ការ​​​លើក​លែង​ទោស​​​ឧក្រិដ្ឋ​ជន​​​ប្រព្រឹត្តបទ​​​ល្មើស​​​ធំៗ​​​​​​​​ លែង​​​​មាន​​​ហើយ​​​

អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​យុត្តិធម៌​​​បាន​​​លើក ឡើង​​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ បន្ទាប់​​​ពី​​​កិច្ច​ប្រជុំ​​ជា​​​មួយ​​​មន្ត្រី​​​យុត្តិធម៌​​​ថា ឧក្រិដ្ឋ​​​ជន​​​ដែល​​​ជាប់​​​ពន្ធនាគារ​​​ ពីបទល្មើស​​​​​​ព្រហ្មទណ្ឌដូច​​​ជា​​​អំពើ​​​ប្លន់​​​និងការ​​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន ព្រម​​​ទាំ​​​ង​ជន​​​ល្មើស​មុខ​​​​ដដែល​​​ៗ​​​ នឹង​​​លែង​​​ពិចារណាជា​បេក្ខភាព​​​សម្រាប់​​​ការ​​​សុំព្រះរាជ​ទាន​លើក​​​លែង​​​ទោស​​​ទៀត​ហើយ។

លោក ជិន​​​ ម៉ាលីន​​​អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​យុត្តិធម៌​​​បាន​​​មាន​​​ប្រសាសន៍​​​ថា​​​ បន្ទាប់​​​ពី​​​ការ​​​កើន​​​ឡើងនូវ​​​​បទ​​ល្មើស​ព្រហ្មទណ្ឌ​​​ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ខែ​​​ថ្មី​​​ៗ​​​នេះ លោក ​​​អង្គ ​​​វង្ស​​​វឌ្ឍានា​​​រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​យុត្តិធម៌​​​បាន​​​អំពាវ​​​នាវ​​​ដល់​អង្គប្រជុំដែលមានការ​ចូលរួម​ដោយ​​​​ព្រះ​​​រាជ​​​អាជ្ញា​​​ និង​​​ប្រធាន​​​ពន្ធនាគារ​​​ទូទាំង​​​ប្រទេស​​​​​​នៅ​​​ទីស្តីការ​ក្រសួង​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ហើយ​​​បាន​​​ប្រាប់​​​ពួក​​​គេ​​​ថា ការ​​​លើក​​​លែង​​​ទោស​​​ត្រូវ​​​តែ​​​ធ្វើការ​ជ្រើស​​​រើស​​​​​។

ដោយ​លើកឡើង​ពី​ “អំពើប្លន់ធំៗ” និង “បទល្មើស​ទាក់ទង​គ្រឿង​ញៀន​ធំៗ” ជា​ឧទាហរណ៍​នៃ​បទល្មើសដែលមិន​អាច​លើក​លែង​ទោស​បាន​ លោក​​​ ជិន ម៉ាលីន បាន​​​ថ្លែង​​​ថា “ចាប់​​​ពី​​​ពេល​​​នេះ​​​ទៅ​​​យើង​​​នឹង​​​មិន​​​ពិចារណា​​​លើក​​​លែង​​​ទោស​​​សម្រាប់​​​បទល្មើស​​​​​​ធំ​​ៗ​​​​ឡើយ ​​​ប៉ុន្តែ​ ប្រសិន​​​បើ​​​ពួក​​​គេ​​​កែ​​​ខ្លួន ​​​យើង​​​នឹង​​​ពិចារណា​​​​​​បន្ធូរ​​​បន្ថយ​​​ទោស​​​។

លោក​​​បាន​​​និយាយ​​​​ថា”មូល​​​ហេតុ​​​គឺ​ដោយ​​​សារ​​​យើង​​​គិត​​​ថា ពួក​​​គេ​​​បង្ក​​​ផល​​​ប៉ះពាល់​​​ដល់​​​សង្គម​​​។ពួក​​​គេ​​​ ប្រព្រឹត្ត​​​បទ​​​ល្មើស​​​ធំ​​​ៗ​​​ មិន​​​មែន​​​បទល្មើស​តូច​​តាច​​​ឡើយ​​​​”។

លោក ជិន ម៉ាលីន បាន​​​ថ្លែង​​​ថា ដើម្បី​​​កាត់​​​បន្ថយ​​​ការ​​​អនុវត្ត​​​ខុស​​​ច្បាប់នៃ​​​ការ​​​ទិញ​​​ការ​​​លើក​​​លែង​​​ទោស​​​ ក្រសួង​​​មាន​​​ផែន​​​ការ​​​បង្កើត​​​​​​ យន្ត​​​ការ​​​ដើម្បី​សម្រេច​​​ឲ្យ​​​បាន​​​យុត្តិធម៌​​​ថា តើ​​​អ្នក​​​ទោស​​​ណា​​​បាន​​​ “កែ​​​ខ្លួន”​​​ ហើយ​​​សម​​​ទទួល​​​បាន​​​ការ​​​លើក​​​លែង​​​ទោស ឬ​​​បន្ធូរ​​​បន្ថយ​​​ទោស​​​រយៈពេល​ជាប់​ទោស​។

