​ឆ្មក់​ចូល​ផ្ទះ​លក់​គុយទាវ កាហ្វេនៅ​ខាង​ត្បូង​ផ្សារ​ប៉ា​ហ៊ីចាប់​បាន​អ្នកលេង​អាប៉ោង​៨​នាក់​​​

ខេត្ត​ប៉ៃលិន ៖ ជនសង្ស័យ​ញៀន​នឹង​ល្បែង​អាប៉ោង​ចំនួន​៨​នាក់ ត្រូវ​បាន​​​សមត្ថ​កិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ឆ្មក់​ចាប់​ឃាត់ខ្លួន ខណៈ​ពួក​គេ​កំពុង​នាំ​គ្នា​សម្ងំ​អង្គុយ​លេង​ល្បែង​យ៉ាង​ពពាក់ពពូន​នៅ​​ក្នុង​ផ្ទះ​លក់​គុយទាវ កាហ្វេ មួយ​កន្លែង​ក្នុង​ក្រុងប៉ៃលិន ដែល​ការ​ចុះ​បង្ក្រាប​នេះ ស្ថិត​ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក ថុ​ល គឹ​ម​ហ៊ឹង ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត ដោយ​មានការ​ចូលរួម​ពី​លោក​វរសេនីយ៍ត្រី ន​ង វណ្ណ​នី ប្រធាន​មន្ទីរ​ស្រាវជ្រាវ​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ។

​ការ​ចុះ​បង្ក្រាប​ក្រុម​ញៀន​ល្បែង​អាប៉ោង​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១២ និង​២០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​០៦ ​មករា ​​២០១៦  ស្ថិត​នៅ​ក្នុងផ្ទះ​លក់​គុយទាវ កាហ្វេ​មួយ​កន្លែង​ខាងត្បូង​ជាប់​ផ្សារ​សាមគ្គី​ហៅ​ប៉ា​ហ៊ី ក្នុងភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។

​ទាក់ទិន​ទៅ​នឹង​បញ្ហា​ខាងលើ​នេះ ខាង​លោក​កំពុង​រៀបចំ​សំណុំរឿងដើម្បី​បញ្ជូន​ជនសង្ស័យ​ទាំង​៨​នាក់​ខាងលើទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តឱ្យ​ចាត់ការ​តាម​នីតិវិធី ៕