គួរ​ចាត់វិធានការ​លើ​សមត្ថ​កិច្ច​ខិលខូច​ដែល​បើកដៃ​ឲ្យ​យួន​ចូល​កាប់​ឈើ​តាម​ព្រំដែន​ក្នុងស្រុក​ពេ​ជ្រា​ដា

​ថ្មីៗ​កន្លងទៅនេះ​ករណី​ជនជាតិ​យួន​ឆ្លងដែន​ចូលមក​កាប់​ឈើ​ខុសច្បាប់​លើ​ទឹកដី​ខ្មែរ​ក្នុង​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី បានកើត​ឡើងជា​បន្តបន្ទាប់ ហើយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថ​កិច្ចការពារ​ព្រំដែន មិន​ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​នោះទេ​។ ផ្ទុយទៅវិញ​ប្រភពពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុង​ឃុំ​ប៊ូ​ស្រា បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​ការពារ​ព្រំដែន និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ប្រចាំ​ស្រុក​ពេ​ជ្រា​ដា គឺជា​អ្នក​បើកដៃ​ឲ្យ​ជនជាតិ​យួន​ចូលមក​កាប់​ឈើ​លើ​ទឹកដី​ខ្មែរ​ជា​ថ្នូរ​នឹង​លុយកាក់​យ៉ាង​សុខ​ស្រួល​។ បញ្ហា​នេះ​លោក អេង ប៊ុន​ហ៊ាង អភិបាលខេត្ត​មណ្ឌលគិរី និង​លោក ឆេង គឹម​សុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ គួរ​ពិនិត្យឡើងវិញ និង​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​របស់​ជនជាតិ​យួន​ប្រកបដោយ​ប្រសិទ្ធភាព​។

​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​ឃ្លាំមើល​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា នគរបាល​ការពារ​ព្រំដែន​៣​នាក់ និង​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ម្នាក់ ត្រូវបាន​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ភូមិ​ពូ​លុ និង​ភូមិ​លំ​មេះ ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ដាក់ពាក្យ​ប្ដឹងទៅ​តុលាការ​ពីបទ​បណ្តែតបណ្ដោយ​និង​ឃុបឃិត​ឲ្យ​ជនជាតិ​យួន​ឆ្លងដែន​ខុសច្បាប់​ចូលមក​កាប់​ឈើ​លើ​ទឹកដី​ខ្មែរ​យ៉ាង​អនាធិបតេយ្យ​។ ទន្ទឹមនឹងនេះ​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ជំរុញ​ឲ្យ​សាលាដំបូង​ខេត្តមណ្ឌលគិរី បើក​ការស៊ើបអង្កេត​ដោយ​ត្រឹមត្រូវ​និង​យុត្តិធម៌​តាម​ពាក្យបណ្ដឹង​របស់​ប្រជា​សហគមន៍​។ ដោយហេតុថា កាលពី​ព្រឹក​ថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០១៦ តំណាង​សហគមន៍​ឃុំ​ប៊ូ​ស្រា បាន​យក​វត្ថុតាង​រឹបអូស​ពី​ជនជាតិ​យួន​ទៅ​ប្រគល់​ឲ្យ​តុលាការ​រួចហើយ​។

​តំណាង​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ភូមិ​ពូ​លុ និង​ភូមិ​លំ​មេះ បាន​ឲ្យ​ដឹងថា កាលពី​អធ្រាត្រ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៥ ក្រុម​ល្បាត​ការពារ​ព្រៃ​សហគមន៍​ភូមិ​ពូ​លុ និង​ភូមិ​លំ​មេះ ២៧​នាក់​បាន​រឹបអូស​គោយន្ត​២​គ្រឿង ម៉ាស៊ីន​កាត់ឈើ​៤​គ្រឿង និង​ម៉ូតូ​១​គ្រឿង បន្ទាប់ពី​ពួកគាត់​ប្រទះឃើញ​ជនជាតិ​យួន​មួយក្រុម​មាន​គ្នា​ប្រមាណ​១០​នាក់ ឆ្លងដែន​ចូលមក​កាប់​ឈើ​ក្នុងព្រៃ​ការពារ​ឃុំ​ប៊ូ​ស្រា​។ តំណាង​សហគមន៍​បាន​ឲ្យ​ដឹង​ទៀតថា មន្ត្រី​ទាំង​៤​នាក់​ដែល​ពួកគាត់​ប្តឹងទៅ​តុលាការ​ឲ្យ​ចាត់វិធានការ​តាមច្បាប់​នោះ រួមមាន​នាយ​នគរបាល​ប៉ុស្តិ៍​ការពារ​ព្រំដែន​កង់​រ៉ូ​ឡង់ លោក កែវ សុភាព ,​នាយ​នគរបាល​ប៉ុស្តិ៍​ការពារ​ព្រំដែន​ឡំ​ពឺ លោក ប្រាក់ ភិរម្យ ,​នាយ​នគរបាល​ប៉ុស្តិ៍​ការពារ​ព្រំដែន​ទួល​ស្វាយ លោក ហិន ស៊ី​ត្រា និង​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ពេ​ជ្រា​ដា លោក គង់ វីរៈ​។ តំណាង​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុង​ឃុំ​ប៊ូ​ស្រា សង្ឃឹមថា​មន្ត្រី​តុលាការ​នឹង​ចាត់ការ​តាមច្បាប់​ទៅលើ​នាយ​នគរបាល​ប៉ុស្តិ៍​ទាំង​៣​នាក់ និង​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ពេ​ជ្រា​ដា​ជាមិនខាន ព្រោះ​ពួកគេ​ឃុបឃិត​គ្នា​ឲ្យ​ជនជាតិ​យួន​ចូល​កាប់​ឈើ​លើ​ទឹកដី​ខ្មែរ​តាម​អំពើ​ចិត្ត​៕

12476033_943823642377893_1469826257_n 12483704_943823619044562_232964871_n