លោក​​​ ជិន ម៉ាលីន បាន​មាន​ប្រសាសន៍​​​ថា “ក្នុង​​​ពេល​​​កន្លង​​​​មក ​​​មាន​​​ភាព​​​មិន​​​ប្រក្រតី​​​ និង​​​អំពើ​​​ពុក​​​រលួយ​​​ ហើយ​​​យើង​​​ក៏​​​ទទ​​ួល​​​បាន​​​ព័ត៌​​​មាន​​​នេះ​​​ដែរ​​​។ ប្រសិន​​​បើ​​​យើង​​​ឃើញ​​​ភាព​​​មិន​​​ប្រក្រតី ឬ​​​អំពើ​​​ពុក​​​រលួយនៅ​​​​ក្នុង​​​ពន្ធនាគារ យើង​​​ត្រូវតែ​​​ចាត់​​​វិធានការ​​​តាម​​​ច្បាប់​​ចំពោះ​​​មន្ត្រីទាំង​​​នោះ​​​”។

លោក បេ ទា​​​ឡេង​​​ ប្រធាន​​​នាយក​​​ដ្ឋាន​​​ប្រតិបត្តិនៃ​​​អគ្គនាយក​​​ដ្ឋាន​​​ពន្ធនាគារ​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ទាប់​​​ពី​​​កិច្ច​​​ប្រជុំ​​​ថា ឥឡូវ​​​នេះ​​​មាន​​​អ្នក​​​ទោស​​​១៧​​​.៩៨៦នាក់​​​​​​​​​ក្នុង​​​ ពន្ធនាគារ​​​ ជា​​​តួលេខ​​​មួយ​​​ខ្ពស់​​​ជាង​​​សមត្ថ​​​ភាព​​​ផ្ទុករបស់​ពន្ធនាគារ​​​​​​​តែ​​​១២.០០០​​​នាក់​​​។

លោក​​​បាន​​​ថ្លែង​​​ថា “វា​​​ចង្អៀត​ណែន​​​ណាស់​​​​​​ ដូច​​​ជានៅ​​​​មណ្ឌល​​​អប់​​​រំ​​​កែ​​​ប្រែ​​​១និង​​​២ នៅ​​​ពន្ធនាគារ​​​ព្រៃ​​​ស​​​ មណ្ឌល​​​អប់​​​រំ​​​កែ​​​ប្រែ​​​៣​​​ក្នុង​​​ខេត្ត​​​ត្បូង​​​ឃ្មុំ ពន្ធនាគារ​​​ខេត្ត​​​ស្ទឹង​​​ត្រែង ​​​ពន្ធនាគារ​​​ ខេត្ត​​​ក្រចេះ​​​ ពន្ធនាគារ​​​ខេត្ត​​​ព្រះ​​​សីហនុ​​​ និង​​​ពន្ធនាគារ​​​ខេត្ត​​​កំពង់​​​ស្ពឺ​​​”។

លោក​​​ ទាឡេង បាន​​​ពន្យល់​​​ថា “ពន្ធនាគារ​​​ទាំង​​​នេះ​​​គឺ​​​មាន​​​អ្នក​​​ទោស​​​ចង្អៀត​ណែន​ណាស់​​​ ហើយ​​​ចាស់​​​ទៀត​​​ផង​​​ ពីព្រោះ​​​ពន្ធនាគារ​​​​​​ ទាំង​​​នេះ​​​សល់​​​ពី​​​របប​​​អាណានិគម​​​បារាំង ​​​ចំណែក​​​​​ពន្ធនា​គារ​​​មួយ​​​ចំនួនទៀត​​​​ត្រូវ​​​បាន​​​សាង​​​សង់​​​ក្នុង​​​ឆ្នាំ​​​១៩៧៩​​​” នៅពេល​ការ​ដួល​​​រលំ​របប​ខ្មែរ​ក្រហម។

លោក​​​បាន​​​បន្ថែម​​​ថា “យើង​​​ទទួល​​​ស្គាល់​​​ថា បន្ទប់​​​មួយ​​​អាច​​​ឃុំ​​​ខ្លួន​​​អ្នក​​​ទោស​​​បាន​​​តែ​​​៨​​​នាក់​​​​​​ប៉ុណ្ណោះ ប៉ុន្តែ ឥឡូវ​​​នេះ​​​បាន​​​កើន​​ដល់​​​២៨​​​ទៅ​​​៣០​​​នាក់ឯណោះ​​​​ក្នុង​​​មួយ​​​បន្ទប់​​​ដូច្នេះ​​​​​​នេះ​​​ជា​​​បញ្ហា​​​ដែល​​​យើង​បាន​​​​​​ពិភាក្សា​​​នៅ​​​ក្នុង​​​កិច្ច​​​ប្រជុំ​​​។​​​ យើង​​​មិន​​​មាន​​​គម្រោង​​​​​​សាង​​​​​​សង់​​​ពន្ធនាគារ​​​ថ្មី​​​​​​ទេ​​​ ប៉ុន្តែ យើង​​​នឹង​​​ជួស​​​ជុល​​​ពន្ធនាគារ​​​ចាស់ៗ​​​”៕​សារុន​​​​​

The post ការ​​​លើក​លែង​ទោស​​​ឧក្រិដ្ឋ​ជន​​​ប្រព្រឹត្តបទ​​​ល្មើស​​​ធំៗ​​​​​​​​ លែង​​​​មាន​​​ហើយ​​​ appeared first on ខេមបូឌា ដេលី.