អ្នកជំនាញ និងអ្នកស្រាវជ្រាវ នឹងមកជួបគ្នា ដើម្បីពិភាក្សាពីគុណតម្លៃល្បុក្កតោ

អ្នកជំនាញ និងអ្នកស្រាវជ្រាវផ្នែកវប្បធម៌សិល្បៈ កីឡា និងប្រវត្តិសាស្ត្រ ព្រមទាំងអ្នកឯកទេសមកពី UNESCO និងព្រឹទ្ធាចារ្យកីឡាមួយចំនួន នឹងត្រូវបានអញ្ជើញឲ្យចូលរួម នៅក្នុងសិក្ខាសាលាស្តីពីគុណតម្លៃល្បុក្កតោ ក្នុងសង្គមវប្បធម៌ជាតិខ្មែរ ដែលនឹងត្រូវធ្វើឡើងចំនួន២ថ្ងៃ គឺថ្ងៃទី១៨ និងទី១៩ ខែមករា ឆ្នាំ២០១៦ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ខាងមុខនេះ។
1
វាគ្មិនសំខាន់ៗ ដែលត្រូវបានអញ្ជើញឲ្យចូលរួម នៅក្នុងសិក្ខាសាលានេះ រួមមានលោក រស់ ចន្ទ្រាបុត្រ ទីប្រឹក្សារាជរដ្ឋាភិបាល និងជាសាស្ត្រចារ្យប្រវត្តិសាស្ត្រ និងលោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC លោក ហាប់ ទូច អគ្គនាយកក្រសួងវប្បធម៌ និងវិចិត្តសិល្បៈអ្នកសម្របសម្រួល លោក រ័ត្ន សណ្តាប់ អ្នកស្រាវជ្រាវ និងនិពន្ធវប្បធម៌ និងកីឡា លោក ឯកប៊ុនថា អគ្គនាយករងបច្ចេកទេសក្រសួងវប្បធម៌ លោក សាន គឹមស៊ាន ប្រធានបណ្ឌិតសភាល្បុក្កតោ លោក ហុក ឈាងគីម គ្រូក្បាច់គុនចម្រុះ លោក Phillippe Delanghe មកពី UNESCO និងលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

អ្នកជំនាញនីមួយៗ នឹងត្រូវឡើងបកស្រាយនៅប្រធានបទផ្សេងៗពីគ្នា ទៅតាមជំនាញ រៀងៗខ្លួន ដើម្បីស្វែងរកឲ្យឃើញនៅគំនិតរួមដ៏ល្អមួយ ក្នុងការអភិរក្ស និងអភិវឌ្ឍន៍មរតកក្បាច់គុនដ៏មានតម្លៃ ដែលដូនតាបានបន្សល់ទុកឲ្យនេះ ខណៈ លោករដ្ឋមន្តីក្រសួងទេសចរណ៍ ថោង ខុន ដែលជាប្រធាន NOCC និងលោកបណ្ឌិត ហ៊ុន ម៉ាណែត និងអញ្ជើញចូលរួមជាអធិបតីភាពក្នុងសិក្ខាសាលដ៏សំខាន់នេះ។

លោក វ៉ាត់ ចំរើន ដែលជាអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ផងដែរ បានថ្លែងថា៖«សិក្ខាសាលានេះ មានគោលបំណងធំចំនួន៤ ដើម្បីជំរុញការកសាងឯកសារសម្រាប់កូនខ្មែរជំនាន់ក្រោយ។ គោលបំណងទី១ គឺរៀបចំប្រមែប្រមូលធាតុផ្សំ និងធាតុចូលនៃគុណតម្លៃក្បាច់គុនល្បុក្កតោ ក្នុងវប្បធម៌ និងសង្គមខ្មែរ ទី២ ចងក្រងឯកសារទុកសម្រាប់កូនខ្មែរជំនាន់ក្រោយសម្រាប់ជាតិ ហើយទី៣ បំពេញបែបបទឲ្យបានគ្រប់គ្រាន់បញ្ជូលក្បាច់គុនល្បុក្កតោ ជាសម្បត្តិបេតិកភ័ណ្ឌនៃមនុស្សជាតិរបស់ UNESCO និងទី៤ បំផុសការផ្សព្វផ្សាយការយល់ដឹង និងបំផុសការចូលរួមអភិរក្ស និងអភិវឌ្ឍក្បាច់គុនខ្មែរជាព្រលឹងជាតិ»៕