ស្វាមីភរិយា​1200​គូ​ប្រារព្ធ​ខួបអាពាហ៍ពិពាហ៍​រួម​គ្នា​បង្ហាញ​ភក្តី​ស្នេហ៍

ស្វាមីភរិយា​1200​គូ​ប្រារព្ធ​ខួបអាពាហ៍ពិពាហ៍​រួម​គ្នា​បង្ហាញ​ភក្តី​ស្នេហ៍

ខេត្តបន្ទាយមានជ័យ ៖ គូ​ស្វាមីភរិយា​គ្រួសារ​វ័យ​ចំណាស់​១.២០០​គូ ដែល​ខ្លះ​រៀប​ការ​តាម​ការ​ចាត់តាំង​របស់​អង្គការ​ខ្មែរក្រហម ខ្លះ​ក៏​បាន​រៀប​ការ​តាម​ទំនៀមទម្លាប់​យូរ​ឆ្នាំ​មក​ហើយ បាន​ជួបជុំ​គ្នា​ប្រារព្ធ​ខួបអាពាហ៍ពិពាហ៍​របស់​ខ្លួន​ជា​លើក​ដំបូង​រួម​គ្នា​បន្តបន្ទាប់​លើក​ទី​បី​ចំនួន​៨០០​គូ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​កាលពី​ថ្ងៃ​ទី​៥ មក​រា នៅ​ក្នុង​បរិវេណ​វិទ្យាល័យ​មា​៉​ឡៃ និង​លើក​ទី​២ មាន​៤០០​គូ ត្រូវ​បា​បន​ប្រារព្ធ​ធ្វើ​នៅ​ស្រុក​មង្គល​បូ​រី​ថ្ងៃ​ទី​៦ មក​រា ស្រុក​ម៉ាឡៃ ដើម្បី​បង្ហាញ​ពី​ក្តី​ស្រឡាញ់ និង​សុខ​សន្តិភាព​ទៅ​កាន់​ពិភពលោក ។

ការ​ប្រារព្ធ​ពិធី​ជួបជុំ​គ្នា​ស្វាមីភរិយា ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​អង្គការ​សហព័ន្ធ​សន្តិភាព​សកល​កម្ពុជា (Universal Peace Federation Cambodia) សម្រាប់​ពិធី​នៅ​ស្រុក​ម៉ា​ឡៃ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក សួន បវរ អភិបាលរង​ខេត្ត លោក ហ៊ុត ហេ​ន នាយក​សាខា PF-BTB  នាយ​ឧត្តមសេនីយ៍ សុខ ភាព ទីប្រឹក្សា​ក្រសួងការពារជាតិ លោក អែម សុខា អភិបាលស្រុក​មា​៉​ឡៃ អបអរសាទរ​ពី​គូ​ភរិយា​ស្វាមី​ទាំង​៨០០​គូ រួម​ទាំង​សាច់ញាតិ​បងប្អូន​ជា​ច្រើន​នាក់​ផង​ដែរ ។

លោក សួន បវរ មាន​ប្រសាសន៍​ថា ការ​ប្រារព្ធ​ពិធី​នេះ បាន​ធ្វើ​ឡើង​ក្នុង​គោលបំណង​ដើម្បី​រំលឹក​អនុស្សាវរីយ៍​ពី​អតីតកាល និង​ជា​ការ​អប់រំ​ដល់​ក្រុម​គ្រួសារ ដែល​ជា​សមាជិក​សង្គម ឱ្យ​មានការ​គោរព​ស្រឡាញ់​គ្នា ស្មោះត្រង់​រវាង​គ្នា​និង​គ្នា​ចាប់ដៃ​គ្នា កសាង​សុភមង្គល​គ្រួសារ ក្នុង​ន័យ «​សន្តិភាព​ផ្តើម​ចេញពី​គ្រួសារ​» ។
លោក​បវរ​ថ្លែង​ថា គូ​ស្វាមីភរិយា​ចំនួន​៨០០​គូ​នេះ ខ្លះ​ជា​អតីត​ទាហាន ខ្លះ​ជា​ប្រជាជន​នៅ​តំបន់​អតីត​ខ្មែរក្រហម​មា​៉​ឡៃ ស្រុក​មា​៉​ឡៃ ខេត្តបន្ទាយមានជ័យ បាន​ចូលរួម​ពិធី​រំលឹក​អនុស្សាវរីយ៍ ដែល​ខ្លះ​បាន​ចាប់ដៃ​គ្នា​ក្នុង​គ្រា​កម្សត់​ស្ម័គ្រ​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា ខ្លះ​បាន​សំពះ​ផ្ទឹម​រៀប​ការ​តាម​ទំនៀមទម្លាប់ បាន​មូលចិត្ត​គ្នា ចូលរួម​ពិធី​រំលឹក​អនុស្សាវរីយ៍​ទ្រង់ទ្រាយ​ធំ និង​ជា​លើក​ដំបូង​នេះ ។

