គាត់ឱ្យនាងខ្ញុំរង់ចាំ ៥ ឆ្នាំទើបលែងលះប្រពន្ធ តើនាងខ្ញុំត្រូវគិតយ៉ាងណា ?

បច្ចុប្បន្ន​ខ្ញុំ​ហាក់ដូច​កំពុង​ស្ថិតក្នុង​ជ្រោះ​មួយ​ដែល​មិនអាច​ឡើង​រួច ក្បាល​របស់ខ្ញុំ​ស្ទើរ​ប្រេះ​បែក​ទៅហើយ​ដោយសារតែ​រឿង​ស្នេហា​ត្រីកោណ ។​ ​នៅពេល​បាន​លែងលះ​ស្វាមី នាង​ខ្ញុំ​ស្មានថា​ខ្លួន​លែងមាន​អារម្មណ៍​ចំពោះ​បុរស​ទៅហើយ ។ ក្នុង​រយៈពេល​មួយឆ្នាំ​មកនេះ មាន​បុរស​ពីរ​នាក់​ដែល​ចង់បាន​នាង​ខ្ញុំ​ធ្វើជា​ភរិយា ប៉ុន្តែ​ពេលនោះ​ខ្ញុំ​បែរជា​មិនមាន​អារម្មណ៍​ស្នេហា​សូម្បីតែ​បន្តិច ខ្ញុំ​ចេះតែ​គិតថា​ត្រូវ​ស្វែងរក​ការងារ​ល្អ​មួយ​ដើម្បី​ចិញ្ចឹម​ខ្លួន និង កូន ។ នៅពេលដែល​ខ្ញុំ​បាន​សងបំណុល​ចំនួន ១០ លាន​រៀល ដែល​អតីត​ស្វាមី​បន្សល់​ទុកឱ្យ​ខ្ញុំ​សង​គេ​នោះ ខ្ញុំ​នឹង​បន្ត​សន្សំ​ប្រាក់​ដើម្បីឱ្យ​កូន​រៀនសូត្រ​ចប់​ចុង​ចប់​ដើម ដោយសារតែ​ប្តី​ដែល​បាន​លែងលះ​មិនមាន​ការទទួលខុសត្រូវ​ចំពោះ​កូន ដូច្នេះ​ខ្ញុំ​ម្នាក់ឯង​ត្រូវ​ដើរតួ​ជា​ឪពុក​ផង ជា​ម្តាយ​ដ៏​ល្អ និង រឹងមាំ​សម្រាប់​កូន​ផង ។​

​ជីវិត​សុខដុម​របស់ខ្ញុំ​បាន​កន្លងផុតទៅ ខ្ញុំ​យល់ថា​ខ្លួនឯង​ពិតជា​មិនមាន​អារម្មណ៍​ស្រឡាញ់​បុរស​ណា​ម្នាក់ទៀត​ទេ ។ ពាក្យ​ថា​«​ស្នេហា​» និង ភាព​ញាប់​ញ័រ​នៅ​ចំពោះ​មនុស្ស​ផ្ទុយ​ភេទ វា​បាន​បាត់បង់​ស្ទើរតែ​ទាំង​អស់ពី​បេះដូង រហូតមក​ដល់ពេល​ខ្ញុំ​បាន​ជួប​បុរស​ម្នាក់ ។ ខ្ញុំ​បាន​ទៅ​ក្រុមហ៊ុន​របស់គាត់​ដើម្បី​ធ្វើការ​ ហើយក៏​បាន​ស្គាល់​គាត់ ។ ដំបូង​ខ្ញុំ​មិនបាន​ចាប់អារម្មណ៍​អ្វី​ទាំងអស់ ប៉ុន្តែ​កាន់តែ​ស្គាល់គ្នា និង ស្និទ្ធស្នាល ខ្ញុំ​បាន​ស្រ​ឡា​ញ់​គាត់​តាំងពី​ពេលណា​មក​ទាំង​មិនដឹង​ខ្លួន ។​

