​កំណើនសេដ្ឋកិច្ច​សកល​លោក ក្នុង​ឆ្នាំ​២០១៦ នឹង​កើន​ឡើងជា​មធ្យម ដល់ ២,៩​ភាគរយ

ភ្នំពេញ: យោងតាម​របាយការណ៍ របស់​ធនាគារពិភពលោក ដែលមាន​ចំណងជើង​ថា ទស្សនវិស័យ​សេដ្ឋកិច្ច​សកល  ដែល​ចេញផ្សាយ នៅ​ខែមករា ឆ្នាំ​២០១៦ បាន​ឲ្យ​ដឹងថា កំណើន​ដែលមាន សភាព​ទន់ខ្សោយ នៅក្នុង​ចំណោម​ទីផ្សារ​ធំៗ ដែល​កំពុងតែ​វិវត្តន៍ ជឿនលឿន​ទៅមុខ នឹងធ្វើ ឲ្យ​ប៉ះពាល់​ដល់​កំណើន សេដ្ឋកិច្ច​សកលលោក នៅក្នុង​ឆ្នាំ​២០១៦ ក៏ប៉ុន្តែ សកម្មភាព​សេដ្ឋកិច្ច គួរតែ​នៅ​បន្ត​កើនឡើង ជា​មធ្យម​ដល់​កម្រិត ២,៩ ភាគរយ គឺ​កើនឡើង​ពី ២,៤ ភាគរយ ធៀប​នឹង​ឆ្នាំ ២០១៥ ដោយសារតែ​ប្រទេស ជឿនលឿន​ជាច្រើន មាន​កំណើន​លឿន​។  

​សេចក្តីប្រកាស​ព័ត៌មាន របស់​ធនាគារពិភពលោក ដែល​បាន​ផ្សាយ​ចេញ ពី​ទីក្រុង​វ៉ាស៊ីនតោន ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៦  បាន​ឲ្យ​ដឹងថា  របាយការណ៍​នេះ បាន​ប្រាប់​ឲ្យ​ដឹងថា ភាពទន់ខ្សោយ ស្របពេល​គ្នា នៅក្នុង​ទីផ្សារ​ធំៗ ភាគច្រើន ដែល​កំពុង​វិវត្តន៍ ជឿនលឿន​ទៅមុខ គឺជា​ក្តីបារម្ភ​មួយ ក្នុងការ​សម្រេចបាន​គោលដៅ កាត់បន្ថយ​ភាពក្រីក្រ និង​វិបុលភាព​រួម ពីព្រោះ​បណ្តា​ប្រទេស​ទាំងនោះ ធ្លាប់ជា​អ្នក​រួមចំណែក ដ៏​មាន​ឥទ្ធិពល​ដល់ ការរីកលូតលាស់​រប​ស់ ពិភពលោក អស់​រយៈពេល មួយ​ទសវត្សរ៍ កន្លងមកហើយ​។ ផលវិបាក​ដែល​កើតចេញ ពី​ទីផ្សារ​ធំៗ ដែល​កំពុងតែ​វិ​វត្ត​ជឿនលឿន​ទៅមុខ នឹង​កំហិត​ដល់​ការរីកលូតលាស់ នៅក្នុង​បណ្តា​ប្រទេស កំពុងអភិវឌ្ឍន៍​នានា និង​បង្ក​នូវ​ការគំរាមកំហែង​មួយ ដល់​កិច្ចប្រឹងប្រែង ក្នុង​ការជួយ​មនុស្ស ឲ្យ​ចាក​ផុតពី​ភាពក្រីក្រ​។​

