រដ្ឋាភិបាល​ប្រកាស​លុប​ចោល​ប័ណ្ណ​បើកបរ​ប្រភេទ “ក​១”

រដ្ឋាភិបាល​ប្រកាស​លុប​ប័ណ្ណ​បើកបរ​ប្រភេទ "ក​១" មាន​ន័យ​ថា អ្នក​បើកបរ​ទោចក្រយានយន្ត​ដែល​មាន​កម្លាំង​ចាប់​ពី ១២៥ CC ចុះ​ក្រោម មិន​ចាំបាច់​មាន​ប័ណ្ណ​បើកបរ​ទៀត​ទេ។ ការ​លុប​ចោល​ប័ណ្ណ​ប្រភេទ​នេះ នៅ​បន្ទាប់​ពី​មាន​សំណូមពរ​ដ៏​ទទូច​ពី​ប្រជាជន។ នេះ​បើ​យោង​តាម​សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល ចុះ​ថ្ងៃ​ទី​៦ ខែ​មករា។

ទន្ទឹម​គ្នា​នេះ រដ្ឋាភិបាល​ក៏​ប្រគល់​ភារកិច្ច​ជូន​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដឹក​នាំ​រៀបចំ​ធ្វើ​វិសោធនកម្ម​ជា​បន្ទាន់ លើ​បទប្បញ្ញត្តិ​ច្បាប់​ដែល​មាន​ការ​ពាក់ព័ន្ធ សម្រាប់​ដាក់​ឆ្លង​គណៈរដ្ឋមន្ត្រី​ពិនិត្យ និង​សម្រេច ដើម្បី​បញ្ជូន​ទៅ​ស្ថាប័ន​បញ្ញត្តិ​ពិនិត្យ និង​ផ្តល់​ការ​អនុម័ត​ជា​កិច្ចការ​ប្រញាប់។ រដ្ឋាភិបាល ក៏​អំពាវនាវ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ បង្កើន​ការ​ផ្សព្វផ្សាយ និង​បង្រៀន​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវ​គោក​ឲ្យ​បាន​ទូលំទូលាយ​ជូន​សាធារណជន​ដែរ។

ច្បាប់​ចរាចរណ៍​ថ្មី​នេះ បាន​ដាក់​ឲ្យ​អនុវត្ត​រយៈពេល ៥​ថ្ងៃ​មក​ហើយ ដោយ​សមត្ថកិច្ច​បាន​ផាក​ពិន័យ​យានយន្ត​ចំនួន​ជាង ៣​ម៉ឺន​គ្រឿង អប់រំ​ជាង ២​ម៉ឺន​នាក់ ព្រម​ទាំង​ពិន័យ​បាន​ប្រាក់​ជាង ៣០០​លាន​រៀល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។