​ដំបូង​ឡើយ​គាត់​គ្រាន់តែ​លេងសើច​ជាមួយ​ខ្ញុំ មិន​ស្រ​ឡា​ញ់​ខ្ញុំ​មែនទែន​នោះទេ ប៉ុន្តែ​ក្រោយមក​ទំនាក់ទំនង​នេះ​បាន​វិ​វ​ឌ្ឍ​ទៅរក​ភាពប្រាកដប្រជា​មួយ ។ គាត់​បាន​លាក់បាំង​រឿងនេះ​មិនឱ្យ​ប្រពន្ធ​គាត់​ដឹង ។ យ៉ាងណាក៏ដោយ មិនយូរប៉ុន្មាន​ប្រពន្ធ​គាត់​បានដឹង​រឿង​របស់​យើង នៅ ពេលនោះ​គាត់​មានការ​ព្រួយបារម្ភ​យ៉ាង ខ្លាំង ។ ប៉ុន្មាន​ថ្ងៃ​ក្រោយមក​គាត់​ក៏​សុំ​ណាត់ជួប​ខ្ញុំ និង បាន​និយាយ​ពាក្យ​សុំទោស ហើយ​ថា​អ្វីៗ​ទាំងអស់​គឺជា​កំហុស​របស់គាត់ ។ គាត់​ប្រាប់​ឱ្យ​ខ្ញុំ​បំភ្លេច​រូបគាត់ វា​នឹងមាន​អ្នកផ្សេង​មក​ជំនួស​មិន​ខាន ហើយ​គាត់​ក៏​នឹង​វិល​ទៅរក​សភាព​ដើម​ជាមួយគ្រួសារ​គាត់វិញ ។​

​ប្រពន្ធ​របស់គាត់​បាន​ផ្ញើ​សារ​មក​ខ្ញុំ ពេលនោះ​ខ្ញុំ​មិន​ស្តាប់​អ្វី​ទាំង​អស់ពី​គាត់ សូម្បីតែ​ការបកស្រាយ​របស់គាត់ ។ ខ្ញុំ​ស្រ​ឡា​ញ្ញ់​គាត់ និង ត្រូវការ​គាត់​ដោយស្មោះ ។ នៅ​ចំពោះមុខ​ភាពស្មោះត្រង់ និង ស្នេហា​ដ៏​ជ្រាលជ្រៅ​នេះ គាត់​យំ​យ៉ាងយូរ​ដូច​កូនក្មេង ហើយ​និយាយថា នឹង​មិនអាច​បំភ្លេច​នាង​ខ្ញុំ​បានទេ ព្រមទាំង​មិនឱ្យ​ខ្ញុំ​ឈប់​ធ្វើការ​ទៀតផង ។ មានពេលខ្លះ​នាង​ខ្ញុំ​គិតថា គួរ​ បពា្ឈ​ប់​ចំណង​ស្នេហ៍​ត្រឹមនេះ ខ្ញុំ​មិន​ចង់​មាន​កំហុស​ចំពោះ​អ្នកណាម្នាក់​នោះទេ ប៉ុន្តែ​យើង​ទាំងពីរ​មិនអាច​ធ្វើបាន មិនអាច​បែក​គ្នា​បាន ហើយ​យើង​ក៏បាន​វិល​មករក​គ្នា និង ស្រ​ឡា​ញ់​គ្នា​កាន់ តែខ្លាំង​ជាង​មុន ។​

​គាត់​បាន​ប្រាប់​ខ្ញុំ​ថា សូម​ទុកពេល​ឱ្យ​គាត់ ៥ ឆ្នាំ ដើម្បី​រៀបចំ​ការងារ និង ត្រៀម​សម្រាប់​អនាគត​របស់​កូនៗ រួមទាំង​ការលែង​លះ​ប្រពន្ធ​របស់គាត់​ដែល​បាន​រស់នៅ​ជាមួយគ្នា​រយៈពេល ៨ ឆ្នាំកន្លងមក​នោះ​ផង ។ គាត់​ថា​មិន​ចង់ឃើញ​កូន​របស់គាត់ កូន​របស់ខ្ញុំ និង កូន​រួម​របស់​យើង​ជួប​ការលំបាក ខ្វះខាត​ក្នុង​ជីវភាព ។ គាត់​ពិតជា​ស្រឡាញ់​ខ្ញុំ​ណាស់ ហើយ​ចង់​រស់នៅ​ជាមួយ​នាង​ខ្ញុំ ប៉ុន្តែ​គាត់​គ្រាន់តែ​សុំ​កុំឱ្យ​ខ្ញុំ​បង្ក​ការលំបាក​ដល់​គាត់ សុំ​ទុកពេល​ឱ្យ​គាត់​… ។ គាត់​មិន​ចង់​ឱ្យគេ​និយាយថា ដោយសារតែ​ការបង្ហាញ​ខ្លួន​របស់ខ្ញុំ​ទើប​ធ្វើឱ្យ​គាត់​បោះបង់​ប្រពន្ធ និង បោះបង់​កូនៗឡើយ ។ ដូច្នេះ​គាត់​សុំឱ្យ​ខ្ញុំ​នៅ​ខាងក្រៅ ដោយមិន​ជាប់ទាក់ទង​នឹង​គ្រួសារ​គាត់ ។​

