នារី​រៀនសូត្រ​បាន​ខ្ពង់ខ្ពស់​ពិបាក​រក​ប្តី​ឬ​?

“​ស្ត្រី​ដែល​រៀនសូត្រ​បាន​ជ្រៅជ្រះ​ពិបាក​រក​គូស្រករ​” នេះ​ជា​ពាក្យ​ដំណាល​របស់​មនុស្ស​ចាស់ បុរាណ​ដោយ​សម្អាងថា​ការ សិក្សា​រៀនសូត្រ​យូរ​ទៅកាន់​តែមាន​វ័យ​ចំណាស់​បាត់បង់​សម្រស់​។ តើប្រិយមិត្តកំណើតថ្មីយល់បែបណា? ម្យ៉ាងវិញទៀត​វប្បធម៌​ខ្មែរ​បុរស​ច្រើន​តាំងខ្លួន​ជា​អ្នកចេះ ឬ​ធំជាងគេ​នៅក្នុង​គ្រួសារ​។ ដូច្នេះ​មិន​ចង់បាន​ភរិយា​ដែលមាន​ការចេះដឹង​ជាង​ខ្លួន​នោះឡើយ​។​

 

​តើ​បច្ចុប្បន្ន​វប្បធម៌​បែបនេះ​អាចមាន​ទៀត​ទេ​នៅក្នុង​សង្គម​ខ្មែរ​របស់​ យើង​? មតិ​មួយចំនួន​បាន​ឲ្យ​ដឹងថា កាលណា​មនុស្ស​ស្រី​រៀន​បាន​ជ្រៅជ្រះ​រហូតដល់​ថ្នាក់អនុបណ្ឌិត ឬ​បណ្ឌិត​ជាដើម​នោះ​វា​ជា​កម្រិត​ខ្ពស់​ដែល​មនុស្ស​ប្រុស​ភាគច្រើន​គិតថា មនុស្ស​ស្រី​ទាំងនោះ​មានចំណេះដឹង​ខ្ពស់ជាង​ខ្លួន ឬ​អាចមាន​សមត្ថភាព ស្មើនឹង​ខ្លួន​ពួកគេ​មិន​ចង់បាន​ឡើយ ព្រោះ​ក្រោយពេល​បាន​រៀប​អាពាហ៍ពិពាហ៍​ហើយ​ខ្លាច​មនុស្ស​ស្រី​មើលងាយ​។ ជាពិសេស​ទៀត​នោះ​បុរស​ចង់​មាន​ឥទ្ធិពល​លើ​មនុស្ស​ស្រី​ក្នុង​គ្រួសារ​ផង​។ ប៉ុន្តែ​មកដល់​សម័យកាល​នេះ​មាន​ស្ត្រី​ភាគច្រើន​ដែល​រៀន​ពូកែ​ហើយ​សុទ្ធ​ តែមាន​គេ​កក់​តាំងពី​នៅ​រៀន​ថ្នាក់ទាប​រួច​អស់ហើយ​។ បុរស​មួយចំនួន​អាចមាន​ការអៀនខ្មាស​នៅពេលដែល​ស្ត្រី​មាន​ប្រាក់ខែ​ច្រើនជាង​ ខ្លួន​។​

 

​មិន​ត្រឹមតែ​រឿង​ជា សមត្ថភាព​ប្រាក់ខែ​ប៉ុណ្ណោះ​ទេ ដែលជា​បញ្ហា​ចោទ​នោះ ដោយឡែក សម្រស់​ក៏​ជា​រឿង សំខាន់​ដែរ ព្រោះ​បុរស​ភាព​ច្រើន ស្រឡាញ់​នារី​ក្មេង​ជាង​ខ្លួន ហើយ​ស្រស់​ស្អា​។ មិនថាឡើយ​បុរស​ដែល​គិតបែបនេះ​សូម្បីតែ​ស្ត្រី​ក៏មាន​ការ គិតបែបនេះ​ដែរ​។​

 

នាពេល​បច្ចុប្បន្ននេះ ការគិត​បែប​នោះ​វា មិនត្រូវ​ទាំងអស់​នោះទេ​ព្រោះ​នារី​មិន​ចាំ​ឲ្យ បុរស​ចិញ្ចឹម​ទៀតឡើយ​គឺអាច​ធ្វើ​ការរក ប្រាក់ចំណូល​ដើម្បី​ចិញ្ចឹម គ្រួសារ​ដូចជា​បុរស ចំនែកឯ​បុរស​ខ្លះទៀត​ក៏​មិនបាន គិត​ដូច​ពីមុន​ដែរ​។ ក្រសួង​អប់រំ​បាន​សង្កេតឃើញថា ក្នុង​កម្រិតសិក្សា​បឋម​សិក្សា ឬ​នៅ​កម្រិត​វិទ្យាល័យ ចំនួន​សិស្ស​ប្រុស និង សិស្សស្រី​គឺមាន​ភាព ប្រហាក់ប្រហែលគ្នា​ប៉ុន្តែ​ឈានដល់​កម្រិត ឧ​ត្ត​ម​សិក្សា​បែរ ជា​នៅមានកំរិត​ទាប​ទៅវិញ​។ គេ​មិន​បានដឹង​ច្បាស់​ទេ​ថា ចំនួន​សិស្សស្រី ដែល បាន​សិក្សា​ថ្នាក់​ឧ​ត្ត​មសិ​ក្សា ទាប​បែបនេះ អាច​បណ្តាល មកពី​ឥទ្ធិពល​ទស្សនៈ ចាស់​បុរាណ​ដែលថា “​នារី​រៀន​ច្រើន​ពិបាក​រក​ប្តី​” នោះទេ​៕  ដោយ ស្រស់ រុះរោយ

នារី​រៀនសូត្រ​បាន​ខ្ពង់ខ្ពស់​ពិបាក​រក​ប្តី​ឬ​?