​សម្តេច​តេ​ជោ ៖ ពលរដ្ឋ​ដែល​ធ្វើ​ប័ណ្ណបើកបរ​ម៉ូតូ​រួចហើយ មក​ទទួលយក​ប្រាក់​វិញ​គ្រប់ៗ​គ្នា

ភ្នំពេញ: សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​បានផ្តល់​កាដូ​ដល់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស គឺ​សម្តេច បាន​ប្រាប់​ឲ្យ​ពលរដ្ឋ​មក​ទទួលយក​ប្រាក់​វិញ​គ្រប់ៗ​គ្នា ចំពោះ​ប្រជាពលរដ្ឋ​ណា ដែល​បានធ្វើ​ប័ណ្ណបើកបរ​ម៉ូតូ​រួចហើយ​។​

​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានប្រកាស​នៅ​ព្រលប់​ថ្ងៃទី​៦​ខែមករា​នេះ​ថា ខ្ញុំ​សូម​ឆ្លើយ​បញ្ជាក់​ទៅ​និង​សំណួរ​ប្រជាពលរដ្ឋ​ខាងក្រោម​: ១-​ប្រសិនបើ​ប្រជាពលរដ្ឋ​បាន​បង់លុយ​សម្រាប់​ថ្លៃ​ប្រឡង​យក​ប័ណ្ណបើកបរ​ម៉ូតូ (125CC​ចុះក្រោម​) រួចហើយ ហើយ​ការសម្រេច​ថ្មី​នេះ​បានកំណត់​មិន​ឲ្យ​បង់លុយ​ថ្លៃ​ប័ណ្ណបើកបរ គឺ​សូម​ប្រជាពលរដ្ឋ​មក​ទទួល​ប្រាក់​វិញ​គ្រប់ៗ​គ្នា​។ ២-​ចំពោះ​ប្រជាពលរដ្ឋ​ដែល​បានទទួល​ប័ណ្ណបើកបរ​ម៉ូតូ​រួចហើយ (125CC ចុះក្រោម​) ប្រសិនបើ​មានបំណង​ចង់​ទទួល​យកលុយ​វិញ គឺ​រាជរដ្ឋាភិបាល​នឹង​បង់​ថវិកា​សង​វិញ​គ្រប់​ចំនួន​ទៅតាម​តម្លៃ​ផ្លូវ​ការដែល​បាន​បង់​រួច​ពីមុន​។​

​សម្តេច​បាន​បញ្ជាក់ថា "​ខ្ញុំ​បាន​ណែនាំ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​ឱ្យ​សហការ​ជាមួយ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ដើម្បី​ចាត់វិធានការ​ជូន​បង​ប្អូន​ឱ្យបាន​ឆាប់​បំផុត​"​។​

​សម្តេច​តេ​ជោ ក៏បាន​បង្ហាញ​នូវ​សារ​ដែលជា​សំណូមពរ​ពី​ប្រជាពលរដ្ឋ​: សូម​គោរព​សម្តេច​ហ៊ុន សែន ជាទី​ស្រឡាញ់​និង​ជា​រាប់អាន​ដោយស្មោះ​អំពី​រូបខ្ញុំ​បាទ​។ ដោយ​ខ្ញុំ​បានឮ​សេចក្តីប្រកាស​ថ្ងៃនេះ​ថា មិនចាំបាច់​មិន​តម្រូវ​ឲ្យ​បណ្ណ​បើកបរ​ម៉ូតូ​ចាំ​ពី​កម្លាំង​125cc ចុះក្រោម តែ​ចំពោះ​រូបខ្ញុំ​បាន​ទៅ​ពន្យារ​ប័ណ្ណបើកបរ​នៅ​ថ្ងៃទី​២៩​ខែធ្នូ​ឆ្នាំ​២០១៥ តើ​ខ្ញុំបាទ​អាច​ដក​ប្រាក់​មកវិញ​បាន​ឬ​? ខ្ញុំបាទ​សង្ឃឹមថា សម្តេច​នឹង​ជួយ​សម្រួល​បង្វិលប្រាក់​ឲ្យ​មក​រូបខ្ញុំ ក៏ដូចជា​ប្រជាជន​ឯទៀត ដែល​ទៅ​ពន្យារ​ប័ណ្ណបើកបរ​និង​ធ្វើ​ប័ណ្ណ​មុន​ថ្ងៃទី​៣០​ខែធ្នូ​ឆ្នាំ​២០១៥ ហើយ​មិនទាន់​ទទួលបាន​ប័ណ្ណបើកបរ​ម៉ូតូ ពីព្រោះ​ប្រាក់​ជាង​៧០.០០០​រៀល​នេះ វា​សំខាន់​សម្រាប់​ជីវភាព​រូបខ្ញុំ​បាទ​ណាស់​។​
​ខ្ញុំបាទ​សូម​គោរព​ដឹងគុណ​ដ៏​ជ្រាវ​ជ្រៅ​ចំពោះ​សម្តេច ដែល​បាន​រំដោះប្រជាជន​ចេញពី​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម​។ ហើយ​ពិសេស​ជាង​នេះ​ទៅ សម្តេច​បាន​យកចិត្តទុកដាក់​ជួយ​ដល់​ប្រជារាស្ត្រ​ដែល​ជួប​ការលំបាក​។​
​សូម​អរគុណ​និង​ថ្លែងអំណរគុណ​ជាថ្មី​ម្តងទៀត​។​

