នារី​រូប​ស្រស់​បើក​ឡិច​ស៊ី​ស​350​ធ្លាក់​រណ្តៅ​លូ

នារី​រូប​ស្រស់​បើក​ឡិច​ស៊ី​ស​350​ធ្លាក់​រណ្តៅ​លូ

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ស្រស់​សោភា​ម្នាក់ បាន​បើករថយន្ត​ស៊េរី​ទំនើប ទំនង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន បណ្តាល​ឱ្យ​ធ្លាក់​រថយន្ត​ចូល​ក្នុង​ការដ្ឋាន​ជីក​ដាក់​លូ នៅ​តាម​ចិញ្ចើម​ផ្លូវ តែ​សំណាងល្អ​មិន​មាន​រង​របួស​ទេ កាលពី​វេលា​ម៉ោង​២​និង​២០​នាទី​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​៦ ធ្នូ តាម​បណ្តោយ​ផ្លូវ​លេខ​៧០ កែង​ផ្លូវ​លេខ​៥K ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ។

រថយន្ដ​ដែល​ធ្លាក់​ប្រឡាយ​នេះ​ម៉ាក Lexus RX 350 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2Z-5767  បើក​ដោយ​នារី​វ័យក្មេង​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ ទំនង​អាយុ​ក្រោម​២០​ឆ្នាំ ។បើ​តាម​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​នេះ​បើក​តាម​បណ្តោយ​ផ្លូវ​លេខ​៧០ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ពេល​មក​ដល់​ផ្លូវ​៥K ក៏ បត់​ស្តាំ ។ ប្រហែល​ដោយសារ​អ្នកបើកបរ​មិន​បានដឹង​ថា ផ្លូវ​នេះ​ត្រូវ​បាន​គេ​ជីក​កាយ​យ៉ាង​ជ្រៅ សម្រាប់​ដាក់​លូ​នៅ​តាម​ចិញ្ចើម​ផ្លូវ មិន​ទាន់​លុប​ទៅ​វិញ​នៅឡើយ ទើប​ជ្រុល​ចង្កូត​ធ្លាក់​ចូល​ក្នុង​រណ្តៅ ជីក​ដាក់​លូ​នោះ​ដាំ​ក្បាល​ចុះ​ក្រោម​ដល់​បាត​រណ្តៅ ចំតិត​គូទ​ឡើង​លើ គួរ​ឱ្យ​ព្រឺព្រួច ។ ប៉ុន្តែ​សំណាងល្អ​អ្នកបើកបរ​មិន​មាន​រង​របួស គួរ​ឱ្យ​កត់សម្គាល់​ទេ ដែល​ទំនង​ព្រលឹង​ចុង​សក់​ខ្លះ​ហើយ ។

ក្រោយ​ពេល​កើតហេតុ នារី​ជា​អ្នក​បើករថយន្ត បាន​ទូរស័ព្ទ​ហៅ​មិត្តភក្តិ និង​សាច់ញាតិ​បើករថយន្ត​កាម​រី​ហា​យ​ប្រី​ត និង​រថយន្ត​តូ​យ៉ូ​តា​ព្រូស មក​ដល់ នាំ​នាង​ទៅ​បាត់ រង់ចាំ​ព្រឹក​ទើប​ហៅ​រថយន្ត​មក​ស្ទូច​យក​ទៅ​ជួសជុល ។
អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​នៅ​ក្នុង​ហេតុការណ៍​ខាងលើ​ដែរ​នោះ គឺ​មាន​អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ និង​ម៉ូតូឌុប ដែល​បានឃើញ​ហេតុការណ៍​នេះ បាន​ឈ្លោះប្រកែក​គ្នា​ឡើង​ក្រហម​មុខ ។ ដោយសារ​ភាគី​ខាង​ម្ខាង​និយាយ​កាន់ជើង​ខាង​ម្ចាស់​រថយន្ត ហើយ​ទម្លាក់​កំហុស​ទៅ​ខាង​សាលា​រាជធានី​ភ្នំពេញ ដោយ​ចោទ​ថា ជីក​ការដ្ឋាន​ដាក់​លូ​មិន​ទាន់​ធ្វើ​រួចរាល់ មិន​ដាក់​រនាំង​បាំង ឬ​ស្លាក​សញ្ញា និង​ភ្លើង​បំភ្លឺ​ដើម្បី​ឱ្យ​អ្នកបើកបរ​បានដឹង​ផង ចៀសវាង​គ្រោះថ្នាក់​ជាយថាហេតុ ។ ចំណែក​ម្ខាង​ទៀត​និយាយ​លើក​ឡើង​ថា មក​ពី​អ្នកបើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ទើប​បណ្តាល​ឱ្យ​ធ្លាក់​ប្រឡាយ​ដូច្នេះ ម៉េច​ភ្នែក​ទុក​នៅឯណា0x017d7 មិនមែន​ជា​កំហុស​សាលា​រាជធានី​ភ្នំពេញ​ទេ ។

ក្រោយ​ពេល​កើតហេតុ ខាង​អាជ្ញាធរ​មូលដ្ឋាន​មិន​បាន​ឃាត់ខ្លួន​អ្នកបើកបរ​ទេ ដោយ​និយាយ​ថា ករណី​នេះ​មិន​មាន​ខូចខាត​ដល់​សម្បត្តិ​រដ្ឋ​ទេ ដូច្នេះ​ទុក​លទ្ធភាព​ឱ្យ​ម្ចាស់​រថយន្ត ដោះស្រាយ​ស្ទូច​រថយន្ត​យក​ទៅ​ជួសជុល​ដោយ​ខ្លួនឯង​ទៅ​ចុះ ។ ខាង​សមត្ថកិច្ច​គ្រាន់តែ​សម្រួល កុំឱ្យ​មានការ​កកស្ទះ​ចរាចរណ៍​ប៉ុណ្ណោះ ៕