តើយើង​គួរ​តម្លើង Windows 10 នៅ​លើ​កុំព្យូទ័រ​ស៊េរី​ចាស់ៗ​ឬទេ?

ប្រព័ន្ធប្រតិបត្តិកា​រ Windows របស់ក្រុមហ៊ុន Microsoft បានធ្វើការវិវឌ្ឍន៍​ខ្លួនពីមួយ​ជំនាន់​ទៅមួយ​ជំនាន់​កាន់​តែ​ពិសេស​ឡើងៗ ជាមួយ​នឹង​មុខងាប្លែកៗ​មិន​ធ្លាប់មាន​ពីមុនមក មិនចាញ់ OS X របស់ Apple ឡើយ។ ក្នុងនោះយើងឃើញថា Windows 10 ដែលជាប្រព័ន្ធប្រតិបត្តិការកុំព្យូទ័រ​ជំនាន់ចុង​ក្រោយ​គេបង្អស់ មានវត្តមានជាផ្លូវការកាលពីថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០១៥ កន្លងទៅ បានធ្វើការកែ​ប្រែយ៉ាង​ច្រើនទៅលើមុខងារប្រើប្រាស់ ពិសេសវាមាន User Interface​ ប្លែកងាយ​ស្រួល​ប្រើ​សម្រាប់​កុំព្យូទ័រយួរ​ដៃ ដែលមាន TouchScreen កុំព្យូទ័រពពួក Hybrid និង Tablet ដែលដំណើរការដោយ Windows​ ជាដើម។ ផ្ទុយនឹងចំនុចល្អៗនោះ មានអ្នកប្រើប្រាស់មួយចំនួនបានធ្វើការ​រិះគន់ខ្លះទៅ​លើ​ផ្នែក Interface ដែលពិបាកក្នុងការប្រើប្រាស់ បញ្ជាទៅលើមុខងារសំខាន់ៗ តែវាមិនមែនជាបញ្ហា​ធំដុំ​ឡើយ ព្រោះ Windows 10 បង្កើតឡើងដើម្បីដេញទៅតាមជំនាន់ ក៏ដូចជាសន្ទុះនៃបច្ចេកវិទ្យាសម័យ​ថ្មី។

តើយើង​គួរ​តម្លើង Windows 10 នៅ​លើ​កុំព្យូទ័រ​ស៊េរី​ចាស់ៗ​ឬទេ?

យ៉ាងណាមិញនៅមានសំនួរជាច្រើនបានចោទសួរថា តើគួរតម្លើងប្រព័ន្ធប្រតិបត្តិការ Windows 10 នៅ​លើកុំព្យូទ័រ ស៊េរីចាស់ៗដើម្បីប្រើប្រាស់ដែរឬទេ? សម្រាប់អ្នកមិនធ្លាប់បានប្រើ Windows 10 ទាល់តែ​សោះ​ប្រាកដជាចង់ដឹងនូវចម្លើយលម្អិតទៅលើរឿងនេះ ព្រោះថាបើធ្វើការ Upgrade ពី Windows 7, 8 និង 8.1 វាអាចនឹងមានបញ្ហាមួយចំនួនជាក់ជាមិនខាន។ ជាការពិតសម្រាប់អ្នកដែលកំពុងប្រើប្រាស់​កុំព្យូទ័របែប Desktop, Laptop ឬ Tablet ដែលកំពុងដំណើរការដោយប្រព័ន្ធ Windows ស៊េរីចាស់ នឹង​ជួប​នូវបញ្ហានៅពេលតម្លើង Windows 10 ទៅលើម៉ាស៊ីនកុំព្យូទ័ររបស់អ្នក ដូច្នេះតើវាអាចនឹង​ប៉ះពាល់​ដល់​បញ្ហា​អ្វីខ្លះ? ខាងក្រោម Cambo Report សូមលើកយកចំនុចបញ្ហាចំបងៗមួយចំនួន ដែលអ្នកប្រើ​ប្រាស់​មួយចំនួនធំបានជួបប្រទះ។

តើយើង​គួរ​តម្លើង Windows 10 នៅ​លើ​កុំព្យូទ័រ​ស៊េរី​ចាស់ៗ​ឬទេ?