​សម្តេច​តេ​ជោ បាន​មានប្រសាសន៍ថា ជនរួមជាតិ​ជាទីគោរព​ស្រឡាញ់ !
​ក្រោយពី​បាន​តាមដាន​ស្តាប់​នូវ​មតិយោបល់ សំណូមពរ និង​សំណើ​របស់​បងប្អូន​ជនរួមជាតិ ជាពិសេស យុវជន​និង​សិស្សានុសិស្ស​ទាក់ទង​និង​តម្លៃ​នៃ​ការធ្វើ​ប័ណ្ណបើកបរ​ម៉ូតូ ហើយ​ក្រោយពី​ខ្ញុំ​បាន​ពិភាក្សា​ជាមួយ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន គឺ​ខ្ញុំ​បានសម្រេច​បញ្ឈប់​មិនចាំបាច់​ឲ្យ​មាន​ប័ណ្ណបើកបរ​ចំពោះ​ម៉ូតូ​ចាប់ពី​កម្លាំង 125 CC ចុះក្រោម ចាប់ពីពេលនេះ​តទៅ​។
​សម្តេច​តេ​ជោ បាន​មានប្រសាសន៍ថា ដូច្នេះ​ប្រជាពលរដ្ឋ​ដែល​បើកបរ​ម៉ូតូ​មាន​កម្លាំង​ចាប់ពី 125 CC ចុះក្រោម គឺ​មិនចាំបាច់​បង់លុយ​ថ្លៃ​ធ្វើ​ប័ណ្ណបើកបរ និង​មិនចាំបាច់​មាន​ប័ណ្ណបើកបរ​ឡើយ​។ ប៉ុន្តែ​ទន្ទឹមនឹងនេះ គឺ​សូម​ប្រជាពលរដ្ឋ​ត្រូវតែ​រៀន​ច្បាប់​ចរាចរណ៍ និង​បើកបរ​ត្រូវតែ​គោរព​ច្បាប់​គ្រប់ៗ​គ្នា​។ ខ្ញុំ​នឹង​ស្នើ​ទៅ​អង្គការនីតិបញ្ញត្តិ ដើម្បី​ធ្វើ​វិសោធនកម្ម​លើ​បទបញ្ញត្តិ​ច្បាប់ ដែលមាន​ការពាក់ព័ន្ធ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។ ខ្ញុំ​សង្ឃឹមថា នេះ​គឺជា​ការចូលរួម​កាត់បន្ថយ​នូវ​ការចំណាយ និង​ការលំបាក​ទាំងឡាយ​រប​ស់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​។​

​សម្តេច​បាន​មានប្រសាសន៍ថា នេះ​គឺជា​កាដូ​មួយ​ថែមទៀត​ដល់​បងប្អូន​ជនរួមជាតិ​ទាំងអស់​នៅក្នុង​ខួប ៧ មករា ២០១៦ នេះ !៕​

​សម្តេច​តេ​ជោ ៖ ពលរដ្ឋ​ដែល​ធ្វើ​ប័ណ្ណបើកបរ​ម៉ូតូ​រួចហើយ មក​ទទួលយក​ប្រាក់​វិញ​គ្រប់ៗ​គ្នា