អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​៖ ការអនុវត្ត​ច្បាប់​ក្នុង​គុក​មិន​ស្មើភាព​គ្នា គឺជា​ពាក្យ​ចចាមអារ៉ាម​

​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​បដិសេធ​ចំពោះ​ព័ត៌មាន ដែល​លេច​ឮថា មន្ត្រី​ពន្ធនាគារ អនុវត្ត​ច្បាប់​ដោយមាន​លក្ខណៈ​តឹងរឹង​ចំពោះ​អ្នកក្រ តែ​ធូររលុង​ចំពោះ​អ្នកមាន​។ លោក​ថា ការលើកឡើង​នេះ គ្រាន់តែ​ជា​ពាក្យ​ចចាមអារ៉ាម ដែល​សាធារណជន​មួយចំនួន​និយាយ​តៗ​គ្នា និង​បង្ខូច​កេរ្តិ៍ឈ្មោះ​មន្ត្រី​ពន្ធនាគារ​ប៉ុណ្ណេះ​។ 

​បើ​មានការ​គ្រប់គ្រង​មិន​ស្មើភាព​គ្នា ឬ​មាន​បងធំ​បងតូច នៅក្នុង​ពន្ធនាគារ​មែន ក្រសួងយុត្តិធម៌​នឹង​ពិន័យ ដាក់ទោស​ទណ្ឌ ទាំង​ផ្នែក​រដ្ឋបាល​និង​ព្រហ្មទណ្ឌ​ទៅលើ​មន្ត្រី​អនុវត្ត​ច្បាប់ ដែល​ធ្វើការ​គ្រប់គ្រង​ដោយ​លម្អៀង​ទៅលើ​ទណ្ឌិត​។ នេះ​ជាការ​បញ្ជាក់​របស់លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​។ លោក ជិន ម៉ា​លីន ក៏បាន​ច្រានចោល ចំពោះ​ការចោទប្រកាន់​ពី​សាធារណជន ដែលថា​មន្ត្រី​ពន្ធនាគារ​អនុវត្ត​ច្បាប់​មិនបាន​ត្រឹមត្រូវ និង​មិន​ស្មើភាព​គ្នា​រវាង​អ្នកមាន​និង​អ្នកក្រ ដែល​កំពុង​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​នោះ​ថា ជា​រឿង​មិន​ពិត​នោះទេ​។

​ថ្លែង​ចំពោះមុខ​អ្នកសារព័ត៌មាន អ្នកនាំពាក្យ​រូបនេះ​បាន​បន្ថែមថា បញ្ហា​គាបសង្កត់ ឬ​ជិះជាន់​អ្នកទោស​ជា​អ្នកក្រ ជាង​អ្នកទោស​ជា​អ្នកមាន​លុយ​ឬ​មានទ្រព្យ​នោះ មិន​កើតមាន​ក្នុង​ពន្ធ​ធានា​គារ​ឡើយ​។

​ក្រ​សូង​យុត្តិធម៌​បើក​កិច្ចប្រជុំ​ពី​ជាមួយ​ព្រះរាជអាជ្ញា ស្នងការ​នគរបាល​យុត្តិធម៌ និង​ប្រធាន​ពន្ធនាគារ ទាំង​២៥ រាជធានី​ខេត្ត​នៅ​ក្រសួងយុត្តិធម៌ នា​ថ្ងៃទី​៦ មករា នេះ ដើម្បី​ពង្រឹង​គោលការណ៍​ក្នុងការ​ស្នើសុំ​ប​ន្ថួ​បន្ថយទោស និង​ការលើកលែងទោស​។ បើតាម​របាយការណ៍​ក្រសួងយុត្តិធម៌ ក្នុង​ឆ្នាំ​២០១៥  អ្នកទោស​ចំនួន ៤៤៧៦​នាក់ ត្រូវបាន​ប​ន្ថូ​រ​បន្ថយទោស​និង​លើកលែងទោស ក្នុងចំណោម​អ្នកទោស ១៧៨៩១​នាក់ នៅ​ទូទាំងប្រទេស ។  ក្នុងចំណោម​អ្នកទោស​ទាំង​១៧៨៩១​នាក់ មាន​ស្ត្រី​ចំនួន ១៤៦២​នាក់ និង​អនីតិជន​ចំនួន​៥២៦ នាក់​។ អ្នកទោស​ភាគច្រើន ដែលមាន​រហូត​ជាង​៧០​ភាគរយ គឺ​កើតចេញពី​ការប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​៕