គ​.​ជ​.​ប ប្រកាស​​បញ្ជី​ឈ្មោះ​បឋម​អគ្គលេខាធិការ​៣​នាក់ និង​អគ្គលេខាធិការ​រង​១២​នាក់ តែ​ជ្រើសរើស​យក​៥​នាក់

រាជធានី​ភ្នំពេញ ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) បាន​អះអាង​ថា នៅ​ថ្ងៃ​ទី​០៦ ខែមករា ឆ្នាំ​២០១៦​នេះ គ​.​ជ​.​ប ប្រកាស​នូវ​បញ្ជី​ឈ្មោះ​បេក្ខជន​ជាប់​បឋម​សម្រាប់​មុខ​តំណែង​ជា​អគ្គលេខាធិការ គ​.​ជ​.​ប មាន​៣​នាក់ និង​អគ្គលេខាធិការ​រង​ចំនួន​១២​នាក់ តែ គ​.​ជ​.​ប ត្រូវការ​បុគ្គលិក​សរុប​តែ​៥​នាក់​ប៉ុណ្ណោះ ដែល​នឹង​ត្រូវ​ជ្រើសរើស​ចេញពី​ចំនួន​១៥​នាក់​នេះ ។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ​.​ជ​.​ប បាន​ថ្លែងប្រាប់​«​កោះសន្តិភាព​»​តាម​ទូរស័ព្ទ​ថា បេក្ខជន​ទាំង​១៥​នាក់​នេះ​នៅ​មិន​ទាន់​ជា​បុគ្គលិក​នៅឡើយ​ទេ ព្រោះ​បេក្ខជន​ដែល​នឹង​ត្រូវ​ជ្រើសរើស​យក​តែ​៥​នាក់​ប៉ុណ្ណោះ ។ លោក​បាន​អះអាង​ថា មាន​តែ​បេក្ខជន​៥​នាក់​ទេ​ដែល គ​.​ជ​.​ប នឹង​សម្រេច​ជ្រើសរើស​ជា​មន្ត្រី​អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង នៅ​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០១៦ ខាង​មុខ​នេះ ។

លោក ហង្ស ពុទ្ធា បាន​អះអាង​ទៀត​ថា គ​.​ជ​.​ប នឹង​ជ្រើសរើស​យក​បេក្ខជន​ណា​ដែល​មាន​សមត្ថ​ភាពល្អ និង​អាច​ធ្វើ​ការងារ​ជាមួយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន ៕