  1. មានបញ្ហាផ្នែក Drivers

ដោយយោងទៅលើបទពិសោធន៍ផ្ទាល់ឃើញថានៅពេលតម្លើង Windows 10 រួចមានកុំព្យូទ័រមួយ​ចំនួន​ធំ ពិសេសកុំព្យូទ័រស៊េរីចាស់ឆ្នាំ ២០១៤ ចុះ តែងតែជួបប្រទះវិបត្តិបញ្ហាផ្នែក Drivers តែម្ដង ដោយមាន​ផ្នែកខ្លះ​ពុំមាន Drivers ដែលស្គាល់គ្នាជាមួយនឹង Windows 10 នោះឡើយ។ មានន័យថាកុំព្យូទ័រស៊េរី​ចាស់ៗ​ទាំងនោះពុំត្រូវបានបង្កើតឡើងឲ្យដេញទាន់ស៊េរីប្រព័ន្ធប្រតិបត្តិការទេ គឺវាមានជំនាន់ទៅតាម​ស៊េរីរបស់​វា បើទោះបីជាតម្លើង Windows 10 បានក្ដី ក៏មានផ្នែកខ្លះដំណើរការមិនស្រួលដែរ ដូចមាន​បញ្ជាក់​ប្រាប់ទៅលើស្ទីកឃ័រនៅលើម៉ាស៊ីន ក៏ដូចជាប៊ូតុងឡូងហ្គូបញ្ជាក់លើក្ដារចុចជាដើម ដែលបញ្ជាក់​ថា​កុំព្យូទ័ររបស់អ្នកកំពុងប្រើប្រាស់គឺមានស៊េរីទាប។ សម្រាប់កុំព្យូទ័រស៊េរីឆ្នាំ ២០១៥ ត្រូវបានបង្កើត​ឡើង​សម្រាប់​ដំណើរការជាមួយ Windows 10 តែម្ដងនោះគឺពុំចាំបាច់ភ័យព្រួយពីបញ្ហា Drivers នោះទេ ក៏ដូចជា Laptop និង Tablet ដែលក្រុមហ៊ុនបាន Free ឲ្យធ្វើការ Upgrade ពី Windows 8 ឬ 8.1 ទៅកាន់ Windows 10 ជាដើម ព្រោះក្រុមហ៊ុនបានធ្វើការ Update Drivers​ ទៅកាន់ជំនាន់ចុងក្រោយគេ ដែលអាចតម្លើងលើ Windows 10 អាចឲ្យវាដំណើរការបានស្រួល។

តើយើង​គួរ​តម្លើង Windows 10 នៅ​លើ​កុំព្យូទ័រ​ស៊េរី​ចាស់ៗ​ឬទេ? តើយើង​គួរ​តម្លើង Windows 10 នៅ​លើ​កុំព្យូទ័រ​ស៊េរី​ចាស់ៗ​ឬទេ?

គួរបញ្ជាក់ប្រាប់ឲ្យដឹងផងដែរថា មិនមែនរាល់កុំព្យូទ័រស៊េរីចាស់ទាំងអស់មិនអាចតម្លើង Windows 10 ប្រើប្រាស់បាននោះទេ គឺអាចតម្លើងបានទាំងអស់ តែបញ្ហាគឺ Drivers តែម្ដងសម្រាប់កុំព្យូទ័រមួយចំនួនធំ ព្រោះក្រុមហ៊ុនផលិតពុំបានធ្វើការ Update ជំនាន់ (Version) របស់ Drivers ដើម្បីឲ្យកុំព្យូទ័រខ្លួន​ដំណើរ​ការ​បានយ៉ាងរលូនជាមួយ Windows 10 នោះទេ។ ដូច្នេះសម្រាប់ Cambo Report សូមធ្វើការណែនាំ​ថា រាល់ប្រិយមិត្តដែលប្រើប្រាស់កុំព្យូទ័រស៊េរី ២០១៤ ចុះក្រោម មិនគប្បីតម្លើងទៅកាន់ Windows 10 នោះឡើយ បើអាចគួរតែប្រើប្រាស់ Windows 8.1 វិញប្រសើជាជាង ព្រោះគ្មានអ្វីប្លែកខ្លាំងនោះទេ ទាំង​កម្មវិធី ហ្គេម និងការប្រើប្រាស់មួយចំនួនធំ។