លោក​បាន​លើក​ឡើង​ទៀត​ថា រយៈពេល​៣៧​ឆ្នាំ​កន្លង​ទៅ ផ្តើម​ចេញពី​ជ័យជម្នះ​៧​មក​រា ប្រជាជន​កម្ពុជា​បាន​សម្រេច​នូវ​ការ​ផ្លាស់​ប្តូរ​សង្គម​យា​៉​ង​ធំធេង ដែល​គ្មាន​អ្នក​ណា​អាច​នឹក​ស្មាន​ដល់ ជា​ពិសេស​ទឹកដី​កម្ពុជា​យើង​ក្លាយជា​ប្រទេស​ជាតិ​មួយ មាន​សុខ​សន្តិភាព សេរីភាព ឯកភាព ស្ថិរភាព និង​ការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ធ្វើ​ឱ្យ​ជីវភាព​ប្រជាពលរដ្ឋ​ត្រូវ​បាន​លើកកម្ពស់​ឥត​ឈប់​ឈរ ។

លោក ហា​ជី​មី សៃ​តុ ប្រធាន​សហព័ន្ធ​សន្តិភាព​សកល​ប្រចាំ​តំបន់​ឥណ្ឌូចិន បាន​មាន​ប្រសាសន៍​ថា សហព័ន្ធ​សន្តិភាព​សាកល​កម្ពុជា​(UPF) ដែល​បាន​រៀបចំ​រំលឹក​ខួបអាពាហ៍ពិពាហ៍​មហា​គ្រួសារ​ខ្មែរ​ចំនួន​៨០០​គូ ដ៏​អធិកអធម​នេះ លោក​សូម​ប្រសិទ្ធពរ​ជ័យ​សិរី​សួស្តី​ជ័យ​មង្គល​ជូន​ដល់​គូ​ស្វាមីភរិយា​ពី​អតីតកាល និង​អប់រំ​ក្រុម​គ្រួសារ ដែល​ជា​សមាជិក​សង្គម​ឱ្យ​មានការ​គោរព​ស្រ​ទ្បា​ញ់​គ្នា​ស្មោះត្រង់​រវាង​គ្នា ចាប់ដៃ​គ្នា​កសាង​សុភមង្គល​គ្រួសារ​ក្រោម​ច្បាប់​ស្តី​ពី​ឯក​ពន្ធភាព ។ នេះ​ជា​ការ​រួមចំណែក​លើ​ការងារ​ពង្រឹងស្មារតី​នៃ​ក្តី​ស្រ​ទ្បា​ញ់ សេចក្តី​សេ្ន​ហា​បរិសុទ្ធ​នៃ​គូ​ស្វាមីភរិយា ដែល​បាន​ជ្រើសរើស​គ្នា​ជា​ដៃគូ​ប្រចាំជីវិត​នៃ​គ្រួសារ​នីមួយ​ៗ ។

