កូរ៉េខាងជើង ទទួលជោគជ័យ លើការសាកល្បង គ្រាប់បែកអ៊ីដ្រូសែន ស្របពេល ដែលកូរ៉េខាងត្បូង ប្រកាសថ្កោលទោស

ព្យុងយ៉ាង៖ ប្រទេសកូរ៉េខាងជើង បានប្រកាសនៅថ្ងៃពុធ ទី០៦ ខែមករា ឆ្នាំ២០១៦ នេះថា ខ្លួន បានទទួលជោគជ័យ យ៉ាងធំធេង ក្នុងការធ្វើតេស្ត សាកល្បងគ្រាប់បែកអ៊ីដ្រូសែន ជាលើក ដំបូងហើយ ស្របពេលដែលកូរ៉េខាងត្បូង ចេញសេចក្តីថ្លែងការណ៍ថ្កោលទោស ដោយថា វាជាការធ្វើតេស្ត គ្រាប់បែក នុយក្លេអ៊ែរ របស់ទីក្រុងព្យុងយ៉ាង ជាលើកទីបួនយ៉ាងពិតប្រាកដ។

សារព័ត៌មានស៊ិនហួ បានដកស្រង់សេចក្តីប្រកាស ពីទីក្រុងព្យុងយ៉ាង ដូច្នេះថា “ជោគជ័យ នៃការធ្វើតេស្តនេះ បានសម្រេចកាលពីវេលាម៉ោង ១០ ព្រឹក ម៉ោងនៅទីក្រុងព្យុងយ៉ាង ហើយ កូរ៉េខាងជើង ពិតជាមានសមត្ថភាព ដូចនឹងបណ្តាប្រទេស ដែលមានអាវុធនុយក្លេអ៊ែរ ហើយ អាចផលិត គ្រាប់បែកអ៊ីដ្រូសែន H-bomb បានយ៉ាងខ្លាំងក្លាផងដែរ។”

តាមការផ្សាយរបស់សារព័ត៌មាន រដ្ឋកូរ៉េខាងជើង ឲ្យដឹងថា មេដឹកនាំកំពូល គីម ចុងអ៊ុន បានបញ្ជា ឲ្យធ្វើ តេស្តគ្រាប់បែកប្រភេទ ខាងលើនេះ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០១៥។ យ៉ាង ណាក៏ដោយ អ្នកវិភាគកូរ៉េខាងត្បូង បានជឿជាក់ថា វាគ្រាន់តែជាគ្រាប់បែក អ៊ីដ្រូសែន កម្រិតតូចមួយប៉ុណ្ណោះ ដោយមិនទាន់អាចប្រៀបនឹងបណ្តាប្រទេសធំៗ នោះឡើយ។

តាមការពិត វាត្រូវបានចាត់ទុកជាការបោះជំហាន ខ្ពស់មួយបរបស់កូរ៉េខាងជើង ដែលអាច ផលិតបាន គ្រាប់បែកប្រភេទ ដ៏មានអនុភាពខ្លាំង ដូចប្រទេសមហាអំណាចមួយ ចំនួនទៅ ហើយនោះ។ ទោះបីជាក្រសួងការពារកូរ៉េខាងត្បូង ចេញមុខថ្កោលទោសក្តី ក៏ កូរ៉េខាងជើង បានបញ្ជាក់ទៅកាន់ សកលលោកថា វាជាការធ្វើតេស្តប្រកបដោយ សុវត្ថិភាព និង ការទទួលខុសត្រូវខ្ពស់បំផុត៕

កូរ៉េខាងជើង ទទួលជោគជ័យ លើការសាកល្បង គ្រាប់បែកអ៊ីដ្រូសែន ស្របពេល ដែលកូរ៉េខាងត្បូង ប្រកាសថ្កោលទោស