អ្នកជំនាញ​សេដ្ឋកិច្ច​បារម្ភ​ពី​ការលូតលាស់​សេដ្ឋកិច្ចកម្ពុជា​នៅ​ឆ្នាំ​២០១៦

​ភ្នំពេញ​៖  បើទោះបី​កំណើនសេដ្ឋកិច្ច​កម្ពុ​ជាស​ម្រា​ប់​ឆ្នាំ​២០១៦ អាច​នឹងមាន​សន្ទុះ​ជាង​ឆ្នាំមុន​ខ្លះ ប៉ុន្តែ​កម្ពុជា​នឹងរង​ឥទ្ធិពល​ពី​ស្ថានការណ៍​ខាងក្រៅ​និង​ក្នុងស្រុក​ដែលជា ឧបសគ្គ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​។ អ្នកជំនាញ​សេដ្ឋកិច្ច លោក កង ចាន់​តារា​រ័ត្ន បាន​លើកយក​បញ្ហានយោបាយ​ក្នុងស្រុក និង ការប្រកួតប្រជែង​ក្នុង​តំបន់ ថា ជា​កង្វល់​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា​។ ដោយឡែក លោក ចាន់ សុផល បារម្ភ ចំពោះ​ការវិនិយោគ​ច្រើនពេក​លើ​ទីផ្សារ​អចលនា​ទ្រព្យ ការធ្លាក់ចុះ​នៃ​តម្លៃ​កសិផល និង វិបត្តិ​ផ្សេងៗ​ពី​បរទេស​។

​អ្នកជំនាញ​សេដ្ឋកិច្ច បាន​អះអាងថា សេដ្ឋកិច្ចកម្ពុជា​នឹង​ជួប​បញ្ហា​ខ្លះ​សំរាប់​ឆ្នាំ​២០១៦​នេះ​។ តាម​ការផ្តល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន​អេ​ឡិច​ត្រូ​និ​ច​ថ្មីៗ លោក កង ចាន់​តារា​រ័ត្ន បាន​ពន្យល់​យ៉ាង​ដូច្នេះ​ថា  នៅ​ឆ្នាំ​២០១៦​នេះ ពាណិជ្ជកម្ម​របស់​កម្ពុ​ជាមាន​ការ​ធាក់​ថយ​ខ្លះ  ដោយសារ​កម្ពុជា​ចូល​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​។

​ដោយសារ​បញ្ហា​នេះ វា​នឹង​នាំ​ឲ្យ​មាន​លំហូរ​ផលិតផល​ពី​ខាងក្រៅ​ប្រទេស ដែល​បង្ករ​ជា​ផល​លំបាក​ដល់​សហគ្រិន​ក្នុងស្រុក​។ ក្រៅពីនេះ លោក បាន​ចាប់អារម្មណ៍​ខ្លាំង​ចំពោះ​បញ្ហានយោបាយ​ក្នុងស្រុក ដែល ជា​ចំណុច​គន្លឹះ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ដោយ​លោក​មានប្រសាសន៍ថា​៖« រឿង​នយោបាយ​កុំ​ឲ្យ​ទៅជា​បញ្ហា​ស្នូល​របស់​សង្គម​ពេក​ដែល​ធ្វើ​ឲ្យ​អ្នកវិនិយោគ​មានការ​បារម្ភ​ណ៍​ខ្លាំង​»​។

​ដោយឡែក លោក ចាន់ សុផល មើលឃើញថា សន្ទុះ​សេដ្ឋកិច្ចកម្ពុជា​ក្នុង​ឆ្នាំ​២០១៦​ប្រហាក់​ប្រហា​ល​នឹង​ឆ្នាំមុន​ដែរ តែ​ហានិភ័យ​មាន​ច្រើនជាង​។ លោក​បាន​ទាញ​ការចាប់អារម្មណ៍​លើ​ការវិនិយោគ​ច្រើន​ជ្រុល​លើ​វិស័យ​អចលនទ្រព្យ ថា ជា​ហានិភ័យ​ដល់​សេដ្ឋកិច្ចកម្ពុជា​។ លោក​ពន្យល់ថា កន្លងមក​មាន ការបញ្ចេញ​ឥណទាន​ឯកជន​ច្រើនពេក​លើ​វិស័យ​អចលនទ្រព្យ ដែល​កំណើន​ឥណទាន​ខ្ពស់ បែបនេះ ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​លំហូរ​ថវិកា ហើយ​បង្ករ​ជា​វិបត្តិ​ឥណទាន​។ បន្ថែម​ពីនេះ លោក ចាន់ សុផល នៅមាន​ការបារម្ភ​លើ​បញ្ហា​ក្នុងស្រុក​មួយចំនួនទៀត គឺ​ការធ្លាក់​ទាប នៃ​តម្លៃ​កសិផល ពិសេស​តម្លៃ​កៅស៊ូ​។​

​បញ្ហា​អាកាសធាតុ​ក៏​ជា​កង្វល់​មួយ​ដែរ​របស់​សេដ្ឋវិទូ​។  ដោយសារ​នៅ​ឆ្នាំ​២០១៦​នេះ ភ្លៀង​ធ្លាក់​មិន​គ្រប់គ្រាន់​អាច​នាំ​ឲ្យ​ខ្វះ​ទឹក​សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​កសិកម្ម​។

​លោក សុផល ក៏បាន​ផ្សារភ្ជាប់​វិបត្តិ​នានា​នៅក្រៅ​ប្រទេស​ទៅនឹង​សេដ្ឋកិច្ចកម្ពុជា​ផងដែរ​។ អ្នកជំនាញ​រូបនេះ​លើកឡើង​ពី​ការ​អាច​ថយចុះ​នៃ​កំណើនសេដ្ឋកិច្ច​របស់​ស​ហ​រដ្ឋ​អាមេរិក អឺរ៉ុប​ជាដើម   បន្ថែមនឹង​វិបត្តិ​ភេរវកម្ម និង​ការ​ឡើងថ្លៃ​ជ្រុល​នៃ​តម្លៃ​អចលនទ្រព្យ​នៅ​អឺរ៉ុប អាច​ជះឥទ្ធិពល​សម្រាប់​ការលូតលាស់​សេដ្ឋកិច្ចកម្ពុជា​៕