  1. តម្រូវការកម្លាំងម៉ាស៊ីនខ្លាំង

ពីមួយជំនាន់ទៅមួយជំនាន់តម្រូវការផ្នែករឹង (System Requirement) ដើម្បីឲ្យកុំព្យូទ័រមួយដំណើរការ Windows បានរលូននោះ ត្រូវតែមានកម្លាំងម៉ាស៊ីនសមស្រប ឬខ្លាំងជាងអ្វីដែល Windows នោះតម្រូវ​ឲ្យ​មាន។ ក្នុងនោះ Windows 10 ក៏តម្រូវឲ្យម៉ាស៊ីន ដែលអាចដំណើរការបានមានកម្លាំងម៉ាស៊ីនតូច ឬយឺតបំផុតដូចខាងក្រោម៖

  • CPU ល្បឿនលឿនជាង 1GHz (1000MHz)
  • RAM ទំហំ 1GB សម្រាប់ Windows ប្រភេទ 32bit និង 2GB សម្រាប់ Windows ប្រភេទ 64bit
  • អង្គផ្ទុកទិន្នន័យ Hard Disk Drive ទំហំ 16GB ឡើងទៅ
  • ក្រាហ្វិច GPU ឬ VGA ស្គាល់គ្នាជាមួយនឹង DirectX9

ដូចនេះមិនថាកុំព្យូទ័ររបស់អ្នកមានទំហំតូច ឬធំទេ អោយតែកម្លាំងម៉ាស៊ីនផ្នែករឹងរបស់វាមានកម្លាំងស្មើរ ឬ​ខ្លាំង​ជាជាងអ្វីដែលបានរៀបរាប់ខាងលើអ្នកអាចតម្លើង Windows 10 ប្រើប្រាស់បាន តែគប្បីពិនិត្យ​មើល​ផ្នែក Drivers សិនមុននឹងសម្រេចចិត្តតម្លើង។

  1. ម៉ាស៊ីន Print មិនស្គាល់

ដូចបានរៀបរាប់បញ្ហាទី 1​ ខាងលើស្រាប់ជុំវិញបញ្ហា Drivers ដូច្នេះរាល់ការប្រើប្រាស់ឧបករណ៍ ដែល​តម្រូវ​ឲ្យតម្លើង Driver នៅលើម៉ាស៊ីនដូចជាម៉ាស៊ីនព្រីន ជាដើមនោះ អាចនឹងជួបបញ្ហាមិនស្គាល់​គ្នាជា​មួយ Windows មានន័យថា បើអ្នកចង់ធ្វើការ Print ឯកសារអ្វីមួយតាមរយៈ Microsoft Office នឹងមាន​បញ្ហា​គាំង ព្រីនមិនចេញ។ ដូច្នេះអ្នកប្រើប្រាស់ត្រូវចូលទៅកាន់ Website ដើមរបស់ម៉ាស៊ីនព្រីន ដើម្បី​ទាញ​យក Driver ជំនាន់ក្រោយ ដែលស្គាល់គ្នាជាមួយនឹង Windows 10។

  1. លោតផ្ទាំងខៀវ

បញ្ហា Blue screen of death ឬលោតផ្ទាំងខៀវ តែងតែកើតមានឡើង មិនថា Windows ស៊េរីចាស់ ឬ​ស៊េរីថ្មី​នោះទេ ព្រោះវាគឺជាបញ្ហាមួយ ដែលតែងតែកើតឡើងនៅលើកុំព្យូទ័រភាគច្រើន ព្រោះវាគឺជា​បញ្ហា​ផ្នែក Software គួបផ្សំជាមួយនឹងផ្នែក Hardware លាយបញ្ចូលគ្នា។ ក្នុងនោះអ្នកប្រើប្រាស់ Windows 10 មួយចំនួនពិសេស អ្នកតែងតែតម្លើងកម្មវិធីច្រើន ជាទូទៅពួកគាត់តែងតែជួបបញ្ហានេះ ដែលពិបាក​នឹង​ធ្វើ​ការដោះស្រាយ ហេតុនេះបើប្រិយមិត្តអ្នកអានទាំងអស់កំពុងប្រើប្រាស់ Windows 10 ហើយ​ឧស្សាហ៍​ជួបប្រទះបញ្ហា Blue screen ដូចរូបខាងក្រោមនេះ អ្នកគប្បីធ្វើការតម្លើង Windows សាជាថ្មី​ម្ដង​ទៀត។

តើយើង​គួរ​តម្លើង Windows 10 នៅ​លើ​កុំព្យូទ័រ​ស៊េរី​ចាស់ៗ​ឬទេ?

