ប្រទេស​បង់ក្លាដែស​តម្កល់​ទោស​ប្រហារ​ជីវិត​មេដឹកនាំ​គណបក្ស​ឥស្លាម​និយម

ប្រទេស​បង់ក្លាដែស​តម្កល់​ទោស​ប្រហារ​ជីវិត​មេដឹកនាំ​គណបក្ស​ឥស្លាម​និយម

រូប​ឯកសារ៖ លោក Maulana Matiur Rahman Nizami មេដឹកនាំ​គណបក្ស​ឥស្លាម​និយមនៅ​ក្នុង​ប្រទេស​បង់ក្លាដែស។

តុលាការ​កំពូល​របស់​ប្រទេស​បង់ក្លាដែស​ (Bangladesh) នៅ​ថ្ងៃ​ពុធ​នេះ​ បាន​តម្កល់​សាលក្រម​កាត់​ទោស​ប្រហារ​ជីវិត​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ ចំពោះ​មេដឹកនាំ​គណបក្ស​ឥស្លាម​និយម​ដ៏​ធំ​ជាង​គេ​នៅ​ក្នុង​ប្រទេស​នោះ។

ក្រុម​ចៅ​ក្រម​បាន​បដិសេធ​បណ្តឹង​សារទុក្ខ​របស់​លោក​ Motiur Rahman Nizami ដែល​ជា​អតីត​រដ្ឋ​មន្ត្រី​ម្នាក់ និង​ជា​មេដឹកនាំ​គណបក្ស​គណបក្ស​ឥស្លាម​និយម​គឺ​គណបក្ស​Jamaat-e-Islami ។ សេចក្តី​សម្រេច​របស់​តុលាការ​កំពូល​នេះ​បាន​ដោះ​របាំង​ចុងក្រោយ​ដែល​បានរារាំង​មិន​ឲ្យ​មាន​ការ​ប្រហារ​ជីវិត​មេដឹកនាំ​គណបក្ស​នោះ។

​លោក Nizami ត្រូវ​បាន​កាត់​ទោស​កាល​ពី​ខែ​តុលា​ឆ្នាំ​២០១៤ ក្រោម​បទ​ចោទប្រកាន់​ជាច្រើន​រួម​មាន អំពើ​ប្រល័យ​ពូជសាសន៍ អំពើ​មនុស្ស​ឃាត ការ​ធ្វើ​ទារុណកម្ម ការ​រំលោភ​សេពសន្ថវៈ និង​ការ​បំផ្លិច​បំផ្លាញ​ទ្រព្យសម្បត្តិ នៅ​ពេល​ដែល​លោក​ស្ថិត​ក្នុង​តំណែង​ ក្នុង​ពេល​ដែល​ប្រទេស​បង់ក្លាដែស​ធ្វើ​សង្គ្រាម​រយៈពេល​៩​ខែ​ជាមួយ​ប្រទេស​ប៉ាគីស្ថាន​ ដើម្បី​ទាមទារ​ឯករាជ្យ​កាល​ពី​ឆ្នាំ​១៩៧១​នោះ។

ប្រទេស​បង់ក្លាដែស​និយាយ​ថា​ ទាហាន​ប៉ាគីស្ថាន​និង​អ្នក​ក្នុង​ស្រុក​ដែល​សហការ​ជាមួយ​ទាហានទាំង​នោះ​ បាន​សម្លាប់​ប្រជាជន​អស់​៣​លាន​នាក់ និង​បាន​រំលោភ​សេពសន្ថវៈ​នារី​២០​ម៉ឺន​នាក់ ហើយ​បាន​ធ្វើ​ឲ្យ​មនុស្ស​ប្រមាណ​១០​លាន​នាក់​គ្មាន​ផ្ទះ​សម្បែង​ ដោយ​ត្រូវ​ទៅ​ជ្រក​កោន​នៅ​តាម​ជំរុំ​ជន​ភៀសខ្លួន​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ ដែល​នៅ​ជិត​ខាង​គ្នា​នោះ។

គណបក្សJamaat-e-Islami ជំទាស់​នឹង​ការ​ទាមទារ​ឯករាជ្យ​ពី​ប្រទេស​ប៉ាគីស្ថាន។

សាលាក្តី​ពិសេស​ដែល​បង្កើត​ឡើង​ដោយ​នាយករដ្ឋមន្ត្រី​បង់ក្លាដែស​ លោក​ស្រី Sheikh Hasina បាន​កាត់ទោស​មេ​បក្ស​ប្រឆាំង​ជាង​១០​នាក់​មក​ហើយ​ ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ចាប់តាំង​ពី​ឆ្នាំ​២០១០​មក។

ក្រុម​អ្នក​រិះគន់​បាន​ហៅ​ដំណើរ​ការ​កាត់ទោស​ទាំង​នេះ​ ថា​ជា​ចេតនា​នយោបាយ​ ដែល​សំដៅ​ទៅ​រក​សមាជិក​គណបក្ស​ប្រឆាំង៕