ISIS ផ្សាយ​វីដេអូ​«សម្លាប់​មនុស្ស»​ថ្មី គម្រាម​ចក្រភព​អង់គ្លេស


ក្រុមសកម្មប្រយុទ្ធ របស់រដ្ឋអ៊ីស្លាម បានបញ្ចេញសារគម្រាម ដល់ចក្រភពអង់គ្លេស នៅក្នុង​វីដេអូ​ថ្មី​មួយ ដែល​បង្ហាញ​ពី​ការ​«ប្រហារ​ជីវិត» បុរស៥នាក់ ជាប់ចោទថា ជា«ចារបុរស»។
ISIS ផ្សាយ​វីដេអូ​«សម្លាប់​មនុស្ស»​ថ្មី គម្រាម​ចក្រភព​អង់គ្លេស

ការប្រហារជីវិតមនុស្សជាច្រើន ដោយបាញ់សម្លាប់ ពីសំណាក់យុទ្ធជនរបស់ក្រុមរដ្ឋអ៊ីស្លាម នាពេលកន្លងមក។ (រូបថតផ្តិតពីវីដេអូ)

វីដេអូ ដែលត្រូវបានត្រួតពិនិត្យ និងបញ្ជាក់អះអាង ដោយមជ្ឈមណ្ឌល «SITE» ជំនាញខាងការឃ្លាំមើល សកម្មភាព​របស់​ក្រុមភេរវជន ត្រូវបានក្រុមរដ្ឋអ៊ីស្លាមបង្ហោះ ឲ្យដឹងតាំងពីថ្ងៃអាទិត្យ ចុងសប្ដាហ៍មុន ដោយ​ចាប់​ផ្ដើម​បង្ហាញ​ជា​ដំបូង នូវការសារភាពរបស់ជនចំណាប់ខ្មាំង ទាំងប្រាំរូប ដែលរៀបរាប់ថា ខ្លួន​ជា​អ្នក​រស់នៅ​ក្នុង​ក្រុង រ៉ាកា (Raqa) ដែល​ក្រុម​រដ្ឋ​អ៊ីស្លាម​ចាត់ទុក​ធ្វើជា​រដ្ឋធានី។

សមាជិកម្នាក់របស់ក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់បារាំងហៅ EI ពាក្យ​កាត់​អង់គ្លេស​ហៅ ISIS) ដែល​បាន​បង្ហាញ​មុខ នៅក្នុងវីដេអូ បានហៅជនចំណាប់ខ្មាំង ទាំង៥រូបថា ជា«ចារបុរស»។

ពាក្យចម្លើយរបស់បុរសទាំងប្រាំ មិនអានឲ្យគេដឹងថា តើពួកខ្លួនបានធ្វើចារកម្ម ឲ្យប្រទេសណាមួយ ឬ​ក្រុម​ប្រទេស​ណា​នោះឡើយ ប៉ុន្តែបុរសម្នាក់ ពីក្នុងចំណោមនេះ បានលើកឡើង ពីយុទ្ធនាការ​វាយ​សន្ធាប់ របស់កងកម្លាំងសម្ព័ន្ធភាពអន្តរជាតិ ដែលដឹកនាំដោយសហរដ្ឋអាមេរិក ប្រឆាំងនឹងក្រុម​រដ្ឋ​អ៊ិស្លាម នៅក្នុងប្រទេសអ៊ីរ៉ាក់ និងប្រទេសស៊ីរី។

ពួកគេមានតួនាទី ក្នុងការបញ្ជូនវីដេអូ ឬរូបថត ដែលបង្ហាញពីជីវភាពប្រចាំថ្ងៃ នៅក្រុងរ៉ាកា ទៅឲ្យ​បណ្ដាញ​ខ្លួន នៅក្នុងប្រទេសទួរគី។ បុរសទាំងប្រាំ បានអះអាងបន្ថែមថា ពួកគេក៏ត្រូវឃ្លាំមើល ពីដំណើរ​បន្លាស់ទី នៃយុទ្ធជន​របស់​ក្រុម​រដ្ឋអ៊ីស្លាម​ដែរ។

**«នេះជាសារមួយសម្រាប់ លោក ដេវីដ កាមេរូន»**

វីដេអូបានបង្ហាញជាបន្តទៀត ពីជនទាំងប្រាំស្លៀកពាក់ ខោអាវអ្នកទោសពណ៌ទឹកក្រូច លត់ជង្គង់​នៅពីមុខ ជនប្រាំនាក់ផ្សេងទៀត ស្លៀកពាក់ខោអាវទាហ៊ាន បិទមុខជិត និងមានអាវុធ​ខ្លីនៅនឹងដៃ។ សមាជិកម្នាក់ នៃក្រុមជន​បិទមុខ​ទាំងប្រាំ បានថ្លែងជាភាសាអង់គ្លេសឡើងថា៖ «_នេះជាសារមួយសម្រាប់​លោក ដេវីដ កាមេរូន (David Cameron - នាយករដ្ឋមន្ត្រីអង់គ្លេស)។ វាជារឿងមួយ​គួរឲ្យឆ្ងល់ ដែលឮនៅថ្ងៃនេះ ថាមេដឹកនាំគ្មានបានការម្នាក់ ដូចអ្នកឯង បានចេញមុខ​ប្រឆាំង នឹងឥទ្ធពល​ខ្លាំងក្លា របស់រដ្ឋអ៊ីស្លាម។_»។

យុទ្ធជននៃរដ្ឋអ៊ីស្លាមម្នាក់នេះ បានបន្តទៀតថា៖ «_សម្រាប់គ្រប់គ្នា ដែលចង់បន្តប្រយុទ្ធ ក្រោយការបញ្ជា​របស់ កាមេរូន - អ្នកឯងមានបានគិតឬទេ ថារដ្ឋាភិបាលអ្នកឯង នឹងគិតខ្វល់ខ្វាយ​ពីរូបអ្នក នៅពេលអ្នកឯងធ្លាក់ក្នុងដៃ របស់យើង? មិនដូច្នេះទេ ព្រោះគេនឹងបោះបង់​អ្នកឯង​ចោល ដូចគេបានបោះបង់ ចារបុរសទាំងនេះ និងអ្នកដែលមកប្រយុទ្ធ ក្រោមបញ្ជាក់របស់គេ_»។

នៅចុងបញ្ចប់ នៃ«សុន្ទរកថា»របស់ជនបិទមុខនេះ ការប្រហារជីវិតទៅលើជនទាំងប្រាំ ដែលរងការចោទ​ប្រកាន់ ថាជាចារបុរស បានចាប់ផ្ដើមឡើង។ ពួកគេត្រូវបានបាញ់សម្លាប់ ដោយគ្រាប់កាំភ្លើង ចំក្បាល៕