កោលទោស​សកម្មភាព​នេះ​។ កូរ៉េខាងត្បូង​បាន​កោះប្រជុំ​សន្តិសុខ​បន្ទាន់ ហើយ​ស្នើ​ឲ្យ​មានការ​ដាក់ទណ្ឌកម្ម​ថ្មី​ប្រឆាំង​ទង្វើ​គឃ្លើន​របស់​កូរ៉េខាងជើង​។​ចំណែក​ជប៉ុន​ថ្កោលទោស​កូរ៉េខាងជើង​ខ្លាំងៗ ដោយ​ចោទថា​កូរ៉េខាងជើង​រំលោភ​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ​។ គេ​រំពឹងថា ទណ្ឌកម្ម​ជាច្រើន​អាច​នឹង​ត្រូវគេ​ដាក់ចេញ​ដោយ​សហគមន៍​ដើម្បី​ឆ្លើយតប​កូរ៉េខាងជើង​ផងដែរ​។ ចិន​ឯណោះ​វិញ​ក៏​ឈឺក្បាល​ដែរ ព្រោះ​ការបាញ់​នេះ​ក៏​គ្មាន​ផ្តល់ដំណឹង​ដល់​ចិន​ជាមុន​ដែរ​។

​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖


​កូរ៉េខាងជើង​បានប្រកាស​ថា ខ្លួន​បានសម្រេច​បាញ់​សាកល្បង​គ្រាប់បែក​អ៊ី​ដ្រួ​សែន នៅ​ថ្ងៃ​ពុធ​ទី ៦ ខែមករា​នេះ ហើយ​វា​ជា​ជោគជ័យ​ធំធេង​មួយ​សម្រេច​រដ្ឋ​ឯកោ​មួយ​នេះ​។​ដំបូង​ឡើយ គេ​គ្រាន់តែ​ដាក់​ការសង្ស័យ​ប៉ុណ្ណោះ​ថា​កូរ៉េខាងជើង​អាច​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ ព្រោះ​គេ​ចាប់បាន​សញ្ញា​រលក​រញ្ជួយ​ខ្លាំង​នៅ​តំបន់​ដែល​កូរ៉េខាងជើង​តែង​បាញ់​សាកល្បង​អាវុធ​នុយ​ក្ល​អ៊ែរ​។  ការបាញ់​សាកល្បង​អាវុធ​ប្រល័យ​លោក​នេះ​ជាការ​បាញ់​សាកល្បង​លើក​ទី​៤​ហើយ​រាប់​ចាប់ពី​ឆ្នាំ​២០០៣ មក​ពោលគឺ​ចាប់តាំងពី​ប្រទេស​នេះ​បាញ់​អាវុធ​នុយក្លេអ៊ែរ​លើកដំបូង​។

​បើតាម​ប្រភព​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង ការបាញ់​អាវុធ​ជោគជ័យ ត្រូវ​រៀប​ឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​ថ្ងៃ​ខួបកំណើត​ប្រមុខរដ្ឋ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន តែ​សកម្មភាព​គឃ្លើន​របស់​កូរ៉េខាងជើង​នេះ​កំពុង​ធ្វើ​ឲ្យ​ប្រទេសជិតខាង​ស្លន់ស្លោរ និង​ភ្ងា​ក់​ផ្អើល​ខ្លាំង​ដែរ​។ ប្រធានាធិបតី​កូរ៉េខាងត្បូង​លោកស្រី ប៉ាក ហ្គឺ​ន​ហេ កោះប្រជុំ​សន្តិសុខ​បន្ទាន់​ភ្លាម​នៅ​ល្ងាច​ថ្ងៃ​ពុធ​នេះ​ដើម្បី​រក​វិធានការ​ឆ្លើយតប​ទង្វើ​ក្រុង​ព្យុងយ៉ាង​។ ហើយ​យោធា​កូរ៉េ​ត្រូវ​រដ្ឋាភិបាល​ដាក់​ស្ថិតក្នុង​ស្ថានភាព​ប្រុង​យ៉ាង​ជើងការ​ខ្ពស់​ដោយ​សហការ​ជាមួយ​ទ័ព​អាមេរិក​ផង​។ 

