អបអរសាទរ​ទិវា​ជ័យជម្នះ ថ្ងៃ​៧​មករា ខួប ៣៧ ឆ្នាំ ក្រោម​អធិបតីភាព​សម្តេច​ហ៊ុនសែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​

ភ្នំពេញ: នេះ​ជា​លើកដំបូង​ហើយ ដែល​មី​ទ្ទិញ​រំឭក​ខួប​លើក​ទី​៣៧ នៃ​ទិវា​ជ័យជម្នះ ៧ មករា បាន​ប្រារព្ធ​ឡើង នៅ​ទីស្នាក់ការ​កណ្តាល "​គ​៨៥" ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។ សម្តេច​តេ​ជោ ហ៊ុន សែន អតីត​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវបាន​សន្និបាត​គណៈ​ក​ម្មា​ធិ​ការ​កណ្តាល​គណ​បក្ស​ប្រជាជន​កម្ពុជា សម្រេច​ជ្រើសតាំង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៥ ជំនួស​សម្តេច​ជាស៊ីម ដែល​បានទទួល​មរណភាព កាលពី​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៥​។​

​ក្នុង​សន្ទរកថា សម្តេច​ហ៊ុនសែន បានប្រកាសថា "​ថ្ងៃនេះ ជា​ទិវា​ដ៏​មហា​នក្ខត្ត​ប្ញ​ក្ស ដែល​ប្រជាជន​កម្ពុជា​យើង នៅ​ទូទាំងប្រទេស​បាន​ចូលរួម​យ៉ាង​ក្លៀវក្លា​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៧ នៃ​ទិវា​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ​នា​ថ្ងៃ ៧ មករា ឆ្នាំ​១៩៧៩ ដែល​បាន​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍​ប៉ុលពត សង្គ្រោះ​ប្រជាជាតិ​ឲ្យ​រស់​ឡើងវិញ ហើយ​បាន​ឋិត​ឋេ​រ គង់វង្ស និង​រីកចម្រើន​រហូតមកដល់​បច្ចុប្បន្ន​។ ប្រជាជន​កម្ពុជា ក៏​ដូច​មនុស្សជាតិ​នៅលើ​ពិភពលោក ដែល​ស្រឡាញ់​សន្តិភាព សេរីភាព និង​យុត្តិធម៌ នៅតែ​ចងចាំ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ ហើយ​គំរូ​វីរភាព​នៃ​យុទ្ធជន ៧ មករា នៅតែ​ភ្លឺ​ចែងចាំង និង​រស់​រវើក​ជានិច្ច​ក្នុង​ដួងចិត្ត​នៃ​ប្រជាជន​យើង​គ្រប់​ជំនាន់​តរៀង​ទៅ​"​។​

​សម្តេច ហ៊ុន សែន បន្តថា "​ការ​ប្រារព្ធ​ពិធីបុណ្យ​នៃ​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ ថ្ងៃ​៧​មករា​នេះ ក្នុង​ស្មារតី​គោរព​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​យុទ្ធជន យុទ្ធ​នារី អ្នកស្នេហាជាតិ​ដ៏​ច្រើន​ឥត​គណនា ដែល​បាន​ក្រោកឈរ​តស៊ូ​ប្រយុទ្ធ​យ៉ាង​ប្តូរផ្តាច់ ហ៊ាន​លះបង់​សាច់​ស្រស់​ឈាម​ស្រស់ និង​អាយុជីវិត​ប្រកបដោយ​វីរភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​បុព្វហេតុ​សង្គ្រោះ​ជាតិ និង​សូម​សម្តែង​ការគោរព​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​វីរ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ដែល​បានផ្តល់​ការជួយឧបត្ថម្ភ​គាំទ្រ​ដ៏​ធំធេង​ចំពោះ​បុព្វហេតុ​ដ៏​ឧត្តុង្គឧត្តម​នេះ​។ យើងទាំងអស់គ្នា ក៏​សូម​លំឱនកាយ​គោរព​វិញ្ញាណក្ខន្ធ​របស់​ជនរួមជាតិ​ជាង ៣ លាន​នាក់    ដែល​បាន​បាត់បង់​ជីវិត​ទៅ​យ៉ាង​អយុត្តិធម៌​បំផុត​នៅក្រោម​របប​ប្រល័យពូជសាសន៍  និង​សូម​ឧទ្ទិស​បួងសួង​ឲ្យ​ដួងព្រលឹង​របស់លោក​អ្នក​ទាំងនោះ បាន​ទៅកាន់​សុគតិភព​ជា​រៀង​ដរាប​ទៅ​"​។​