​លោក ជី​ម យ៉ុង គីម ប្រធាន​ធនាគារពិភពលោក បាន​មានប្រសាសន៍ថា “​ច្រើនជាង ៤០ ភាគរយ នៃ​ប្រជាពលរដ្ឋ​ក្រីក្រ នៅលើ​ពិភពលោក រស់នៅក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែលមាន​កំណើនសេដ្ឋកិច្ច យឺត​នៅក្នុង​ឆ្នាំ ២០១៥​។ បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​ទាំងឡាយ គួរតែ​ផ្តោត​ការយកចិត្តទុកដាក់ លើ​ការកសាង​ភាព​ធន់ ដើម្បី​ទប់ទល់​នឹង​បរិយាកាស​សេដ្ឋកិច្ច​មួយ ដែល​កាន់តែ​អន់ថយ​ទៅៗ និង​ការពារ​ដល់​ជន ដែល​ងាយ​រងគ្រោះ ជាងគេ​បំផុត​។ អត្ថប្រយោជន៍ ដែល​ទទួលបាន​ពី​ការធ្វើ កំណែទម្រង់ លើ​ផ្នែក​អភិបាលកិច្ច និង​លក្ខខណ្ឌ​ពាណិជ្ជកម្ម មាន​ទំហំ​ធំ និង​អាចជួយ​ទប់ស្កាត់​ផលប៉ះពាល់​នៃ​កំណើន​ដែលមាន​សភាព​យឺត​នៅក្នុង​បណ្តា​ប្រទេស​ធំៗ​ជាងគេ​។​”

​កំណើនសេដ្ឋកិច្ច​សកល​លោក មាន​កម្រិត​តិច ជាង​ការរំពឹងទុក នៅក្នុង​ឆ្នាំ​២០១៥ នៅពេលដែល​តម្លៃ​ទំនិញ ដែល​កំពុង​ធ្លាក់ចុះ លំហូរ​ពាណិជ្ជកម្ម និង​មូលធន ដែល​កំពុងតែ​ចុះខ្សោយ និង​រយៈពេល នៃ​អស្ថេរភាព​ហិរញ្ញវត្ថុ បានធ្វើ​ឲ្យ​សកម្មភាព​សេដ្ឋកិច្ច មានការ​ថយចុះ​។ កំណើន​ដែលមាន​លក្ខណៈ រឹងមាំ​ជាង​នេះ នាពេល​អនាគត នឹង​ពឹង​ផ្អែកលើ​កម្លាំងចលករ ជា​បន្តបន្ទាប់ នៅក្នុង​បណ្តា​ប្រទេស ដែលមាន​ប្រាក់ចំណូល​ខ្ពស់ ស្ថេរភាព​នៃ​តម្លៃ​ទំនិញ និង​ការផ្លាស់ប្តូរ​បន្តិច​ម្តងៗ របស់​ប្រទេស​ចិន ឈានទៅរក​បទដ្ឋាន​កំណើន​មួយ ដែល​ផ្អែកលើ​ការប្រើប្រាស់ និង​សេវាកម្ម​ច្រើនជាង​។​

​សេដ្ឋកិច្ច​របស់​បណ្តា​ប្រទេស កំពុងអភិវឌ្ឍន៍ ត្រូវបាន​គេ​ព្យាករណ៍​ទុក​ថា នឹង​កើនឡើង​ត្រឹម ៤,៨ ភាគរយ នៅក្នុង​ឆ្នាំ​២០១៦ មាន​កម្រិត​ទាប​ជាង ការរំពឹងទុក កាលពី​លើក​មុន ក៏ប៉ុន្តែ បាន​កើនឡើង​ពី ៤,៣ ភាគរយ ក្រោយ​វិ​ប​តិ្ត  នៅក្នុង​ឆ្នាំ​ដែល​ទើបតែ​បញ្ចប់​នេះ​។ កំណើន​នេះ ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា នឹងមាន​សភាព​កាន់តែ​យឺត ជាង​មុន នៅក្នុង​ប្រទេស​ចិន​។ ចំណែកឯ​ប្រទេស​រុស្ស៊ី និង​ប្រេ​ស៊ី​ល ត្រូវបាន​គេ​រំពឹងថា នឹង​នៅតែមាន​កំណើន​ធ្លាក់ចុះ នៅក្នុង​ឆ្នាំ ២០១៦​។ តំបន់​អាស៊ី​ខាងត្បូង ដែល​នាំមុខ​ដោយ ប្រទេស​ឥណ្ឌា ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា នឹងមាន​កំណើន​លេចធ្លោ ជាងគេ​មួយ​។ កិច្ចព្រមព្រៀង ភាពជា​ដៃគូ​ឆ្លងកាត់ តំបន់​ប៉ាស៊ីហ្វិក ដែល​ទើប​ព្រមព្រៀងគ្នា នាពេល​ថ្មីៗ​នេះ អាចជួយ​ជំរុញ​ដល់​ផ្នែក​ពាណិជ្ជកម្ម​មួយ បានល្អ​ប្រសើរ​។​

