សង្គម​ស៊ីវិល​ថា​អាជ្ញាធរ​អនុវត្ត​វិធានការ​លើ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​មិន​មាន​ប្រសិទ្ធភាព

បញ្ហា​លំហូរ​ចូល​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់ ជាពិសេស​ជនជាតិ​វៀតណាម ក្នុង​ប្រទេស​កម្ពុជា នៅ​តែ​ជា​បញ្ហា​សម្រាប់​ប្រទេស​កម្ពុជា។ មន្ត្រី​សង្គម​ស៊ីវិល​លើក​ឡើង​ថា អាជ្ញាធរ​បាន​ត្រឹម​តែ​និយាយ​ថា ពង្រឹង​វិធានការ​ដោះស្រាយ តែ​ការ​អនុវត្ត​ជាក់ស្តែង​ហាក់​នៅ​ទន់​ខ្សោយ។ ការ​លើក​ឡើ​នេះ នៅ​បន្ទាប់​ពី​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ព្រមាន​ដក​តំណែង​មន្ត្រី​នគរបាល​ច្រក​ទ្វារ​ព្រំដែន​ណា ដែល​បន្ត​អនុញ្ញាត​ឲ្យ​ជន​បរទេស​ចូល​កម្ពុជា ដោយ​ខុស​ច្បាប់។

អង្គការ​សង្គម​ស៊ីវិល​មើល​ឃើញ​ថា រឿងរ៉ាវ​ព្យាយាម​បោស​សម្អាត​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់ ជាពិសេស​ជនជាតិ​វៀតណាម នៅ​ក្នុង​ប្រទេស​កម្ពុជា ហាក់​ដូចជា​បាច​អង្កាម​បញ្ច្រាស​ខ្យល់ គឺ​ជា​លទ្ធផល​មិន​មាន​ប្រសិទ្ធភាព។

សមាជិក​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា លោក ទិប ទាវ ពន្យល់​ថា ជាទូទៅ ការ​ប្ដេជ្ញា​របស់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ គឺ​មាន​តែ​លើ​បបូរ​មាត់ ប៉ុន្តែ​ការ​អនុវត្ត​វិធានការ​ជាក់ស្តែង​វិញ ហាក់​មិន​សូវ​មាន​ប្រសិទ្ធភាព​ឡើយ៖ «វា​អត់​ដែល​ឃើញ​មាន​ប្រសិទ្ធភាព​នូវ​រាល់​បទបញ្ញត្តិ ឬ​ក៏​ការ​បញ្ជា​ទាំងឡាយ​ទៅ​ថ្នាក់​មូលដ្ឋាន ឬ​ពី​អាជ្ញាធរ​មូលដ្ឋាន​ទៅ​ថ្នាក់​ជាតិ គឺ​វា​អត់​មាន​ប្រសិទ្ធភាព​ទៅ​វិញ​ទៅ​មក»

ការ​លើក​ឡើង​នេះ នៅ​បន្ទាប់​ពី​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ លោក សុខ ផល បាន​ធ្វើ​បទ​បង្ហាញ​ចែក​រំលែក​បទពិសោធន៍​ស្ដីពី​ការងារ​អន្តោប្រវេសន៍ ដល់​សិក្ខាកាម និង​មន្ត្រី​នគរបាល​នានា​នៅ​បណ្ឌិតសភា​នគរបាល​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៥ ខែ​មករា ដោយ​ព្រមាន​ថា នឹង​ដក​តំណែង​មន្ត្រី​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ និង​មន្ត្រី​អសកម្ម​ណា ដែល​នៅ​តែ​បន្ត​អនុញ្ញាត​ឲ្យ​ជន​បរទេស​ឆ្លង​ដែន​ចូល​ក្នុង​ប្រទេស​កម្ពុជា ដោយ​គ្មាន​ឯកសារ​ត្រឹមត្រូវ។ សមាជិក​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ចាត់​ទុក​ការ​លើក​ឡើង​នេះ ថា​គ្រាន់​តែ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​សប្បាយ​ចិត្ត​ប៉ុណ្ណោះ។

ចំពោះ​ចំនួន​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ប្រមាណ ៤​ពាន់​នាក់ ភាគ​ច្រើន​ជា​ជនជាតិ​វៀតណាម ដែល​រដ្ឋាភិបាល​ចាប់​បញ្ជូន​ចេញ​ពី​កម្ពុជា ក្នុង​ឆ្នាំ​២០១៥ នោះ លោក ទិប ទាវ លើក​ឡើង​ថា ហាក់​មិន​ទាន់​សមស្រប​ជាមួយ​ចំនួន​ជន​អន្តោប្រវេសន៍​វៀតណាម ខុស​ច្បាប់ ​ដែល​បាន​មក​រស់នៅ​កម្ពុជា តាំង​ពី​យូរ​លុង​មក​ហើយ​ទេ។

