លោក ហ៊ុន សែន លែង​ឲ្យ​មាន​ច្បាប់​កំណត់​សញ្ជាតិ​តែ​មួយ​សម្រាប់​ប្រធាន​បក្ស​នយោបាយ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ឈប់​កំណត់​ថា ប្រធាន​គណបក្ស​នយោបាយ​ទាំងអស់​ត្រូវ​តែ​មាន​សញ្ជាតិ​តែ​មួយ​ទៀត​ហើយ បន្ទាប់​ពី​លោក​ចង់​ធ្វើ​ច្បាប់​នេះ ដើម្បី​កុំ​ឲ្យ​អ្នក​នយោបាយ​មួយ​ចំនួន​កាន់​ទិដ្ឋាការ​រត់​ចោល​ស្រុក ឬ​បរទេស​អន្តរាគមន៍​មក​កម្ពុជា ពេល​មាន​រឿង​កើត​ឡើង។

លោក ហ៊ុន សែន ថ្លែង​បែប​នេះ ក្នុង​ពិធី​ខួប​​៧​មករា លើក​ទី​៣៧ នៅ​ព្រឹក​ថ្ងៃ​ទី​៧ មករា ២០១៦។ លោក​អះអាង​ថា បក្ស​របស់​លោក​គឺ​ជា​បក្ស​ធំ នឹង​មិន​ខ្លាច​បក្ស​តូចៗ​ដទៃ ក្នុង​ការ​ប្រកួត​ប្រជែង​ពេល​បោះឆ្នោត​ឡើយ៖ «អ្នក​នយោបាយ​ទាំងអស់ ចង់​មាន​សញ្ជាតិ​១០ ក៏​អាច​ធ្វើ​ជា​ប្រធាន​បក្សនយោបាយ​​បាន​ដែរ»

កាល​ពី​ថ្ងៃ​ទី​២៨ ធ្នូ ២០១៥ លោក ហ៊ុន សែន ប្រកាស​ថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​ធ្វើ​ច្បាប់​កំណត់​ប្រធាន​គណបក្ស​នយោបាយ និង​ស្ថាប័ន​មួយ​ចំនួន ឱ្យ​មាន​សញ្ជាតិ​តែ​មួយ ព្រោះ​បច្ចុប្បន្ន មាន​ច្បាប់​មួយ​រួច​ទៅ​ហើយ គឺ​ប្រធាន និង​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ត្រូវ​តែ​ជា​សញ្ជាតិ​ខ្មែរ​តែមួយ៖ «អ៊ីចឹង​ត្រូវ​រៀបចំ​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ ប្រធាន​រដ្ឋសភា ប្រធាន​ព្រឹទ្ធសភា ប្រធាន​តុលាការ​កំពូល អគ្គ​ព្រះរាជអាជ្ញា​អម​តុលាការ​កំពូល ត្រូវ​សញ្ជាតិ​ខ្មែរ​ទាំង​អស់ រាប់​អគ្គ​សវនករ ប្រធាន​ក្រុម​ប្រឹក្សា​ប្រឆាំង​អំពើ​ពុករលួយ​ត្រូវ​សញ្ជាតិ​ខ្មែរ​ទាំង​អស់»

យ៉ាងណា​ក៏​ដោយ មន្ត្រី​ជាន់​ខ្ពស់​បក្ស​កាន់​អំណាច និង​តំណាងរាស្ត្រ​រដ្ឋសភា​បក្ស​នេះ លោក ឈាង វុន ក៏​បាន​ប្រកាស​គាំទ្រ​ច្បាប់​នេះ​ដែរ បើ​ច្បាប់​តម្រូវ​ឲ្យ​តំណាងរាស្ត្រ​មាន​សញ្ជាតិ​តែ​មួយ។ លោក​ថា លោក​សុខចិត្ត​លះបង់​សញ្ជាតិ​បារាំង​របស់​លោក ដើម្បី​ស្រប​តាម​ការ​ចង់​បាន​​របស់​ប្រមុខ​រដ្ឋាភិបាល។

ប៉ុន្តែ​មន្ត្រី​បក្ស​ប្រឆាំង​វិញ ហៅ​ការ​ប៉ុនប៉ង​ធ្វើ​ច្បាប់​បែប​នេះ​ថា ជា​ការ​រើសអើង ហើយ​គណបក្ស​លោក មិន​គាំទ្រ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​បែប​នេះ​ទេ។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​របស់​យើង...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។