CNRP នឹងដាក់បេក្ខជន ខ្មែរ-អ៊ីស្លាម ឲ្យឈរឈ្មោះជា តំណាងរាស្រ្ត ក្នុងការបោះឆ្នោត ឆ្នាំ២០១៨

ភ្នំពេញ៖ លោក ម៉ៅ មុនីវណ្ណ តំណាងរាស្រ្តគណបក្ស សង្រ្គោះជាតិ CNRP មណ្ឌលកំពង់ចាម បានអះអាងថា គណបក្សសង្គ្រោះជាតិ នឹងផ្សព្វផ្សាយ ប្រមែប្រមូល និងពិនិត្យ ស្វែងរកកម្លាំងគាំទ្រពីសំណាក់បងប្អូនខ្មែរ-អ៊ីស្លាម ដើម្បីបណ្តុះបណ្តាលសមត្ថភាព ត្រៀមលក្ខណៈសម្បត្តិ ចូលកាន់តំណែងជាមេឃុំ-ចៅ សង្កាត់/ក្រុមប្រឹក្សា នៅឆ្នាំ២០១៧ និងជាបេក្ខជនតំណាងរាស្ត្រ នៅឆ្នាំ២០១៨ខាងមុខ។

លោក ម៉ៅ មុនីវណ្ណ បានសរសេរនៅក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននៅ ល្ងាចថ្ងៃទី៦ ខែមករា ឆ្នាំ ២០១៦នេះថា "វាសំខាន់ណាស់ ដែលត្រូវមានតំណាង បងប្អូន ខ្មែរ-អ៊ីស្លាម គ្រប់លំដាប់ថ្នាក់ ចំពោះសហគមដែលមានបងប្អូនខ្មែរ-អ៊ីស្លាមភាគច្រើន។ គណបក្សសង្គ្រោះជាតិ មានសុឆន្ទៈក្នុងការ ជំរុញ លើកទឹកចិត្ត និងផ្តល់ឱកាសពេញលេញជូនចំពោះបងប្អូនខ្មែរ-អ៊ីស្លាមដោយដាក់លំដាប់លេខរៀងល្អៗនៃបេក្ខជនសម្រាប់ការបោះឆ្នោតនៅគ្រប់លំដាប់ថ្នាក់ (ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ) "។

តំណាងរាស្រ្តរូបនេះបានបន្ថែមថា "ដូច្នេះថ្នាក់ដឹកនាំចលនាខ្មែ-អ៊ីស្លាមគណបក្សសង្គ្រោះជាតិ ត្រូវធ្វើដំណើទៅមូលដ្ឋាន ដើម្បីផ្សព្វផ្សាយ ប្រមែប្រមូល ពង្រឹងពង្រីក កម្លាំង គាំទ្រពីសំណាក់បងប្អូនខ្មែរ-អ៊ីស្លាមឲ្យកាន់ផុលផុស និងពិនិត្យ ស្វែងរកបុគ្គលដែលមានឆន្ទៈ បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋពិតប្រាកដ ដើម្បីបណ្តុះបណ្តាលសមត្ថភាពត្រៀមលក្ខណៈសម្បត្តិចូលកាន់តំណែងជាមេឃុំ-ចៅសង្កាត់/ក្រុមប្រឹក្សានៅឆ្នាំ២០១៧ និងជាបេក្ខជនតំណាងរាស្ត្រនៅឆ្នាំ២០១៨ខាងមុខ"៕

CNRP នឹងដាក់បេក្ខជន ខ្មែរ-អ៊ីស្លាម ឲ្យឈរឈ្មោះជា តំណាងរាស្រ្ត ក្នុងការបោះឆ្នោត ឆ្នាំ២០១៨

CNRP នឹងដាក់បេក្ខជន ខ្មែរ-អ៊ីស្លាម ឲ្យឈរឈ្មោះជា តំណាងរាស្រ្ត ក្នុងការបោះឆ្នោត ឆ្នាំ២០១៨