សម្តេច​ហ៊ុនសែន ប្តូរ​ចិត្ត មិន​កែ​ច្បាប់ ដែល​កំណត់​ឲ្យ​មេបក្សនយោបាយ ត្រូវមាន​សញ្ជាតិ​ខ្មែរ​តែមួយ​នោះទេ​

ភ្នំពេញ: ក្នុង​មី​ទ្ទិញ​រម្លឹក​ខួប​អនុស្សាវរីយ៍ លើក​ទី​៣៧ ឆ្នាំ ថ្ងៃជ័យ​ជម្នះ ៧​មករា សម្តេច​ហ៊ុន​សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានប្រកាស​ពី​ការសម្រេច​ជាថ្មី ដោយ​មិន​ឲ្យ​មានការ​កែប្រែ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដើម្បី​កំណត់​ឲ្យ​មេបក្ស​នយោបាយ​​ទាំងអស់ ត្រូវមាន​សញ្ជាតិ​ខ្មែរ​តែមួយ​នោះទេ​។ ពីមុន សម្តេច​ហ៊ុនសែន បានប្រកាស​ចង់​ឲ្យ​មានការ​កែប្រែ​ច្បាប់​គណបក្សនយោបាយ ត្រូវតែមាន​សញ្ជាតិ​ខ្មែរ​តែមួយ​ពី​កំណើត​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែងថា មេបក្ស​នយោបាយ​ទាំងអស់ នៅ​កម្ពុជា អាច​បន្ត​រក្សា​សញ្ជាតិ​ច្រើន​បាន ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​ការបោះឆ្នោត​ឲ្យ​បាន​កាន់តែច្រើន​។ តែ​កម្ពុជា មិនអាច​ក្លាយជា​ចំណាប់ខ្មាំង​របស់​ទណ្ឌិត ម្នាក់ ឬ​ពីរ​នាក់​បាន​នោះឡើយ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា ការសម្រេច​ឲ្យ​មេបក្សនយោបាយ​មាន​សញ្ជាតិ​ច្រើន​នេះ គឺ​ចង់​ផ្តល់ឱកាស​ឲ្យ​ប្រជាពលរដ្ឋ​នៅក្រៅ​ប្រទេស ដែលមាន​សញ្ជាតិ​ច្រើន មានឱកាស​ចូលរួម​ធ្វើ​នយោបាយ​រួមគ្នា​ឲ្យ​បាន​កាន់តែច្រើន​ថែមទៀត​។

​សម្តេច​តេ​ជោ ក៏បាន​ប្រកាស​ស្វាគមន៍​គណបក្សនយោបាយ​ទាំងអស់ ចូលរួម​ប្រកួត​ប្រជែង​ការបោះឆ្នោត​ឃុំ​-​សង្កាត់​ឆ្នាំ​២០១៧ និង​បោះឆ្នោតជាតិ​ឆ្នាំ​២០១៨៕​