សម្តេចតេជោ​ ហ៊ុន សែន​ ៖ ប្រជាពលរដ្ឋដែលធ្វើប័ណ្ណ​បើកបរម៉ូតូរួចហើយ ​រាជរដ្ឋាភិបាល​នឹងបង់ថវិកាសងវិញ

រាជធានីភ្នំពេញ ៖​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន ​បានសរសេរនៅលើបណ្តាញ​ទំនាក់ទំនងសង្គម (Facebook) Page​ ​ផ្លូវការ​របស់សម្តេចបង្ហោះ មាន ខ្លឹមសារទំាងស្រុងថា​ "ខ្ញុំសូមឆ្លើយបញ្ជាក់ទៅ​និងសំណួរប្រជាពលរដ្ឋខាងក្រោម:-

១-ប្រសិនបើប្រជាពលរដ្ឋបាន​បង់លុយសម្រាប់ថ្លៃប្រឡង​យកប័ណ្ណបើកបរម៉ូតូ (125CCចុះក្រោម)​ រួចហើយ ​ហើយការសំរេចថ្មីនេះ​បានកំណត់មិន​អោយបង់លុយថ្លៃ​ប័ណ្ណបើកបរ ​គឺសូមប្រជាពលរដ្ឋមក​ទទួលប្រាក់វិញគ្រប់ៗគ្នា។

២-ចំពោះប្រជាពលរដ្ឋដែល​បានទទួលប័ណ្ណបើកបរម៉ូតូរួចហើយ​ (125CC ចុះក្រោម)​ ប្រសិនបើមានបំណងចង់​ទទួលយកលុយវិញ ​គឺរាជរដ្ឋាភិបាលនឹងបង់ថវិកា​សង​វិញគ្រប់ចំនួន​ទៅតាមតម្លៃផ្លូវការ​ដែលបានបង់រួចពីមុន។

ខ្ញុំបានណែនាំ​រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ​និង ហិរញ្ញវត្ថុឱ្យសហការជាមួយ​រដ្ឋមន្ត្រីក្រសួងសាធារណការ ​និងដឹកជញ្ជូនដើម្បីចាត់វិធានការ​ជូនបងប្អូនឱ្យបានឆាប់បំផុត៕