សម្ដេច ហ៊ុន សែន ប្ដូរ​ចិត្ត​ឲ្យ​អ្នកនយោបាយ​សញ្ជាតិ​២​ឡើងទៅ​អាច​ធ្វើជា​ប្រធាន​បក្ស​

​ពី​ពិធី​មី​ទ្ទិញ​រំឭក​ខួប​លើក​ទី​៣៧ នៃ​ទិវា​ជ័យជម្នះ​៧​មករា នៅ​ព្រឹក​នេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ជាថ្មី​ថា អ្នកនយោបាយ​មាន​សញ្ជាតិ​ប៉ុន្មាន​ក៏ដោយ ក៏​នៅតែ​អាច​ធ្វើជា​ប្រធាន​គណបក្សនយោបាយ​បានដែរ​។ ប្រមុខ​រដ្ឋាភិបាល បាន​បញ្ជាក់ថា គណបក្ស​លោក​នឹងមិន​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដោយ​កំណត់​ឲ្យ​ប្រធាន​គណបក្សនយោបាយ ត្រូវមាន​សញ្ជាតិ​តែមួយ ដូច​ការលើកឡើង​កន្ល​ង​មក​នោះឡើយ​។​

​បើតាម​នាយករដ្ឋមន្ត្រី ហ៊ុន សែន ការមិន​បង្កើត​ច្បាប់​កំណត់​ប្រធាន​គណបក្សមាន​សញ្ជាតិ​តែមួយ​នេះ គឺ​ដើម្បី​បើកឱកាស​ឲ្យ​អ្នកមាន​សញ្ជាតិ​ច្រើន​អាច​ចូលរួម​ធ្វើ​នយោបាយ​។​ហើយ​គណបក្ស​ប្រជាជន​កម្ពុជា ស្វាគមន៍​អ្នក​ដែលមាន​សញ្ជាតិ​ច្រើន​ទាំងនោះ ចូលរួម​​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​។ ប្រមុខ​រដ្ឋាភិបាល បន្ថែម​បែប​ចំអក​ថា ទោះ​ជាមាន​សញ្ជាតិ​ច្រើនក៏ដោយ ក៏​មិនមែនជា​បញ្ហា​ដែល​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​ភ័យព្រួយ​នោះឡើយ​៕