លោក​បន្ថែម​ថា ដើម្បី​ចូលរួម​បោស​សម្អាត​ជន​អន្តោប្រវេសន៍​វៀតណាម ឲ្យ​មាន​ប្រសិទ្ធភាព​នោះ គឺ​រដ្ឋាភិបាល​គួរ​តែ​ផ្តល់​សិទ្ធិ​អំណាច​ដល់​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ស្រង់​ស្ថិតិ និង​បញ្ជូន​ជនជាតិ​វៀតណាម ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍៖ «វា​ជា​ការ​ដែល​ធ្វើ​រឿង​អន្តោប្រវេសន៍​តែ​នៅ​លើ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ គឺ​យើង​គួរ​ផ្តល់​សិទ្ធិ​អំណាច​ដល់​អាជ្ញាធរ​មូលដ្ឋាន ព្រោះ​ថា អាជ្ញាធរ​មូលដ្ឋាន​គាត់​ដឹង​ថា ជនជាតិ​វៀតណាម នៅ​ភូមិ-ឃុំ​របស់​គាត់​ចំនួន​ប៉ុន្មាន​នាក់»

ទាក់ទិន​បញ្ហា​នេះ​ដែរ មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​ស្វាយរៀង លោក នុត បូពិណ្ណារ័ត្ន លើក​ឡើង​ថា ថ្វី​ត្បិត​អាជ្ញាធរ​កម្ពុជា អះអាង​ថា រឹត​បន្តឹង​សន្តិសុខ និង​ទប់ស្កាត់​ជន​បរទេស​លួច​ឆ្លង​ដែន​មក​កម្ពុជា ខុស​ច្បាប់​យ៉ាង​ណា​ក៏ដោយ ប៉ុន្តែ​រឿង​ជន​អន្តោប្រវេសន៍​វៀតណាម នៅ​កម្ពុជា ហាក់​ដូចជា​រឿង​វែក​ចក។ លោក​ថា សព្វថ្ងៃ​នេះ នៅ​ច្រក​ព្រំដែន​អន្តរជាតិ និង​ច្រក​របៀង​ផ្សេងៗ​ក្នុង​ខេត្ត​ស្វាយរៀង ជនជាតិ​វៀតណាម នៅ​តែ​ចេញ​ចូល​ទឹក​ដី​កម្ពុជា ដោយ​សេរី មាន​ទាំង​ម៉ូតូ​ឡាន​មក​ជាមួយ​ទៀត​ផង។ បញ្ហា​ទាំង​នេះ បណ្ដាល​មក​ពី​អំពើ​ពុក​រលួយ​នៅ​តាម​ច្រក​ទ្វារ​ព្រំដែន និង​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​របស់​កម្ពុជា នៅ​ទន់​ខ្សោយ ដែល​ខុស​ឆ្ងាយ​ពី​ប្រទេស​ដទៃ៖ «យើង​សង្កេត​មើល​ឃើញ​ថា នៅ​ក្រុង​ស្វាយរៀង នៅ​មាន​ប្រជាពលរដ្ឋ​វៀតណាម ជិះ​ម៉ូត​ឡាន​វៀតណាម ស្លាក​លេខ​វៀតណាម មក​ដល់​វៀតណាម ហើយ​ព្រឹក​មិញ​ក៏​មាន​ដែរ។ ពួក​គេ​មក​ដើរ​លក់​ឆ្នោត​លក់​ត្រី លក់​ផ្លែ​ឈើ​ជា​ធម្មតា បើ​ទោះ​ជា​យើង​ព្រមាន​រឹត​បន្តឹង​ព្រំដែន​ក្តី»

រហូត​មក​ទល់​ពេល​នេះ រដ្ឋាភិបាល​មិន​ដែល​បាន​បញ្ចេញ​តួលេខ​ពិត​ប្រាកដ​របស់​ជនជាតិ​វៀតណាម ដែល​កំពុង​រស់នៅ​លើ​ទឹក​ដី​ប្រទេស​កម្ពុជា ឡើយ។

អ្នក​វិភាគ​នយោបាយ​អះអាង​ថា ជន​អន្តោប្រវេសន៍​វៀតណាម មួយ​ចំនួន បាន​ប្ដូរ​ផ្តាច់​មក​រស់នៅ​កម្ពុជា ដោយសារ​កត្តា​សេដ្ឋកិច្ច និង​ខ្លះ​ទៀត​ដោយសារ​ហេតុ​ផល​នយោបាយ។

ក្រុម​សង្គម​ស៊ីវិល​កត់​សម្គាល់​ថា ការ​ដែល​អនុញ្ញាត​ឲ្យ​ជនជាតិ​វៀតណាម ចេញ​ចូល​ទឹក​ដី​កម្ពុជា ដោយ​ខុស​ច្បាប់​នេះ បង្ក​ឲ្យ​មាន​អសន្តិសុខ និង​អស្ថិរភាព​សង្គម។ ពួក​គេ​អំពាវនាវ​ឲ្យ​អាជ្ញាធរ ពង្រឹង​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព កុំ​ឲ្យ​ការ​ប្ដេជ្ញា​ទាំងឡាយ​មាន​តែ​នៅ​លើ​បបូរ​មាត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។