តេជោ សែន ឲ្យពលរដ្ឋ ដែលបង់លុយថ្លៃ ប្រឡងយកប័ណ្ណ បើកបរម៉ូតូ កម្លាំងក្រោម ១២៥CC ទៅយកលុយវិញ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៧ ខែមករា ឆ្នាំ ២០១៦ បានឆ្លើយយ៉ាងច្បាស់ ទៅកាន់ប្រជាពលរដ្ឋ ចំពោះបញ្ហាបង់ថ្លៃ ប្រឡងធ្វើប័ណ្ណបើកបរ ប្រសិនបើបងប្អូនប្រជាពលរដ្ឋ ដែលបានបង់លុយថ្លៃប្រឡងយកប័ណ្ណបើកបរ ម៉ូតូកម្លាំងក្រោម ១២៥CCរួច សូមទៅទទួលយកលុយវិញ តាមតម្លៃដែលបានបង់។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅក្នុង បណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុក ផ្ទាល់របស់សម្ដេចថា "ខ្ញុំសូមឆ្លើយបញ្ជាក់ ទៅនិងសំណួរ ប្រជាពលរដ្ឋ ខាងក្រោម៖ ១-ប្រសិនបើប្រជាពលរដ្ឋ បានបង់លុយសម្រាប់ថ្លៃ ប្រឡងយកប័ណ្ណបើកបរម៉ូតូ (125CCចុះក្រោម) រួចហើយ ការសម្រេចថ្មីនេះ បានកំណត់ គឺសូមប្រជាពលរដ្ឋ មកទទួលប្រាក់វិញគ្រប់ៗគ្នា, ២-ចំពោះប្រជាពលរដ្ឋ ដែលបានទទួលប័ណ្ណ បើកបរម៉ូតូរួចហើយ (125CC ចុះក្រោម) ប្រសិនបើមានបំណងចង់ ទទួលយកលុយវិញ គឺរាជរដ្ឋាភិបាល នឹងបង់ថវិកាសងវិញ គ្រប់ចំនួនទៅតាមតម្លៃផ្លូវការ ដែលបានបង់រួចពីមុន" ។

គួរំលឹកថា កាលពីល្ងាចថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល កម្ពុជា បានសម្រេចបញ្ឈប់ ឲ្យបង់ថ្លៃទាំងស្រុង ក្នុងការធ្វើប័ណ្ណបើកបរចំពោះម៉ូតូ ចាប់ពីកម្លាំង 125CC ចុះក្រោម ជាកាដូរ ដ៏វិសេសវិសាលសម្រាប់ថ្ងៃ៧ ខែមករា ឆ្នាំ ២០១៦នេះ។

សូមបញ្ជាក់ថា នេះគឺជា សំណូមពរពីប្រជាពលរដ្ឋ ដែលបានផ្ញើរមកសម្តេចតេជោ តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេកប៊ុក "សូមគោរពសម្តេចហ៊ុន សែន ជាទីស្រឡាញ់ និងជារាប់អាន ដោយស្មោះអំពីរូបខ្ញុំបាទ ដោយខ្ញុំបានឮសេចក្តីប្រកាសថ្ងៃនេះថា មិនចាំបាច់មិនតម្រូវឲ្យបណ្ណបើកបរ ម៉ូតូចាំពីកម្លាំង125cc ចុះក្រោម តែចំពោះរូបខ្ញុំ បានទៅពន្យាបណ្ណបើកបរ នៅថ្ងៃទី29-12-2015 តើខ្ញុំបាទអាចដកប្រាក់មកវិញបានឬ? ខ្ញុំបាទសង្ឃឹមថា សម្តេចនឹងជួយសម្រួលបង្វិលប្រាក់ឲ្យមករូបខ្ញុំ ក៍ដូចជាប្រជាជនឯទៀត ដែលទៅពន្យាបណ្ណបើកបរ និងធ្វើបណ្ណមុនថ្ងៃទី30-12-2015 ហើយមិនទាន់ទទួលបានបណ្ណបើកបរម៉ូតូពីព្រោះ ប្រាក់ ជាង70000នេះ វាសំខាន់សម្រាប់ជីវភាពរូបខ្ញុំបាទណាស់។ ខ្ញុំបាទ សូមគោរពដឹងគុណដ៍ជ្រាវជ្រៅ ចំពោះសម្តេច ដែលបានរំដោះប្រជាជន ចេញពីរបបប្រល័យពូជសាសន៍ ខ្មែរក្រហម។ ហើយពិសេសជាងនេះទៅ សម្តេចបាន យកចិត្តទុកដាក់ជួយដល់ប្រជារាស្ត្រដែលជួបការលំបាក។ សូមអរគុណនិងថ្លែងអំណរគុណជាថ្មីម្តងទៀត"៕

តេជោ សែន ឲ្យពលរដ្ឋ ដែលបង់លុយថ្លៃ ប្រឡងយកប័ណ្ណ បើកបរម៉ូតូ កម្លាំងក្រោម ១២៥CC ទៅយកលុយវិញ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត