រុស្ស៊ី​ធ្វើតាម​អាមេរិក និង​កាណាដា ដោយ​យក​សត្វ​ព្យាបាល​ស្ត្រេ​ស៍​នៅ​ព្រលានយន្តហោះ​

​បន្ទាប់ពី​សហរដ្ឋអាមេរិក និង​កាណាដា រុស្ស៊ី បានធ្វើ​តេ​ស្តិ៍​ក្នុងការ​សេវាកម្ម​សត្វ​ដើម្បី​ជួយ​សម្រួល​អារម្មណ៍​អ្នកដំណើរ​មួយចំនួន​ដែលមាន​បញ្ហា​ស្ត្រេ​ស៍​នៅ​អាកាសយានដ្ឋាន ជាពិសេស​នៅមុន​ពេលចេញ​ដំណើរ​។​

​សត្វ​ឆ្កែ និង​ឆ្មា បានក្លាយ​ជា​ឱសថ​ដ៏​ស័ក្តិ​សិទ្ធ​ក្នុងការ​ព្យាបាល​អ្នកដំណើ​រ​តាម​យន្តហោះ​ដែលមាន​ការ​តប់​ប្រ​ម៉​ល់​។ ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក United Airlines បានដាក់​សេវាកម្ម​ឆ្កែ​ប្រឆាំង​ស្ត្រេ​ស៍​នៅ​អាកាសយានដ្ឋាន​ចំនួន​៧ ដើម្បី​រំងាប់​អារម្មណ៍​អ្នកដំណើរ​ដែលមាន​ការ​ភ័យខ្លាច​ពេល​ជិះ​យន្តហោះ​។​

​កាលពី​ឆ្នាំ​២០១៤ ក្រុមហ៊ុន​អាកាសចរណ៍ British Airways ក៏​ផលិត​វីដេអូ​ពីស​ត្វ​ឆ្កែ និង​សត្វ​ឆ្មា ដាក់​ឲ្យ​អ្នកដំណើរ​មើល​តាម​យន្តហោះ​ផងដែរ​។ ដោយឡែក​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Edmonton របស់​កាណាដា អ្នកដំណើរ​ជាច្រើន​មានការ​រីករាយ​យ៉ាងខ្លាំង​ចំពោះ​សេវាកម្ម​សត្វ​។ អ្នកដំណើរ​បានលើកឡើង​ថា នៅពេលដែល​ពួក​បានឃើញ និង​អង្អែល​សត្វ​ឆ្កែ ពួកគេ​មាន​អារម្មណ៍​ស្ងប់ស្ងៀម និង​សប្បាយចិត្ត​។​

​ដោយ​យក​គំរូ​តាម​សហរដ្ឋអាមេរិក និង​កាណាដា អាកាសយានដ្ឋាន Sheremetyevo នៅ​ទីក្រុង​មូ​ស្គូ ប្រទេស​រុស្ស៊ី បានដាក់​សេវាកម្ម​សត្វ​ប្រឆាំង​ស្ត្រេ​ស៍​ផងដែរ​។ មន្ត្រី​អាកាសយានដ្ឋាន បាន​លើកឡើងថា​៖ «​សត្វ​ឆ្កែ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស ជាពិសេស​វា​ផ្តល់​ក្តីរំភើប​ដល់​ក្មេងៗ ដែល​នាំ​ឲ្យ​ពួកគេ​បាត់បង់​ការភ័យខ្លាច​មុនពេល​ឡើង​យន្តហោះ​»​។​

​បច្ចុប្បន្ន​នៅ​ព្រលានយន្តហោះ​មូ​ស្គូ ក្រៅពី​សត្វ​ឆ្កែ​ដែល​ជួយ​សម្រួល​អារម្មណ៍​បំបាត់​ស្ត្រេ​ស៍ ក៏មាន​ឆ្កែ​ផ្សេងទៀត​បំពេញ​តួនាទី​ដើរ​ហិតក្លិន ជាពិសេស​ស្វែងរក​គ្រឿងញៀន​ផងដែរ​៕