​យោងតាម​ស្ថានភាព​ជាក់ស្តែង គោលបំណង​របស់​កូរ៉េខាងជើង គឺ​ដើម្បី​បំភ័យ​ប្រទេស​លោកខាងលិច​ជាពិសេស​អាមេរិក​ដែល​កន្លងមក ប្រទេស​នេះ​តែងតែ​មើលស្រាល​ថា​កូរ៉េខាងជើង​គ្មាន​សមត្ថភាព​ផលិត​គ្រាប់បែក​អ៊ីដ្រូសែន​នេះ​ទេ​។ តាមពិតទៅ​គេ​មិន​ស្មានថា ក្រុង​ព្យុងយ៉ាង​អាចមាន​លទ្ធភាព​ផលិត​អាវុធ​បែបនេះ​ឡើយ ព្រោះ​វា​ត្រូវការ​បច្ចេកវិទ្យា​ខ្ពស់​និង​ចំណាយ​ច្រើន​ថែមទៀត ហើយ​គ្រាប់បែក​ដែល​រួមបញ្ចូល​អាតូម​អ៊ីដ្រូសែន​នេះ​មាន​អនុភាព​ខ្លាំង​ជាង​គ្រាប់​អា​តូ​មិ​ក​ដែល​អាមេរិក​ទម្លាក់​នៅ​ហ៊ី​រ៉ូ​ស៊ី​ម៉ា​រាប់រយ​ដង​ឯណោះ​។ បើតាម​របាយការណ៍រ​បស់​អ្នក​អង្កេត​អាវុធ​របស់​អង្គការសហប្រជាជាតិ​ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន CNN កាលពី​ឆ្នាំមុន កូរ៉េខាងជើង​អាចមាន​កាំជ្រួច​នុយក្លេអ៊ែរ​ចន្លោះ​ពី​១០ ទៅ​១៥​គ្រាប់ ហើយ​គេ​រំពឹងថា​ចំនួន​នេះ​នឹង​កើនឡើង​រាល់​ឆ្នាំ​ផងដែរ​។​

១.​ទណ្ឌកម្ម​ថ្មី​អាច​នឹង​ដាក់ចេញ ស្វាគមន៍​ខួបកំណើត​គីម​ជុង​អ៊ុន​
 ក្រោយ​កូរ៉េខាងជើង​បាញ់​សាកល្បង​នុយក្លេអ៊ែរ​បង្អើល​សហគម​ន៍​អន្តរជាតិ គេ​ឃើញ​មានប្រតិកម្ម​ខ្លាំងៗ​ក្នុង​តំបន់ ដោយ​ជប៉ុន​ក៏​កោះប្រជុំ​សន្តិសុខ​បន្ទាន់ និង​ចេញ​លិខិត​ថ្កោលទោស​សកម្មភាព​គំរាមកំហែង​សន្តិសុខ​របស់​ក្រុង​ព្យុងយ៉ាង​ដែរ​។​ក្រុង​តូ​ក្យូ​ហៅ​ការ​សកម្មភាព​កូរ៉េខាងជើង​ថា​ជាការ​គំរាមកំហែង​ខ្លាំង​ដល់​សន្តិសុខ​តំបន់​។ កាល​ឆ្នាំ​កន្លងទៅ​ជប៉ុន​បាន​ព្រមព្រៀង​ដក​ទណ្ឌកម្ម​ខ្លះ​ប្រឆាំង​កូរ៉េខាងជើង ក្រោយ​ភាគី​ទាំងពីរ​ឯកភាព​លើ​កិច្ចព្រមព្រៀង​ស៊ើបអង្កេត​ករណី​ចាប់ខ្លួន​ជនជាតិ​ជប៉ុន​កាល​៤​ទសវត្សរ៍​មុន​។ តែ​ជប៉ុន​ប្រហែលជា​នឹងដាក់​ទណ្ឌកម្ម​ថ្មី​សង្កត់ក​កូរ៉េខាងជើង​វិញទៀត​។  ចំណែក​ក្រុង​សេ​អ៊ូ​ល បានស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ​ដាក់ទណ្ឌកម្ម​កូរ៉េខាងជើង ព្រោះ​ការបាញ់​សាកល្បង​អាវុធ​នេះ​រំលោភ​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ​កន្លងមក​។ 