​លោក ខូ​ស៊ី​ក បា​ស៊ូ អនុប្រធាន​ក្រុម​ធនាគារពិភពលោក និង​ជា​ប្រធាន​ក្រុម​សេដ្ឋវិទូ បាន​មានប្រសាសន៍ថា “​មាន​ភាពខុសគ្នា កាន់តែ​ច្រើនឡើង លើ​ការប្រតិបត្តិ នៅក្នុង​ចំណោម​ប្រទេស ដែលមាន​សេដ្ឋកិច្ច កំពុង​វិ​វត្ត​ជឿនលឿន​ទៅមុខ​។ ប្រៀបធៀប​ទៅ​កាលពី ៦​ខែ​កន្លងទៅ ហានិភ័យ បាន​កើនឡើង ជាពិសេស ទាក់ទង​ទៅនឹង​លទ្ធភាព នៃ​ការធ្លាក់ចុះ ដែល​មិនអាច​គ្រប់គ្រង​បាន​មួយ នៅក្នុង​ប្រទេស​ធំ​មួយ ដែល​កំពុងមាន​សេដ្ឋកិច្ច​វិវត្តន៍​ទៅមុខ​។ ការរួមបញ្ចូល​គ្នា​នៃ គោលនយោបាយ​សារពើពន្ធ និង​ធន​គារ​កណ្តាល អាចមាន​ប្រយោជន៍ ក្នុងការ​កាត់បន្ថយ​ហានិភ័យ​ទាំងនេះ និង​គាំទ្រ​ដល់​កំណើន​។​”

​ទោះបីជា​នៅមាន​ភាពមិន​ទាន់​ច្បាស់លាស់​ក្តី ក៏​ការធ្លាក់ចុះ​ដែល​លឿន​ជាង ការ រំពឹងទុក​នៅក្នុង​ប្រទេស​ធំៗ ដែល​កំពុងមាន​សេដ្ឋកិច្ច វិវត្តន៍​ទៅមុខ អាចមាន​ផលប៉ះពាល់​មិនល្អ ជា​លក្ខណៈ​សកល​។ ហានិភ័យ​នៅក្នុង​ទិដ្ឋភាព​នេះ ក៏​រួមបញ្ចូល​ផងដែរ នូវ​សម្ពាធ​ផ្នែក​ហិរញ្ញវត្ថុ នៅ​ជុំវិញ​ការ​រឹតបន្តឹង វដ្ដ​នៃ​ប្រព័ន្ធ​ធនាគារកណ្តាល របស់​សហរដ្ឋអាមេរិក និង​បង្កើន​ភាព​តានតឹង នៃ​ភូ​គ​ព្ភ​នយោបាយ​។​

​លោក អាយ​ហាន់ កូ​សេ ប្រធាន​ក្រុម​រៀបរៀង របាយការណ៍​ភាព​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច របស់​ធនាគារពិភពលោក បាន​មានប្រសាសន៍ថា “​កំណើន​ដែល​កាន់តែ​រឹងមាំ នៅក្នុង​ទីផ្សារ​ឈានមុខ​ជាច្រើន នឹង​ទប់ស្កាត់​ហានិភ័យ នៃ​ភាពចុះ​ទន់ខ្សោយ ជា​បន្តបន្ទាប់ នៅក្នុង​ទីផ្សារ​ធំៗ ដែល​កំពុងមាន​ការវិវត្ត​ទៅមុខ​។ ក្រៅពីនេះ ហានិភ័យ​នៃ​វិបត្តិ​ហិរញ្ញវត្ថុ នៅក្នុង​ជំនាន់​ថ្មី នៃ​ចំណាយ​កាន់តែ​ខ្ពស់ លើ​ការ​ខ្ចីបុល នៅតែ​បន្ត​កើតមាន​”៕V/S