កូរ៉េខាង​ជើង​ប្រកាសបាញ់​​សាកល្បង​នុយក្លេអ៊ែរ​ដោយ​ជោគជ័យ

អ្វី​ដែល​អគ្គមគ្គុទេសក៍​កូរ៉េខាងជើង​បាន​ធ្លាប់​ព្រលយ​កាលពី​ខែ​ធ្នូ បានក្លាយ​ជា​សកម្មភាព​ជាក់​ស្តែង​ហើយ ! របប​ព្យុងយ៉ាង​បានបាញ់​សាកល្បង​ប្រកប​ដោយ​ជោគ​ជ័យ ជា​លើក​ទី​មួយ​ ​គ្រាប់​បែក​អ៊ីដ្រូសែន។ ប្រសិន​បើ​ជា​ព័ត៌មាន​ពិត នោះ​មាន​ន័យ​ថា​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​បាន​ ​អភិវឌ្ឍន៍​ខ្លាំង​​ឆ្លងដំណាក់​កាលដ៏​សំខាន់​មួយ។ សហគមន៍​អន្តរជាតិ ទាំង​មូល ​ផ្តើម​ដោយ​កូរ៉េខាង​ត្បូង​និង​ជប៉ុន នាំ​គ្នា​ថ្កោល​ទោស​ព្យុងយ៉ាង​​ដោយ​គ្មាន​បង្អង់​មួយ​នាទី។ សហរដ្ឋ​អាមេរិក​សន្យា​ដាក់​ទណ្ឌកម្ម​ឱ្យ​សម​នឹង​ទង្វើ។ សូម្បី​តែ​ចិន សម្ព័ន្ធ​មិត្តចាក់​ទឹក​មិនលេច​របស់​កូរ៉េខាង​ជើង បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ផ្លូវការ​ប្រឆាំង​ដាច់​ខាត​នឹង​ការ​សាកល្បង​នេះ។ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ នឹង​បើក​ប្រជុំ​បន្ទាន់​នៅ​ថ្ងៃ​ពុធ​នេះ។