UN​ថ្កោលទោស និង​គំរាម​បន្ថែម​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង

​ថ្ងៃ​ពុធ​ទី​៦ មករា ម្សិលមិញ ប្រទេស​សមាជិក​ទាំង​១៥​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បាន​ប្រជុំគ្នា​ថ្កោលទោស ការសាកល្បង​គ្រាប់បែកបរមាណូ​របស់​ក្រុង​ព្យុងយ៉ាង និង​គំរាម​បន្ថែម​ទណ្ឌកម្ម​អោយ​កាន់តែ​ធ្ងន់ ទៅលើ​រដ្ឋាភិបាល​លោក​គីម ជុង​អ៊ុន​។ ចិន​ជា​មិត្ត​ជិតដិត​នឹង​កូរ៉េខាងជើង ក៏​ព្រមព្រៀង​ចាត់វិធានការ​បន្ថែម​ថ្កោលទោស​ក្រុង​ព្យុងយ៉ាង​ដែរ​។

​ម្សិលមិញ ប្រទេស​សមាជិក​ទាំង​១៥​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បាន​ប្រជុំគ្នា​២​ម៉ោង និង​ព្រមព្រៀងគ្នា​ធ្វើការ​បន្ទាន់ ដើម្បី​រក​វិធានការ​ថ្មីៗ​បន្ថែម ដើម្បី​ដាក់ទណ្ឌកម្ម​កូរ៉េខាងជើង ដែល​ហ៊ាន​សាកល្បង​គ្រាប់​នុយក្លេអ៊ែរ ផ្គើន​សហគមន៍​អន្តរជាតិ រំលោភ​លើ​ដំណោះស្រាយ​របស់​អង្គការសហប្រជាជាតិ​។ ក្រុង​ព្យុងយ៉ាង​បាន​សាកល្បង​បាញ់​នុយក្លេអ៊ែរ​៣​ដង​មកហើយ​តាំងពី​ឆ្នាំ ២០០៣ ។​

​ម្សិលមិញ ២ ថ្ងៃមុន​ថ្ងៃ​ខួបកំណើត​គឹម ជុង​អ៊ុន កូរ៉េខាងជើង​បាន​អួត​ឡើង​ថា បាន​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន ជា​អាវុធ​ដែល​ខ្លាំងក្លា​ជាង​គ្រាប់​បរមាណូ​ធម្មតា​ទៅទៀត​។ តែ​ក្រុម​អ្នកជំនាញ​មិនសូវ​ជឿថា ក្រុង​ព្យុងយ៉ាង​អាចមាន​សមត្ថភាព​បែប​នេះ​ទេ ព្រោះថា ការផ្ទុះ​គ្រាប់​ហាក់​មិនសូវ​បញ្ចេញ​អានុភាព​ខ្លាំង​ដូច​ការគិត​ទុក​ទេ​។

​ក្រុមប្រឹក្សា​អង្គការសហប្រជាជាតិ​អាច​ត្រូវការ​ពេល​ច្រើន​ថ្ងៃ ដើម្បី​សម្រេច​ចេញ​វិធាន​ការបន្ថែម ថ្កោលទោស​ក្រុង​ព្យុងយ៉ាង​។ គម្រោង​នេះ​មិន​បញ្ជាក់​ចំៗ​ថា ជា​ទណ្ឌកម្ម​ទេ​។ អ្នកការទូត​អង្គការសហប្រជាជាតិ​ប្រាប់ថា ក្រុមប្រឹក្សាសន្តិសុខ​ប្រហែលជា​អាច​ពង្រឹង​ទណ្ឌកម្ម​ដែល​ដាក់​លើ ក្រុង​ព្យុងយ៉ាង​កន្លងមក ដោយ​បញ្ចូល​បន្ថែម​ក្នុង​បញ្ជី​ទណ្ឌកម្ម នូវ​ឈ្មោះ​មនុស្ស​និង​បណ្តា​ក្រុមហ៊ុន​ជាប់​ពាក់ព័ន្ធ​នឹង​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង​៕