​សហរដ្ឋអាមេរិក​មិនទាន់​ជឿជាក់ថា ក្រុង​ព្យុងយ៉ាង​សម្រេច​បាញ់​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន​ឡើយ​តែ​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា សន្យាថា​នឹង​ប្រើប្រាស់​វិធានការ​សមស្រប​ដើម្បី​តប​រាល់​ការបង្ក​រឿង​របស់​កូរ៉េខាងជើង​។ ពាក់ព័ន្ធ​បញ្ហា​ឧបទ្វីប​កូរ៉េ ទីស្នាក់ការ​កណ្តាល​អង្គ​ការ​សហប្រជាជាតិ​ក៏បាន​បញ្ជាក់ថា អាមេរិក​និង​ជប៉ុន​សហការគ្នា​ស្នើ​កិច្ចប្រជុំ​បន្ទាន់​នៅ​ក្រុមប្រឹក្សាសន្តិសុខ​នៅ​ថ្ងៃ​ពុធ​នេះ​ដើម្បី​រក​ដំណោះ​តប​កូរ៉េខាងជើង​។ ទណ្ឌកម្ម​ថ្មី​អាច​នឹងត្រូវ​ដាក់ចេញ​ក្រោយ​កិច្ចប្រជុំ ប៉ុន្តែ​គេ​មិនដឹងថា​តើ​ក្រុង​ប៉េកាំង​នឹង​ផ្តល់​ការការពារ​ផ្នែក​ការទូត​ដល់​ក្រុង​ព្យុងយ៉ាង​ទៀត​ឬ​អត់​ឡើយ​។ 

២.​សូម្បីតែ​ចិន​ក៏​ក្រពុលមុខ​ព្រោះ​កូរ៉េខាងជើង​
​ការបាញ់​សាកល្បង​នុយក្លេអ៊ែរ​លើក​នេះ កូរ៉េខាងជើង​មិន​ផ្តល់ដំណឹង​ជាមុន​ដល់​បងធំ​ចិន​ឡើយ​។ អាច​ថា​វា​ធ្វើ​ឲ្យ​ចិន​ឈឺក្បាល ច្រើនជាង​រីករាយ ព្រោះ​ថ្វី​ត្បិត​ថា កូរ៉េខាងជើង​ជា​សម្ព័ន្ធមិត្ត​ចិន​ក៏ពិតមែន តែ​កូរ៉េខាងជើង​បន្ត​បង្ករឿង​ក្នុង​តំបន់​មិនចេះចប់​។  អាច​ថា​មិនមែន​ចម្លែក ព្រោះ​ទំនាក់ទំនង​ទំនង​ចិន​និង​កូរ៉េខាងជើង​ធ្លាកចុះ​តាំងពី​លោក គីម​ជុង​អ៊ុន ឡើងកាន់តំណែង និង​មានការ​ផ្លាស់ប្តូរ​សមាស​ភាព​ដឹកនាំ​រដ្ឋាភិបាល​ចិន​។ ចំណែក កូរ៉េខាងជើង​ហាក់​មិនសូវ​ស្តាប់បង្គាប់​មហា​យក្ស​ចិន​ដូច​មុន​ទេ ហើយ​រយៈ​ចុងក្រោយ​រដ្ឋាភិបាល​លោក គីម ជុង​អ៊ុន មាន​ទំនោរ​ទៅរក​រុស្ស៊ី​ខ្លាំង​ទៀត​។ ចិន​ឯណោះ​វិញ ងាក​ព្យាយាម ពង្រឹង​ទំនាក់ទំនង​ជាមួយ​ក្រុង​សេ​អ៊ូ​ល ហើយ​មិនសូវ​ខ្វល់ខ្វាយ​ជាមួយ​កូរ៉េខាងជើង​។ នេះ​ក៏ដោយ​សារ សម្ព័ន្ធភាព​ជិតស្និទ្ធរ​វាង​ចិន​និង​កូរ៉េខាងត្បូង​ជួយ​ឲ្យ​ចិន​កាត់បន្ថយ​ឥទ្ធិពល​អាមេរិក​។ តែបើ​កូរ៉េខាងជើង​បន្ត​បង្ករឿង វា​ប្រាកដ​ណាស់​ថា អាមេរិក​ក៏មាន​លេស​បង្កើន​វត្តមាន​ទ័ព​ឬ​ពង្រឹង​អំណាច​យោធា​ខ្លួន​និង​ជួយ​ឲ្យ​សម្ព័ន្ធមិត្ត​ពង្រឹងកម្លាំង​យោធា​របស់​ខ្លួន​នៅក្នុង​តំបន់​ផង​៕