អង្គការសហ ប្រជាជាតិ ស្ទើរផ្ទុះ ដោយសារការធ្វើតេស្ត នុយក្លេអ៊ែរ របស់កូរ៉េខាងជើង

យូអិន៖ អគ្គលេខាធិការនៃអង្គការ សហប្រជាជាតិ បាន គីមូន នៅថ្ងៃពុធ ទី០៦ ខែមករា ឆ្នាំ ២០១៦ បានហៅការធ្វើតេស្ត សាកល្បង គ្រាប់បែកនុយក្លេអ៊ែរ របស់កូរ៉េខាងជើង ថាជាការ “បង្កភាពចម្រូងចម្រាស និង បង្កើតឲ្យមានអស្ថិរភាព យ៉ាងធ្ងន់ធ្ងរបំផុត ដូច្នេះសមាជិកទាំង អស់នៃក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ បានចាត់ទុកថាការធ្វើតេស្ត នេះជាការ គម្រាមកំហែងយ៉ាងខ្លាំងដល់សន្តិភាព និង សន្តិសុខអន្តរជាតិ ដែលតម្រូវ ឲ្យមានកិច្ចប្រជុំ ធ្វើ ឡើងជាបន្ទាន់ ដើម្បីឆ្លើយតបនឹងបញ្ហានេះ។

ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ បានប្រកាសថា ខ្លួននឹងរៀបចំនូវកិច្ចប្រជុំបន្ទាន់ មួយ ឆ្លើយតបនឹង បញ្ហាកូរ៉េខាងជើង ដែលក្នុងនោះសេចក្តីសម្រេច អាចនឹងមានការដាក់ ទណ្ឌកម្មបន្ថែមទៀត ប្រឆាំងនឹងទីក្រុង ព្យុងយ៉ាង ផងដែរ។ នៅក្នុងសេចក្តីថ្លែងការណ៍កាល ពីថ្ងៃពុធ លោកបាន គីមូន បញ្ជាក់ដូច្នេះថា “ការធ្វើតេស្ត ជារឿងដែលប្រឆាំងនឹងដំណោះ ស្រាយទាំងអស់របស់ ក្រុមប្រឹក្សាសន្តិសុខ ដូច្នេះសូមសហគមន៍អន្តរជាតិ ចេញមុខរួមគ្នា ឆ្លើយតបចំពោះសកម្មភាពរបស់កូរ៉េខាងជើងភ្លាមៗ។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធ ម្សិលមិលពេលព្រឹក មានសេចក្តីរាយការណ៍ ថាមានគ្រោះរញ្ជួយ ដី កម្រិតស្រាល វាយប្រហារកូរ៉េខាងជើង ប៉ុន្តែក្រោយមក ប្រទេសចិន កូរ៉េខាងត្បូង អាមេរិក នឹង ជប៉ុន បានសង្ស័យថា វាជាការផ្ទុះ នាំឲ្យរញ្ជួយដីទៅវិញ។ ប៉ុន្មានម៉ោងក្រោយមកទៀត ប្រទេសកូរ៉េខាងជើង បានប្រកាស ថា ខ្លួន បានទទួលជោគជ័យ យ៉ាងធំធេង ក្នុងការធ្វើតេស្ត សាកល្បងគ្រាប់បែកអ៊ីដ្រូសែន ជាលើក ដំបូងហើយ ស្របពេលដែលកូរ៉េខាងត្បូង ចេញសេចក្តីថ្លែងការណ៍ថ្កោលទោស ដោយថា វាជាការធ្វើតេស្ត គ្រាប់បែក នុយក្លេអ៊ែរ របស់ទីក្រុងព្យុងយ៉ាង ជាលើកទីបួនយ៉ាងពិតប្រាកដ។

ប្រទេសជាច្រើនក៏បានចេញ សេចក្តីថ្លែងការណ៍ថ្កោលទោសកូរ៉េខាងជើងផងដែរ ដូចជា អាមេរិក កូរ៉េខាងត្បូង ជប៉ុន ឥណ្ឌា និង បណ្តាប្រទេសអឺរ៉ុបមួយចំនួនទៀត៕

អង្គការសហ ប្រជាជាតិ ស្ទើរផ្ទុះ ដោយសារការធ្វើតេស្ត នុយក្លេអ៊ែរ របស់កូរ៉េខាងជើង