បើមិនចង់ធ្វើការតម្លើង Windows សាជាថ្មីម្ដងទៀតនោះទេ អ្នកអាចធ្វើការដោះ RAM ពិនិត្យទៅលើ​ល្បឿន Bus របស់វា ហើយជូតជើង RAM បន្ទាប់មកដោតចូលវិញ។ តែបើ RAM របស់អ្នកមានចំនួន 2 ដើម​ឡើងទៅ ហើយមានទំហំល្បឿន Bus ខុសគ្នា អ្នកគប្បីធ្វើការផ្លាស់ប្ដូរ RAM ណាដែលមានទំហំ Bus ដូចគ្នា។

  1. បញ្ហាជាមួយនឹង GPU ពពួក AMD

មានអ្នកប្រើប្រាស់កម្មវិធី ក៏ដូចជាលេងហ្គេមមួយចំនួននៅលើម៉ាស៊ីនកុំព្យូទ័រ Desktop ដែលប្រើប្រាស់​ប្រភេទក្រាហ្វិច (VGA​ ឬ GPU) ពពួក AMD មួយចំនួនបានធ្វើការរិះគន់ទៅលើក្រុមហ៊ុន Microsoft ពាក់ព័ន្ធជាមួយនឹងបញ្ហាគាំងកម្មវិធី ឬហ្គេមជាដើម។ បើមិនគាំងក៏មានសភាពយឺតខុសពីធម្មតា ហើយ​ក្រុមហ៊ុន Microsoft ក៏បានធ្វើការដោះស្រាយបញ្ហាជូនផងដែរ ដោយតម្រូវឲ្យអ្នកប្រើប្រាស់ចូលទៅកាន់ Setting ហើយចូលទៅកាន់មុខងារ Update and Security ហើយចុច Windows Update បន្ទាប់មក​រើស​យកពាក្យ Advanced ហើយជ្រើសពាក្យ Slow Ring​ ជាការស្រេច។

តើយើង​គួរ​តម្លើង Windows 10 នៅ​លើ​កុំព្យូទ័រ​ស៊េរី​ចាស់ៗ​ឬទេ?

គួរបញ្ជាក់ផងដែរថាសម្រាប់ក្រាហ្វិច AMD របស់ម៉ាស៊ីន Laptop គឺមិនមានបញ្ហាអ្វីឡើយ។

តើយើង​គួរ​តម្លើង Windows 10 នៅ​លើ​កុំព្យូទ័រ​ស៊េរី​ចាស់ៗ​ឬទេ?

សរុបសេចក្ដីមកសម្រាប់ប្រិយមិត្ត ដែលមានគំរោងត្រៀមនឹងធ្វើការតម្លើងទៅកាន់ Windows 10 អ្នក​គប្បី​មើល​ទៅលើស៊េរីរបស់ Laptop អ្នកជាមុនសិន ថាតើ Laptop របស់អ្នកជាជំនាន់ 2014 ចុះ ឬ 2015 ដើម្បីកុំឲ្យមានបញ្ហានាពេលក្រោយ។ យ៉ាងណាមិញបញ្ហា ដូចដែលបានរៀបរាប់​ខាងលើ​ក៏មិនប្រាកដ​ថា​មាន​​បញ្ហាទាំងស្រុងនោះទេ ព្រោះផ្នែករឹងរបស់កុំព្យូទ័រនីមួយៗមានម៉ូឌែល ម៉ាក និង ជំនាន់ផ្សេងៗគ្នា ដែល​ពិបាកក្នុងការបញ្ជាក់ថា វាអាចនឹងមានបញ្ហានៅពេលក្រោយឬទេ។ ជាងនេះទៅទៀតបញ្ហាដូច​ដែល​បានរៀបរាប់ខាងលើ គឺជាបញ្ហាធំៗ ដែលតែងតែជួបប្រទះទៅលើអ្នកប្រើប្រាស់មួយចំនួនធំ ហើយ​ក៏​នៅមានបញ្ហាមួយចំនួនផ្សេងទៀតតែ Cambo Report មិនបានលើកយកមកបកស្រាយ ព្រោះបញ្ហា​ខ្លះ​មិនបានកើតឡើងទៅលើអ្នកប្រើប្រាស់ទាំងអស់នោះទេ។

  • សូមចុចទីនេះ ដើម្បី Subscribe Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!
  • ដោយ: Por
  • 8:08 AM, 07 January
  • ប្រភព: Techradar
  • Tag: ចំណេះដឹងទូទៅ