សាក្សី រៀបរាប់ពីជនជាតិវៀតណាម នៅខេត្តព្រៃវែង ដែលត្រូវចាប់ខ្លួនយកទៅសម្លាប់

ភ្នំពេញ:

សាក្សី ថេង ផល បានថ្លែងប្រាប់អង្គជំនុំជម្រះសាលាដំបូងនៅថ្ងៃទី៦ ខែមករា ឆ្នាំ ២០១៦ ថាខ្មែរក្រហមបានដើរតាមផ្ទះ និងធ្វើការចាប់ខ្លួនជនជាតិវៀតណាមនៅក្នុងភូមិរបស់ក្នុងខេត្តព្រៃវែងយកទៅសម្លាប់ចោល។ គ្រួសារដែលមាន ជាប់សែស្រឡាយវៀតណាម (ប្តីឬប្រពន្ធជាជនជាតិវៀតណាម) ចំនួនបីគ្រួសារត្រូវបានគេចាប់ខ្លួន ដោយ បន្សល់តែសមាជិកគ្រួសារជាជនជាតិខ្មែរតែប៉ុណ្ណោះចំណែកកូនៗដែលមានឈាមជ័រជាជនជាតិវៀតណាម ក៏ត្រូវបានចាប់ខ្លួន ទៅជាមួយម្តាយពួកគេ។ សាក្សីថេង ផល គឺជាសាក្សីម្នាក់ក្នុងចំណោមសាក្សី និងដើមបណ្តឹង រដ្ឋប្បវេណីចំនួន ១០ រូបដែលអង្គជំនុំជម្រះសាលាដំបូងកោះហៅដើម្បីស្តាប់សក្ខីកម្មទាក់ទងនឹងនឹងអង្គហេតុឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មផ្សេងៗទៀតដែលប្រព្រឹត្តទៅលជនជាតិវៀតណាម។
សាក្សី ថេង ផល បានថ្លែងថាប្រសិនបើឪពុកជាជនជាតិវៀតណាម ម្តាយជាខ្មែរ នោះខ្មែរក្រហមចាប់តែឪពុកជាជនជាតិវៀតណាម ហើយទុកម្តាយជាជនជាតិខ្មែរ និងកូនៗរបស់គេឱ្យនៅរស់ ប៉ុន្តែបើសិនជាម្តាយជាជន ជាតិវៀតណាម និងឪពុកជាជនជាតិខ្មែរ នោះខ្មែរក្រហមនឹងចាប់ខ្លួនទៅលើម្តាយជាជនជាតិវៀតណាម និងកូនៗ របស់ខ្លួនយកទៅសម្លាប់ចោល។ លោកមិនបានដឹងពីមូលហេតុពិតប្រាកដឡើយ ប៉ុន្តែតាមសាក្សី និងដើមបណ្តឹង រដ្ឋប្បវេណីដែលបានផ្តល់សក្ខីកម្មនាពេលកន្លងទៅគឺដោយសារតែកូនដែលកើតពីម្តាយវៀតណាមមានឈាមជ័រជា ជនជាតិវៀតណាមដោយការបំបោះដោះពីម្តាយរបស់ខ្លួន។
លោក នេត្រ ភក្ត្រា បន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហមបានឱ្យដឹងថា អង្គជំនុំជម្រះសាលាដំបូងបានបញ្ចប់ការស្តាប់សក្ខីកម្ម សាក្សី ថេង ផល នៅរសៀលថ្ងៃទី៦ ខែមករា និងបន្តបើកសវនាការនៅថ្ងៃទី៨ ខែមករា ទៀត ហើយគ្រោងនឹងស្តាប់ការផ្តល់សក្ខីកម្មរបស់សាក្សីថ្មីមួយរូបទៀតដែលពាក់ព័ន្ធនឹងអង្គហេតុការប្រព្រឹត្តទៅលើជន ជាតិចាម។ បើតាមលោក នេត្រ ភក្ត្រា សាក្សី និងដើមបណ្តឹងរដ្ឋប្បវេណីចំនួន១០ រូប ត្រូវបានកំណត់កាលបរិច្ឆេទសម្រាប់ការផ្តល់សក្ខីកម្មនៅក្នុងអំឡុងពេលសវនាការលើផ្នែកនេះក្នុងសំណុំរឿង ០០២/០២។ អង្គជំនុំជម្រះក៏កំពុងពិចារណាផងដែរថា តើត្រូវស្តាប់សក្ខីកម្មរបស់អ្នកជំនាញលើអង្គហេតុនេះដែរឬយ៉ាងណា។