​សម្តេច​ហ៊ុនសែន បន្តថា "​រយៈពេល ៣៧ ឆ្នាំ​កន្លងទៅ ផ្តើម​ពី​ជ័យជម្នះ​៧​មករា ប្រជាជន​កម្ពុជា បានសម្រេច​នូវ​ការផ្លាស់ប្តូរ​សង្គម​យ៉ាង​ធំធេង ដែល​គ្មាន​អ្នកណា​អាច​នឹកស្មាន​ដល់​។ កម្ពុជា​បានប្រែក្លាយ​ពី​វាលពិឃាត​នៃ​របប​ប្រល័យពូជសាសន៍ ពី​សមរភូមិ​នៃ​សង្គ្រាម​ដ៏​រ៉ាំរ៉ៃ ពី​ការបែកបាក់​ជាតិ  និង​ការបែងចែក​ទឹកដី ក្លាយជា​ប្រជាជាតិ​មួយ ដែលមាន​សុខសន្តិភាព សេរីភាព ឯកភាព ស្ថិរភាព និង​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ធ្វើ​ឲ្យ​ជីវភាព​ប្រជាជន​ត្រូវបាន​លើកកម្ពស់​ឥតឈប់ឈរ​"​។​
 
​សម្តេច​តេ​ជោ ហ៊ុនសែន ក៏បាន​ប្រកាសថា "​នេះ​គឺជា​លើកដំបូង នៅក្នុង​ប្រវត្តិសាស្ត្រ​រយៈពេល​ជាង ៥០០ ឆ្នាំ មកនេះ បន្ទាប់ពី​សម័យអង្គរ​ដ៏​រុងរឿង ដែល​ប្រជាជន​កម្ពុជា ទទួលបាន​នូវ​សន្តិភាព​ពេញលេញ មានការ​ឯកភាព​ជាតិ ឯកភាព​ទឹកដី និង​កំពុង​រស់នៅ​យ៉ាង​សុខដុមរមនា​ក្រោម​ដំបូល​នៃ​រដ្ឋធម្មនុញ្ញ​តែមួយ​"​។

​សម្តេច​ហ៊ុនសែន បាន​គូសបញ្ជាក់ថា "​រយៈពេល ៣៧ ឆ្នាំ​កន្លងទៅនេះ គឺជា ៣៧ ឆ្នាំ​នៃ សាមគ្គីភាព វីរភាព និង ជ័យជម្នះ​របស់​យើង​។ ស្មារតី ៧ មករា នៅតែ​ស្ថិតស្ថេរ​ជានិច្ច​ក្នុង​ដួងចិត្ត​របស់​ប្រជាជន​កម្ពុជា ជា​ប្រទីប​បំភ្លឺ​ផ្លូវ​ដែល​បាន​នាំ​យើង​ឲ្យ​ឈាន​ពី​ជ័យជម្នះ​មួយ​ទៅ​ជ័យជម្នះ​មួយទៀត​ឥតឈប់ឈរ​។ ៧ មករា គឺជា​មោទនភាព​ដ៍​ថ្លៃថ្លា​បំផុត​របស់​ប្រជាជន​កម្ពុជា​ទាំងអស់គ្នា​។ ៧ មករា មាន​សត្រូវ​តែមួយ​ប៉ុណ្ណោះ គឺ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត​។ គឺ​មានតែ​អ្នក​ស្រឡាញ់​របប​ប្រល័យពូជសាសន៍​ប៉ុណ្ណោះ​ដែល​ប្រឆាំង នឹង​៧​មករា ។ ទោះបី​នៅមាន​ក្រុម​អ្នកនយោបាយ និង​មជ្ឈដ្ឋាន​អគតិ​មួយចំនួន​ព្យាយាម​មួលបង្កាច់​ឥតឈប់ឈរ​នូវ​អត្ថន័យ​ជា​ប្រវត្តិសាស្ត្រ​នៃ​ថ្ងៃ​៧​មករា យ៉ាងណាក្តី ក៏​ពួកគេ​ពុំ​អាចធ្វើ​ឲ្យ​សភាពការណ៍​កម្ពុជា​ផ្លាស់ប្តូរ​បានឡើយ ព្រោះថា ៧ មករា គឺជា​របស់​ប្រជាជន ហើយ​អ្វីៗ​ដែល​ពួកគេ​បានធ្វើ​គឺ​ផ្ទុយ​ពី​ឆន្ទៈ និង​ផលប្រយោជន៍​របស់​ប្រជាជន​"​។​

​សូម​រម្លឹកថា មួយថ្ងៃ មុន​ថ្ងៃ​ប្រារព្ធ​ខួប​លើក​ទី​៣៧ ឆ្នាំ នៃ​ថ្ងៃ​រំដោះ ៧​មករា ១៩៧៩-៧​មករា ២០១៦ គឺ​កាលពី​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៦ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើកឡើងថា បើ​គ្មាន​ថ្ងៃ​៧​មករា ១៩៧៩ ទេ គឺ​គ្មានអ្វីៗ​ទាំងអស់ នៅពេលនេះ ជាពិសេស​បើ​គ្មាន ៧​មករា គ្មាន​ជីវិត គ្មាន​វេទិកា​ចរចា​ស្វែងរក​សន្តិភាព សីហនុ​-​ហ៊ុន សែន ហើយក៏​គ្មាន​កិច្ចព្រមព្រៀង​ប៉ារីស ដែរ​៕​