លោកស្រី​ស៊ូ​ជី​៖ អ្នកមាន​សមត្ថភាព​ប៉ុណ្ណោះ​អាច​កាន់តំណែង​រដ្ឋមន្ត្រី​

​លោកស្រី អ៊ុង​សាន ស៊ូ​ជី ប្រធាន​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) បាន​ព្រមាន​ចាត់វិធានការ​ដល់​សមា​ជិ​ក​សភា​មកពី​គណបក្ស​លោកស្រី ដែល​ចង់បាន​តួនាទី​ក្នុង​រដ្ឋាភិបាល​ថ្មី ។ លោកស្រី​និយាយ​ដូច្នេះ​ក្នុងពេល​ចូលរួម​អបអរ​ខួប​៦៨​ឆ្នាំ បុណ្យ​ឯករាជ្យ​ជាតិ​មី​យ៉ាន់​ម៉ា​នៅ​ទីស្នាក់ការ​បក្ស​ក្នុង​ទីក្រុង​យាំង​ហ្គូ​ន ។​

​ប្រមុខ​បក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​លោកស្រី អ៊ុង​សាន ស៊ូ​ជី ព្រមាន​ចាត់វិធានការ​ក្ដៅ​លើ​សមាជិកសភា​ដែល​ទើប​ជាប់ឆ្នោត​ថ្មី​របស់​បក្ស​លោកស្រី ដែល​ចង់បាន​តំណែង​ក្នុង​គណៈរដ្ឋមន្ត្រី​ថ្មី ។ ថ្លែង​ក្នុង​ពិធី​អបអរ​បុណ្យ​ឯករាជ្យ​ជាតិ​មី​យ៉ាន់​ម៉ា លោកស្រី ស៊ូ​ជី ថ្លែងថា លោកស្រី​មិន​ចូលចិត្ត​អ្នកណា​ដែល​ចង់​ធ្វើ​រដ្ឋមន្ត្រី​នោះទេ ។ តំណែង​រដ្ឋមន្ត្រី​នឹងត្រូវ​តែងតាំង នៅពេល​មានការ​ចាត់តាំង​ឲ្យ​កាន់កាប់​តែប៉ុណ្ណោះ ។ ហើយ​លោកស្រី​នឹង​ចាត់វិធានការ​តាម​វិន័យ​បក្ស​ដល់​អ្នកណា​ដែល​ចង់​ធ្វើជា​រដ្ឋមន្ត្រី ។​

​បើតាម​សារព័ត៌មាន The Irrawaddy នេះ​មិនមែនជា​លើកទីមួយ​ទេ​ដែល​លោកស្រី ស៊ូ​ជី ព្រមាន​ចាត់វិធានការ​លើ​សមាជិក​សភា​ដែល​ស្នើសុំ​តំណែង​ក្នុង​រដ្ឋាភិបាល​ថ្មី​ដែល​នឹង​ចេញ​ជា​រូបរាង​នៅពេល​ខាងមុខ ។ ក្នុង​កិច្ចប្រជុំ​មួយ​កាលពី​ចុងឆ្នាំ​២០១៥ លោកស្រី​បាន​ប្រៀបធៀប​អ្នក​ដែល​ស្នើសុំ​តំណែង​រដ្ឋមន្ត្រី ទៅនឹង​អ្នក​ដែល​ល្មោភ​ចង់បាន​តំណែង​ដោយ​ឥត​ខ្មាស់អៀន ។ 

​មេបក្ស​ប្រឆាំង​វ័យ​៧០ ឆ្នាំ​រូបនេះ​បញ្ជាក់ថា តំណែង​រដ្ឋមន្ត្រី​នឹង​ផ្ដល់​ឲ្យ​តែ​អ្នក​ដែលមាន​សមត្ថភាព និង​បម្រើ​ផលប្រយោជន៍​ប្រទេស​ប៉ុណ្ណោះ ។  លោកស្រី​ក៏បាន​សង្កត់ធ្ងន់​ដែរ​ថា លោកស្រី​មិនមែន​តាំង​អ្នកណា​ជា​រដ្ឋមន្ត្រី ដោយ​គ្រាន់តែ​គេ​ជា​សមាជិក​បក្ស​លោកស្រី​នោះទេ ។​

​សូម​រម្លឹកថា គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់លោក​ស្រី ស៊ូ​ជី បានទទួល​ជោគជ័យ​ភ្លូកទឹកភ្លូកដី​ក្នុងការ​បោះឆ្នោត​ជា​ប្រវត្តិសាស្ត្រ​កាលពី​ថ្ងៃទី​៨ ខែវិច្ឆិកា កន្លងទៅ ។ ហើយ​គណបក្ស​លោកស្រី​មាន​សំឡេង​គ្រប់គ្រាន់​ដើម្បី​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​និង​បង្កើត​រដ្ឋាភិបាល​ថ្មី​បាន​ដោយ​ខ្លួនឯង​នៅ​ដើមឆ្នាំ​២០១៦ នេះ ។ 

​យ៉ាងណាក្ដី ក្រុម​យោធា​នៅតែមាន​សិទ្ធិ​ធំ​ទូលាយ​ក្នុង​នយោបាយ​ដដែល ។ ជាពិសេស​នោះ រដ្ឋធម្មនុញ្ញ​ឆ្នាំ​២០០៨ ដែល​ព្រាង​ដោយ​យោធា បានអនុញ្ញាត​ឲ្យ​ក្រុម​យោធា​មាន​សិទ្ធិ​តែងតាំង​រដ្ឋមន្ត្រី​នៃ​ក្រសួង​សំខាន់​ចំនួន​បី​គឺ ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និង​ក្រសួង​ទទួលបន្ទុក​កិច្ចការ​ព្រំដែន ខណៈ​រដ្ឋមន្ត្រី​ផ្សេងទៀត​ទទួល​ការតែងតាំង​ពី​ប្រធានាធិបតី​៕