ក្នុង​ចំណោម​គូ​ស្វាមីភរិយា​ទាំង​៨០០​គូ ក៏​មាន​គូ​ស្វាមីភរិយា​មួយ​ចំនួន បាន​យក​គ្នា​ជា​ប្តី​ប្រពន្ធ​នា​សម័យ​នៃ​របប​ប៉ុ​ល​ពត ដែល​បាន​ដាក់​បញ្ជា​ក្នុង​នាម​អង្គការ​ឱ្យ​ចាប់ដៃ​ជា​គូ​ស្វាមីភរិយា និង​បាន​រួមរស់​ជាមួយ​គ្នា​មានកូន​ពូន​ជា​ចៅ​ប្រកបដោយ​សុភមង្គល ក្នុង​ក្រុម​គ្រួសារ​ត​កូន​ពូន​ជា​ចៅ​ផង​ដែរ ។

លោក​ប្រធាន​សហព័ន្ធ​សន្តិភាព​សកល​ប្រចាំ​តំបន់​ឥណ្ឌូចិន បាន​មាន​ប្រសាសន៍​ថា សហព័ន្ធ​សន្តិភាព​សកល​កម្ពុជា (UPF) បាន​ប្រារព្ធ​ខួបអាពាហ៍ពិពាហ៍​ជូន​គូ​ស្វាមីភរិយា​នេះ ជា​លើក​ទី​២​ក្នុង​ខេត្តបន្ទាយមានជ័យ ដែល​លើក​ទី​១​នៅ​ស្រុក​ម៉ា​ទ្បៃ​ចំនួន​៨០០​គូ និង​លើក​ទី​២​នៅ​ស្រុក​មង្គល​បូ​រី​ចំនួន​៤០០​គូ ហើយ​គ្រោង​ធ្វើ​បន្ត​ទៀត​តាម​ស្រុក​និង​ក្រុង​ក្នុង​ខេត្តបន្ទាយមានជ័យ​នេះ ។

លោក​បាន​បញ្ជាក់​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ប្រារព្ធ​ធ្វើ​ខួបអាពាហ៍ពិពាហ៍​របស់​គូ​ស្វាមីភរិយា ដែល​បាន​ធ្វើ​មាន​ចំនួន​៥​រាជធានី ខេត្ត មាន​រាជធានី​ភ្នំពេញ ព្រៃវែង ក្រចេះ បាត់ដំបង និង​បន្ទាយ​មាន​ជ័យ ។លោក គោ​សុំ សា​រឿ​ត អភិបាល​ខេត្តបន្ទាយមានជ័យ ដែល​បាន​អញ្ជើញ​ជា​អធិបតី​នៅ​ស្រុក​មង្គល​បូ​រី មាន​ប្រសាសន៍​ថ្លៃ​ង​អំណរ​គុណ​ចំពោះ​សហព័ន្ធ​សន្តិភាព​សកល​កម្ពុជា (UPF) ដែល​បាន​ធ្វើ​ខួប​អា​ពា​ហ៍​ពី​ពា​ហ៍​ដល់​ប្រជាពលរដ្ឋ​២​ស្រុក ព្រមទាំង​បាន​ស្នើ​សុំ​ឱ្យ​បន្ត​ធ្វើ​នៅ​ទូ​ទាំង​៩​ស្រុក​/​ក្រុង​ក្នុង​ខេត្តបន្ទាយមានជ័យ ។

លោក​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ដែល​រៀប​អា​ពា​ហ៍​ពា​ហ៍​មួយ​ចំនួន ត្រូវ​បាន​អង្គការ​សម័យ​ប៉ុ​ល​ពត​ឱ្យ​ចាប់ដៃ​គ្នា​ជា​ប្ដី​ប្រពន្ធ រហូត​ពេល​នេះ​ខ្លះ​ក៏​មានកូន​ពូន​ជា​ចៅ ហើយ​ប្រជាពលរដ្ឋ​ខ្លះ​បាន​រៀប​អា​ពា​ហ៍​ពី​ពា​ហ៍​មុន និង​ក្រោយ​ថ្ងៃ​រំដោះ ដែល​សុទ្ធ​សឹង​ជា​គ្រួសារ​មាន​សុភមង្គល ៕