​បច្ចុប្បន្ន​ប្រពន្ធ​របស់គាត់​អាច​យល់ថា អ្វីៗ​ទាំងអស់​បាន​វិល​ទៅរក​សភាព​ដើម ប៉ុន្តែ​តាមពិត​គាត់​បាន​លាក់បាំង​ការវិលត្រឡប់​មករក​ខ្ញុំ ពេលនេះ​ខ្ញុំ​ពិតជា​មិនដឹង​ត្រូវធ្វើ​បែបណា​នោះទេ ។​ ​នាង​ខ្ញុំ​គួរតែ​រង់ចាំ​គាត់​រយៈពេល ៥ ឆ្នាំ​ទៀត​ដែរ​ឬ​អត់ ? ឬមួយ​ទ្រាំ​ឈឺចាប់​ដើម្បី​បញ្ចប់​ក្តី​ស្នេហ៍​តែត្រឹម​នេះ ?

សូម​មិត្ត​អ្នកអាន​មេត្តា​ផ្តល់​ជា​យោបល់ ដល់​នាង​ខ្ញុំ​ផង ។​

​ចំពោះ​នាង​មាន​វិបត្តិ​

​បញ្ហា​ខាងលើនេះ​ពិតជា​មានការ​លំបាក​ក្នុងការ​សម្រេចចិត្ត ប៉ុន្តែ​ប្រសិន​មានការ​យល់ដឹង និង យោបល់​ពី​មនុស្ស​ដែល​នៅ​ជុំវិញ ការសម្រេចចិត្ត​អាច​នឹង​បង្ក​ផល​អាក្រក់​ដល់​អនាគត ។​

​មុននឹង​នឹក​ដល់ពេល​នៅ​ជាមួយគ្នា​ដោយ​សុភមង្គល អ្នក​គួរតែ​គិត​ស្រមៃ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ថា​តើ​ក្នុង​រយៈពេល​ដែល​អ្នក​ត្រូវ​រង់ចាំ ៥ ឆ្នាំ​នោះ តើ​វា​នឹងមាន​បញ្ហា​អ្វី​កើតឡើង ? ពេលនេះ​អ្នក​មានកូន​រួចទៅហើយ ចំណែក​ខាង​ប្រុស​ក៏​ដូចគ្នា បែបនេះ​ពេលខាងមុខ​អាច​នឹងមាន​បញ្ហា​កើតឡើង​ជុំវិញ​រឿង​ចែកទ្រព្យ​ដល់​កូនៗ ។ ជាង​នេះ​បច្ចុប្បន្ន​សម្រស់​របស់​អ្នក​ក៏​ប្រហែលជា​មិន​ដូច​កាលពី​នៅ​ក្រមុំ ហើយ​រយៈពេល ៥ ឆ្នាំ​ទៀត​សម្រស់​របស់​អ្នក​អាច​នឹង​ប្រែប្រួល​មិន​ដូច​ពេលនេះ ហើយ​ក្នុងអំឡុងពេល ៥ ឆ្នាំ​នេះដែរ ប្រសិន​ប្រុស​ស្នេហ៍​របស់​អ្នក​ប្រែប្រួល​ចិត្ត​ដោយសារតែ​មនោសញ្ចេតនា​គ្រួសារ​របស់គាត់​បានល្អ​ប្រសើរ​ឡើងវិញ ឬ គាត់​បាន​លង់​នឹង​សម្រស់​របស់​នារី​ណា​ម្នាក់​ផ្សេងទៀត​ដែល​ស្អាត និង ក្មេង​ជាង​អ្នក ពេលនោះ​ហើយ​ដែលអ្នក​អាច​ប្រឈម​នឹង​ការខកចិត្ត ហើយ​ការខកចិត្ត​លើក​នោះ​នឹងមាន​សភាព​ធ្ងន់​ធ្ងរជាង​បច្ចុប្បន្ន​ក៏​ថា​បាន ៕

គាត់ឱ្យនាងខ្ញុំរង់ចាំ ៥ ឆ្នាំទើបលែងលះប្រពន្ធ តើនាងខ្ញុំត្រូវគិតយ៉ាងណា ?