​ត្រូវ​ទៅ​ជួប​នឹង​គ្រូពេទ្យ​ជាបន្ទាន់​ប្រសិនបើ​សត្វ​នេះ​បាន​ខាំ​អ្នក​!

​ត្រូវ​ទៅ​ជួប​នឹង​គ្រូពេទ្យ​ជាបន្ទាន់​ប្រសិនបើ​សត្វ​នេះ​បាន​ខាំ​អ្នក​!

​សេចក្តី​ព្រមាន​មួយ​បាន​ចេញផ្សាយ ដោយ​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​ស្តីពី​គ្រោះថ្នាក់ ដ៏​គួរអោយខ្លាច​មួយ បង្ក​ដោយ​សត្វល្អិត​មួយ​ប្រភេទ​ដែល​មានឈ្មោះ​ថា triatomine ឬ​វា​ត្រូវបាន​គេ​ស្គាល់​ថា kissing bug​។ យោង​តាម​ការរកឃើញ​របស់​មជ្ឈមណ្ឌល​នេះ ក៏​បាន​បញ្ជាក់​ផង​ដែរ វា​ថែមទាំង​អាច​សម្លាប់​មនុស្ស​បាន​ទៀតផង​។​

​សត្វល្អិត​មួយ​នេះ អាច​មើល​ទៅ​ហាក់​នឹង​មិន​បង្ក​គ្រោះ​ថា្នក់​អ្វី ប៉ុន្តែ​ជា​ការពិត​វា​អាច​ចម្លង​នូវ ប្រភេទ​ប៉ា​រ៉ា​សិត​ម្យ៉ាង​ឈ្មោះថា Trypanosoma cruzi ដែល​អាច​ធ្វើអោយ​មនុស្ស​ស្លាប់​បាន នៅពេល​ដែល​វា​បាន​ចូល​ក្នុង​រាងកាយ​។ ប្រភេទ​ប៉ា​រ៉ា​សិត​នេះ អាច​បង្ក​ជា​ជំងឺ​Chagas ដែល​បាន​ចម្លង​ដល់​មនុស្ស​ជាង ៨​លាន​នាក់​ទូទាំង​ពិភពលោក​។ ដូច​ក្នុង​រូបភាព​ខាងលើនេះ វា​គឺជា​ប្រភេទ​មួយ​នៃ​ពពួក​សត្វល្អិត kissing bug​។​

​ការ​កើត​មាន​នៅក្នុង​ប្រទេស​អាមេរិក​ឡាទីន ជំងឺ chagas អាច​បណ្តាល​អោយ​មាន​បញ្ហា​បេះដូង និង​ថែម​ទាំង​អាច ធ្វើអោយ​មនុស្ស​ស្លាប់​បាន​ទៀត​ផង​។ រោគសញ្ញា​របស់​វា ចាប់ផ្តើម​ក្នុង​រយៈពេល​២​ខែ បន្ទាប់ពី​មាន​ការបង្ក​រោគ រួម​មាន​គ្រុនក្តៅ​, ឈឺក្បាល​, ការ​រីក​ធំ​នៃ​ក្រពេញ​ទឹក​រងៃ​, ឈឺ​សាច់ដុំ និង​ពិបាក​ដកដង្ហើម​។ នៅពេល​ដែល​រោគសញ្ញា​ទាំងនេះ​ប្រមូលផ្តុំ វា​ហាក់​មាន​ភាពស្រដៀងគ្នា​ទៅ​នឹង​ជំងឺ​គ្រុនផ្តាសាយ ដែល​ពេល​ខ្លះ​យើង​ពិបាក​នឹង​ធ្វើការ​កំណត់​បាន​។​

នៅពេល​ដែល​រោគសញ្ញា ចាប់ផ្តើម​វិវត្ត អ្នកជំងឺ​ដែល​បាន​ឆ្លង​រោគ​នេះ អាច​ចាប់​កើត​មាន​ដំបៅ​លើ​ស្បែក ឬ​ភ្នែក​ហើម​ពណ៌​ស្វាយ​នៅលើ​ត្របកភ្នែក​ម្ខាង ។​
​ជំងឺ Chagas នេះ​មាន​ការវិវត្ត​ពីរ​ដំណាក់កាល​។ ដំណាក់កាល​ទី​១​គឺមាន ចេញ​រោគសញ្ញា​តិចជាង​ដំណាក់កាល​ទី​២ ដែល​ភាគច្រើន​ធ្វើអោយ​យើង​យល់ច្រលំ​ថា​វា​គ្រាន់តែ​ជា ជំងឺ​គ្រុនផ្តាសាយ​ធម្មតា​ប៉ុណ្ណោះ​។​

១០​ភាគរយ​នៃ​អ្នកជំងឺ​ដែល​ឆ្លង​វា គឺ​មាន​បញ្ហា​ជាមួយនឹង​ការរំលាយ​អាហារ ហើយ​៣០​ភាគរយ​ទៀត មាន​បញ្ហា​បេះដូង​នៅពេល​ដំណាក់កាល​ទី​២​ចាប់​កើតមាន​។​

យើង​មិន​ទាន់​មាន​នូវ​វ៉ាក់សាំង​ការពារ​ជំងឺ​នេះ​នៅឡើយ​ទេ តែ​ទោះជា​យ៉ាងណា ជំងឺ​Chagas នេះ​អាច​ព្យាបាល​ជា​។ ប្រសិនបើ​អ្នក​ឆាប់​ព្យាបាល​វា​នៅក្នុង​ដំណាក់កាល​ដំបូង ប្រសិទ្ធភាព​របស់​វា​គឺ​មាន​ដល់​ទៅ​១០០​ភាគរយ​។​

​ដើម្បី​បង្កើន​នូវ​វិធានការណ៍​ការពារ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ណែនាំ​អោយ​ប្រជាជន​ប្រើ​ថ្នាំ​បាញ់​កំចាត់​សត្វល្អិត និង​រក្សា​អនាម័យ​នៅក្នុង​ផ្ទះ​អោយបាន​ស្អាត​ល្អ ជាពិសេស​នៅ​ជិត​ម្ហូបអាហារ​ដែល​ត្រូវ​បរិភោគ​៕

ប្រែ​សម្រូល​ដោយ​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី06  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។