ខ្ទឹមបារាំង​មាន​ប្រយោជន៍​ណាស់​ចំពោះ​បេះដូង​សរសៃឈាម​

ខ្ទឹមបារាំង​មាន​ប្រយោជន៍​ណាស់​ចំពោះ​បេះដូង​សរសៃឈាម​

​ខ្ទឹមបារាំង​មាន​ប្រយោជន៍​ណាស់​ចំពោះ​ប្រព័ន្ធ​បេះដូង​សរសៃឈាម សម្រួល​ដល់​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល និង​ខ្លាញ់ Triglycerides ហើយ​វា​ក៏​មាន​ឥទ្ធិពល​ទៅលើ​ការបង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​ផងដែរ​។

​ទោះបីជា​វា​អាច​បណ្តាលឱ្យមាន​បញ្ហា​ក្លិន​មិន​ល្អ​ក៏​ដោយ អ្នក​គួរតែ​ចាំ​ថា ខ្ទឹមបារាំង​គឺជា​អាហារ​មាន​គុណប្រយោជន៍​បំផុត​ចំពោះ​សុខភាព ជាពិសេស​អាច​ជួយ​ឱ្យ​បេះដូង​ឆាប់​ជា​ពី​ជំងឺ និង​សុខភាព​ប្រព័ន្ធ​បេះដូង​សរសៃឈាម​ទាំងមូល​។

វា​ត្រូវ​បាន​គេ​អះអាង​ថា ខ្ទឹមបារាំង​អាច​បន្ថយ​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល និង​ខ្លាញ់ Triglycerides និង​ផ្តល់​ថាមពល​កាន់តែ​ខ្លាំង​ដល់​ភ្នាស​កោសិកា​គ្រាប់​ឈាមក្រហម​។ ដោយសារ​តែ​លក្ខណៈសម្បត្តិ​ទាំងនេះ​ហើយ​ទើប​ខ្ទឹមបារាំង​អាចជួយ​បង្ការ​ជំងឺ​គាំងបេះដូង​បាន​។

អ្នកវិទ្យាសាស្ត្រ​បាន​សន្និដ្ឋានថា ខ្ទឹមបារាំង​អាច​ពង្រឹង​ដល់​កំហាប់​របស់​ឆ្អឹង​បាន ដូច្នេះ​ហើយ​វា​អាច​ប្រើ​លើ​ស្ត្រី​រាំងរដូវ​ដែល​ប្រឈម​នឹង​ជំងឺ​ពុក​ឆ្អឹង​បាន​។ ស្ត្រី​ដែល​រាំងរដូវ​ហើយ​អាច​បន្ថយ​ការ​ប្រឈម​នឹង​ការ​បាក់ឆ្អឹង​នៅ​សន្លាក់​ត្រគៀក​បើសិនជា​ញ៉ាំ​រាល់ថ្ងៃ​។

ខ្ទឹមបារាំង​ក៏មាន​ឥទ្ធិពល​ប្រឆាំងនឹង​ការ​រលាក​ដែរ នេះ​ដោយសារ​តែ​ម៉ូលេគុល​ស្ពាន់ធ័រ​របស់​វា​ទៅ​ពង្រឹង​ដល់​សកម្មភាព​កោសិកា​គ្រាប់​ឈាមក្រហម​ដែល​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​មុខងារ​ប្រព័ន្ធ​ភាព​ស៊ាំ​។

បន្លែ​ប្រភេទ​នេះ​មាន​អង់​ទី​អុកស៊ី​ដង់​ច្រើន​ដែល​អាច​បង្ការ​ការធ្វើ​អុកស៊ីតកម្ម​អាស៊ីត​ខ្លាញ់​ក្នុង​រាងកាយ ដូច្នេះ​ហើយ​វា​នឹង​គ្រប់គ្រង​ការ​រលាក​បាន​យ៉ាង​ល្អ​។
​ការសិក្សា​បាន​បង្ហាញ​ទៀតថា ខ្ទឹមបារាំង​អាច​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​មហារីក​បាន​ច្រើន​ប្រភេទ​ទោះបីជា​ញ៉ាំ​ក្នុង​ចំនួន​តិចតួច​ក៏​ដោយ​។ វា​អាច​កាត់បន្ថយ​មហារីក​ពោះវៀន​ធំ និង​ក្រពេញ​អូ​វ៉ែ​។ អត្ថប្រយោជន៍​ផ្សេងៗ​ទៀត​មាន​ដូចជា ពង្រឹង​ដល់​តុល្យភាព​ជាតិ​ស្ករ​ក្នុង​ឈាម បង្ការ​ការបង្ក​រោគ​ដោយ​បាក់តេរី មាន​វីតាមីន C, A និង E ដែល​ជា​អង់​ទី​អុក​ស៊ីដង់ដ៏​ល្អ​បំផុត​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី07  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។