ចេញ​ដីកាចាប់ខ្លួន​លោក សម រង្ស៊ី ជា​បន្តបន្ទាប់ ធ្វើឡើង​ក្រោម​ហេតុផល​នយោបាយ​សុទ្ធសាធ​

អ្នកតាមដាន​បញ្ហានយោបាយ​ក្នុងប្រទេស​កម្ពុជា​បាន​វាយតម្លៃថា ការចេញ​ដីកាចាប់ខ្លួន​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ជា​បន្តបន្ទាប់​គឺធ្វើឡើង​ក្រោម​ហេតុផល​នយោបាយ​សុទ្ធសាធ ដោយសារ​ប្រជាប្រិយភាព​គណបក្ស​សង្គ្រោះ​ជាតិ​កាន់តែ​កើនឡើង ហើយ​ប្រជាប្រិយភាព​របស់​គណបក្ស​កាន់អំណាច​កាន់តែ​ធ្លាក់ចុះ​។ ជាមួយគ្នានេះ​មន្ត្រីជាន់ខ្ពស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ក៏បាន​លើកឡើង​ដែរ​ថា ការចេញ​ដីកាចាប់ខ្លួន​លោក សម រង្ស៊ី ជា​បន្តបន្ទាប់ គឺ​ដោយសារ​គណបក្សកាន់អំណាច​ខ្លាច​វត្តមាន​លោក សម រង្ស៊ី ឬ​គណបក្ស​សង្គ្រោះ​ជាតិ​។ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់ថា គណបក្សកាន់អំណាច​ដែល​ដឹកនាំ​ប្រទេស​ជាង​៣០​ឆ្នាំ​កន្លងមកនេះ មានរឿង​អយុត្តិធម៌​ជាច្រើន​នៅក្នុង​សង្គម ហើយ​រដ្ឋាភិបាល​គ្មាន​សមត្ថភាព​ដោះស្រាយ​ផ្តល់​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​។

​លោក យឹម សុវណ្ណ តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ និង​ជា​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​មានប្រសាសន៍ថា គណបក្ស​សង្គ្រោះ​ជាតិ​មិន​ចាប់អារម្មណ៍​នឹង​ដីកា​ថ្មី​មួយទៀត​របស់​តុលាការ​បង្គាប់​ឲ្យ​ចាប់ខ្លួន​លោក សម រង្ស៊ី នោះឡើយ ព្រោះ​គណបក្សកាន់អំណាច​មាន​បំណង​មិន​ឲ្យ​លោក សម រង្ស៊ី ចូលរួម​ក្នុងការ​បោះឆ្នោត​នាពេលខាងមុខ​។ លោក យឹម សុវណ្ណ បាន​ថ្លែង​កាលពី​ថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០១៦ ថា​សំណុំរឿង​របស់លោក សម រង្ស៊ី ដែល​តុលា​ការចេញ​ដីកា​ឲ្យ​ចូលខ្លួន​បំភ្លឺ​និង​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ផង​នោះ គឺជា​ហេតុផល​នយោបាយ​មិនមែនជា​រឿង​អ្វី​ផ្សេង​នោះឡើយ​។

អ្នកវិភាគ​នយោបាយ​បាន​យល់​ស្របតាម​ការលើកឡើង​របស់លោក យឹម សុវណ្ណ ព្រោះ​ជាក់ស្តែង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មិនបាន​ប្រព្រឹត្ត​អ្វី​ខុស​ដូចដែល​តុលាការ​ចោទប្រកាន់​ទាំង​បំពាន​នោះទេ​។ ក្រុមអ្នកវិភាគ​នយោបាយ​បាន​វាយតម្លៃថា លោក សម រង្ស៊ី អាច​វិលត្រឡប់​មកកាន់​កម្ពុជា​ក្នុង​ពេលវេលា​សមស្រប​ណាមួយ គឺ​នៅ​មុនពេល​បោះឆ្នោត​ខាងមុខ​។ លើស​នេះ​ទៅទៀត​ក្រុមអ្នកវិភាគ​បាន​វាយតម្លៃថា ការគំរាមកំហែង​គាបសង្កត់​ទៅលើ​លោក សម រង្ស៊ី ក៏ដូចជា​ការ​ធ្វើទុក្ខបុកម្នេញ​លើ​មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​ដែលជា​គណបក្សកាន់អំណាច​ធ្លាក់​ប្រជាប្រិយភាព​យ៉ាងគំហុក​។ ដោយហេតុថា ប្រជាពលរដ្ឋ​ខ្មែរ​សព្វថ្ងៃនេះ​បានដឹង​រាល់​ទង្វើ​របស់​គណបក្ស​ប្រជាជន និង​រដ្ឋាភិបាល លោក ហ៊ុន សែន ហើយ​អាច​វាយតម្លៃ​បាន​យ៉ាងច្បាស់​ចំពោះ​បញ្ហានយោបាយ​នៅ​កម្ពុជា​៕

b80ca0a4-e60d-42ef-b3dd-23e22d3dc997