ភ្ញៀវទេសចរណ៍ ទៅទស្សនា កម្សាន្តខេត្ត ក្រចេះជាង ៤៥ម៉ឺននាក់ ក្នុងឆ្នាំ២០១៥ កើនជាង៧៨%

ភ្នំពេញ៖ ខណៈដែលវិស័យទេសចរណ៍ នៅកម្ពុជាកាន់តែមានការ កែលម្អប្រសើរឡើងៗ ពីមួយថ្ងៃ ទៅមួយថ្ងៃ និងព្រមទាំងមានផ្លូវធ្វើដំណើរ ស្រួលទៅកាន់តំបន់ រម្មណីយដ្ឋានានា បានធ្វើឲ្យភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ កាលពីឆ្នាំ ២០១៥ បានទៅទស្សនាកម្សាន្តនៅខេត្តក្រចេះ មានចំនួនជាង ៤៥ម៉ឺននាក់ ដែលចំនួននេះ បើធៀបទៅនឹងឆ្នាំ២០១៤ មានការកើនឡើង ចំនួនប្រមាណជាង ៧៨ភាគរយ។

យោងតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា ដែលទទួលបានរបាយការណ៍ ពីមន្ទីរទេសចរណ៍ខេត្តក្រចេះ បានឲ្យដឹងថា ចំនួនភ្ញៀវទេសចរណ៍ ដែលបានចូលមកកម្សាន្តនៅក្នុងខេត្តក្រចេះ កាលពីឆ្នាំ២០១៥ មានចំនួនសរុប ៤៥៧.៩៥៣នាក់ ចំនួននេះបើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ២០១៤ គឺមានការកើនឡើងរហូតដល់ទៅ ៧៨,៥៣ភាគរយ។

របាយការណ៍ខាងលើបានបន្តថា ភ្ញៀវទេសចរណ៍ជាតិមានចំនួន ៤៣៣.៧១៤នាក់ កើនឡើង ២០០.៨៧១នាក់ ស្មើនឹង ៨៦,២៦ភាគរយ និងភ្ញៀវទេសចរអន្តរជាតិមានចំនួន ២៤.២៣៩នាក់ កើនឡើង ៥៧៧នាក់ ស្មើនឹង ២,៤៣ភាគរយ។
លោក រុន ភារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ បានឲ្យដឹងថា ភ្ញៀវទេសចរដែលចូលមកកម្សាន្តនៅខេត្តក្រចេះភាគច្រើន នៅក្នុងអំឡុងខែកុម្ភៈ មីនា និងខែមេសា ហើយភ្ញៀវដែលមានកំណើនដ៏ច្រើនសម្រាប់ឆ្នាំ ២០១៥នេះ គឺភ្ញៀវចូលមកកម្សាន្តបុណ្យទន្លេដែលប្រព្រឹត្តឡើងកាលពីក្នុងខែមីនា ឆ្នាំ២០១៥ កន្លងទៅ មានចំនួនរហូតដល់ជាង ២០០.០០០នាក់។

សូមបញ្ជាក់ថា ភ្ញៀវទេសចរអន្តរជាតិ ដែលចូលចិត្តមកទស្សនាខេត្តក្រចេះ គឺមកពីប្រមាណ៤៩ប្រទេសលើពិភពលោក ដែលក្នុងនោះជនជាតិបារាំងនៅតែនាំមុខគេជារៀងរាល់ឆ្នាំ៕

ភ្ញៀវទេសចរណ៍ ទៅទស្សនា កម្សាន្តខេត្ត ក្រចេះជាង ៤៥ម៉ឺននាក់ ក្នុងឆ្នាំ២០១៥ កើនជាង៧៨%