ជាង​ប្រក់​ដំបូលផ្ទះ​ម្នាក់​ភ្លាត់ស្នៀត​ឆក់​ខ្សែភ្លើង​សន្លប់​ពេល​ប្រក់​ដំបូលផ្ទះ

ខេត្ត​ត្បូងឃ្មុំ ៖ ជាងសំណង់​ម្នាក់​ឈ្មោះ យឿ​ន ធា​រ៉ា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មានស្រុក​កំណើត​ភូមិ​ទួល​កណ្តោល ឃុំ​ជី​គរ ស្រុក​ត្បូងឃ្មុំ បាន​ភ្លាត់ស្នៀត​ឆក់​ខ្សែភ្លើង​បណ្តាល​ឲ្យ​សន្លប់ ខណៈ​ពេល​ដែល​កំពុង​តែ​ស៊ី​ឈ្មួ​ល​ប្រក់​ដំបូលផ្ទះ​ឲ្យ​គេ​ម្នាក់ ដើម្បី​យក​ប្រាក់​មក​ដោះស្រាយ​ជីវភាព​គ្រួសារ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​៥៥​នាទី​រសៀល ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០១៦ ស្ថិត​នៅ​ភូមិ​ជ័យ​សម្បត្តិ ឃុំ​តំបែរ ស្រុក​តំបែរ បន្ទាប់​មក​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​បញ្ជូន​មក​ស​ង្គ្រោះ​ជា​បន្ទាន់​នៅ​មន្ទីរពេទ្យ​ខេត្ត​ពង់​ចាម​ផង​ដែរ ។

លោក​វរសេនីយ៍ត្រី ប៉េង អេ​ង​ហាក់ ប្រាប់​ឲ្យ​ដឹង​ថា នៅផ្ទះ​របស់​ប្រជាពលរដ្ឋ​ឈ្មោះ ឃាង ទ្រី ភេទ​ប្រុស នៅ​ភូមិ​-​ឃុំ​ខាងលើ​បាន​ជួល​ជាងសំណង់​ឲ្យ​មក​សាងសង់​ផ្ទះថ្ម​១​ល្វែង​សម្រាប់​ស្នាក់​នៅ​ជាមួយ​សមាជិក​ក្រុម​គ្រួសារ​រហូត​ជិត​រួចរាល់ ហើយ​ក្រុម​ជាង​បាន​នាំ​គ្នា​ឡើង​ប្រក់​ដំបូល​ខាងលើ ដោយ​មានឈ្មោះ ធា​រ៉ា ជា​អ្នក​ឡើង​ប្រក់ ។

លោក​វរសេនីយ៍ត្រី ប៉េង អេ​ង​ហាក់ បន្ត​ឲ្យ​ដឹង​ទៀត​ថា ជាក់ស្តែង​នៅ​រសៀល​ថ្ងៃ​ទី​០៥ ខែមករា ស្រប​ពេល​ដែល​ជាងសំណង់​នេះ​កំពុង​តែ​ឡើង​ប្រក់​​ដំបូល ចៃដន្យ​ក៏​បណ្តាល​ឲ្យ​ឆក់​ខ្សែភ្លើង​អគ្គិសនី​(​ខ្សែកាប​)​ដែល​រត់​កាត់​ពីលើ​ដំបូលផ្ទះ​បណ្តាល​ឲ្យ​សន្លប់ ។ បន្ទាប់​មក​កម្មករ​សំណង់​បាន​នាំ​គ្នា​ដាក់​ខ្សែ​ចង​ទម្លាក់​​ចុះ​មក​ដី​ដោយ​ប្រុង​ប្រយ័ត្ន​ទាំង​សន្សឹម​ៗ ព្រោះតែ​ខ្លាច​ឆក់​បន្ត​ទៀត លុះ​ពេល​ដាក់​ដល់​ដី​ហើយ​ក៏​នាំ​គ្នា​ធ្វើ​ចលនា​បេះដូង តែ​មិន​បានដឹង​ខ្លួន​ទេ ក៏​ប្រញាប់​ហៅ​រថយន្ត​មក​ដឹក​យក​មក​សង្គ្រោះ​ជា​បន្ទាន់​នៅ​មន្ទីរពេទ្យ​ខេត្ត ។

ប្រភព​ពី​ក្រុម​គ្រូពេទ្យ​ខេត្តកំពង់ចាម​វិញ​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ជាងសំណង់​ខាងលើ​ត្រូវ​ខ្សែភ្លើង​ឆក់​នោះ​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​នៅ​រា​ធានី​ភ្នំពេញ​កាលពី​ល្ងាច​ថ្ងៃ​ទី​៥​មក​រា​ដដែល ដោយសារ​តែ​មាន​អាកា​រៈ​ធ្ងន់​ពេក រហូត​មក​ដល់​ពេល​នេះ​គេ​មិនដឹង​ថា តើ​ជោគវាសនា​ជាង​ឈ្មោះ ធា​រ៉ា ទៅ​ជា​យ៉ាងណា​នោះ​ទេ ។

សូម​បញ្ជាក់​ថា នា​ពេល​កន្លង​មក​ក្នុងស្រុក​មេមត់​មាន​ជាង​ប្រក់​ដំបូល​ដែកម្នាក់​បាន​ទាញ​ដែក​ជ្រុង​ដើម្បី​យក​ទៅ​ផ្សារ ចៃដន្យ​ទាញ​ឡើង​ចូល​ដែន​អគ្គិសនី ជា​ហេតុ​បណ្តាល​ឲ្យ​ឆក់​ជាង​ផ្សារ​ម្នាក់​ធ្លាក់​មក​ដី​ដែល​មានកំ​ពស់​ជាង​៤​ម៉ែត្រ​បណ្តាល​ឲ្យ​បែកក្បាល​រង​របួសធ្ងន់​​ត្រូវ​បញ្ជូន​មក​សង្គ្រោះ​ជា​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​កំពង់​ចា ដោយសារ​តែ​របួសធ្ងន់​ពេក​នោះ​ជាង​ផ្សារ​រូប​នោះ​បាន​ស្លាប់ ។

ការ​សាងសង់​ផ្ទះ​នៅ​កៀក​នឹង​ខ្សែកាប​អគ្គិសនី​ជា​ការ​មួយ​ដែល​គ្រោះថ្នាក់ ដូច្នេះ​គួរតែ​សាងសង់​នៅ​ឲ្យ​បាន​ឆ្ងាយ ព្រោះថា​ខ្សែកាប​នេះ​មាន​តង់ស្យុង​ខ្ពស់ ដែល​ងាយ​នឹង​គ្រោះថ្នាក់​ណាស់ ដូច​ជា​ករណី​ខាងលើ​ជាដើម  ៕