យោងតាមដីកាដំណោះស្រាយ គោលនយោបាយមួយក្នុងចំណោមគោលនយោបាយចំនួន ៥ ដែលអនុវត្តដោយបក្សកុម្មុយនីស្តកម្ពុជា(ប.ក.ក)ដើម្បីការពារបដិវត្តន៍សង្គមនិយម គឺការដាក់ក្រុមជាក់លាក់ ជាគោលដៅតាមរយៈការប្រើប្រាស់មធ្យោបាយចាំបាច់នានា។ ទាក់ទងនឹងផ្នែកស្តីពីជនជាតិវៀតណាម ដីកាដំណោះស្រាយ គូសបញ្ជាក់ថា គោលនយោបាយនេះមានអត្ថិភាពនៅមុនឆ្នាំ ១៩៧៥ និងរីករាលដាលពេញមួយរយៈកាលនៃរបបកម្ពុជាប្រជាធិបតេយ្យ យ៉ាងហោចណាស់រហូតដល់ថ្ងៃទី ០៦ ខែ មករា ឆ្នាំ ១៩៧៩។ កាលពីដំបូង ប.ក.ក ត្រូវបានចោទប្រកាន់ថាបានផ្តោតទៅលើការបណ្តេញជនជាតិវៀតណាមទាំងអស់ពីទឹកដីកម្ពុជា និងបញ្ជូនពួកគេទៅប្រទេសវៀតណាមវិញ។ យោងតាមដីកាដំណោះស្រាយ គោលនយោបាយនេះបានចាប់ផ្តើមតាំងពីឆ្នាំ ១៩៧៣ និងត្រូវបានអនុវត្តបន្តក្នុងឆ្នាំ ១៩៧៥ និង ១៩៧៦។ ចាប់ពីខែ មេសា ឆ្នាំ ១៩៧៧ ប.ក.ក ត្រូវបានចោទប្រកាន់ថា បានមានចេតនា
ជំរុញគោលនយោបាយនេះតាមរយៈការបំផ្លិចបំផ្លាញទាំងស្រុង ឬ មួយផ្នែកនូវក្រុមជនជាតិវៀតណាម។ នៅក្នុងខេត្តស្វាយរៀង និងព្រៃវែង កម្មាភិបាល ប.ក.ក ត្រូវបានចោទប្រកាន់ថា បានធ្វើការចាប់ខ្លួន និងសម្លាប់ជនជាតិវៀតណាមជាប្រព័ន្ធតាមរយៈការធ្វើដំណើរពីផ្ទះមួយទៅផ្ទះមួយ ឬ ហៅទៅប្រជុំដើម្បីចុះឈ្មោះជាតិពន្ធុវៀតណាម និងការប្រើប្រាស់បញ្ជីឈ្មោះប្រជាជនវៀតណាម ដែលបានរៀបចំទុកជាមុននៅពេលធ្វើការចាប់ខ្លួន។
ដីកាដំណោះស្រាយបានចោទប្រកាន់ថា នួន ជា និង ខៀវ សំផន ជាអ្នកទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌជាលក្ខណៈបុគ្គលចំពោះឧក្រិដ្ឋកម្មទាំងឡាយ ដែលបានប្រព្រឹត្តមកលើក្រុមជនជាតិវៀតណាម ក្នុងអំឡុងពេលខាងលើតាមរយៈតួនាទីនានារបស់ពួកគាត់ក្នុងជួរ ប.ក.ក ។
លោក នេត្រ ភក្ត្រា បានឱ្យដឹងថា រហូតមកទល់ថ្ងៃទី៦ ខែមករា ឆ្នាំ ២០១៦ នេះ អង្គជំនុំជម្រះសាលាដំបូងបានដំណើរការសវនាការសួរដេញដោលលើអង្គហេតុក្នុងសំណុំរឿង ០០២/០២ បានចំនួន ១២៧ ថ្ងៃ និងបានស្តាប់ការផ្តល់សក្ខីកម្មរបស់សាក្សីចំនួន ៥៥ រូប ដើមបណ្តឹងរដ្ឋប្បវេណីចំនួន ៣១ រូប និងអ្នកជំនាញចំនួន ១ រូប។ តាមការគ្រោងទុក អង្គជំនុំជម្រះសាលាដំបូងមានផែនការក្នុងការបញ្ចប់ការសួរដេញដោលលើអង្គហេតុក្នុងសំណុំរឿង ០០២/០២ នៅអំឡុងត្រីមាសទី៣ ឆ្នាំ ២០១៦ និងការធ្វើសេចក្តីសន្និដ្ឋាន បិទបញ្ចប់ការសួរដេញដោលនៅអំឡុងត្រីមាសទី៤ ឆ្នាំ ២០១៦ ខាងមុខ៕
សាក្សី រៀបរាប់ពីជនជាតិវៀតណាម នៅខេត្តព្រៃវែង ដែលត្រូវចាប់ខ្លួនយកទៅសម្លាប់