សាលារាជធានីភ្នំពេញ ដាក់ផែនការត្រួតពិនិត្យ ការផលិតស្រាស

ភ្នំពេញ ៖ សាលារាជធានីភ្នំពេញ បានប្រកាសរឹតបន្តឹង និង សិប្បកម្មផលិតស្រាស និងស្រាកែច្នៃគ្រប់ប្រភេទ និងគ្រប់កន្លែង បន្ទាប់ពីផ្ទុះករណី ពុលស្រាស ដោយសម្លាប់ពលរដ្ឋ ០៦ នាក់នៅខេត្តក្រចេះ ០២នាក់នៅខេត្តមណ្ឌលគិរី និងថ្មីៗនៅ ពលរដ្ឋ០២នាក់ នៅខណ្ឌចំការមន រាជធានីភ្នំពេញ   ។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ចុះផ្សាយនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦។

នេះជាលើកដំបូងហើយដែល សាលារាជធានីភ្នំពេញ ដាក់ផែនការគ្រប់គ្រងលើសិប្បកម្មខ្នាតតូច បែបគ្រួសារ ផលិតស្រាស  បន្ទាប់ពីមនុស្ស០២នាក់ ពុលស្លាប់ក្នុងខណ្ឌចំការមន នៅរាជធានីភ្នំពេញ តែម្តង។

លោក ប៊ុន សេរី អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា «សាលាក្រុង នឹងបង្កើតឱ្យមានគណៈ កម្មការចម្រុះមួយដើម្បីចុះត្រួតពិនិត្យគុណភាព រួមទាំងជំរុញឱ្យម្ចាស់សិប្បកម្មទាំងនោះ វេចខ្ចប់ មានស្លាក សញ្ញាបញ្ជាក់ប្រភពផលិតផលឱ្យបានត្រឹមតូ្រវ ដើម្បីផ្ដល់ព័ត៌មានច្បាស់ លាស់សម្រាប់ ទប់ស្កាត់បានទាន់ ពេលវេលានៅពេលមានផ្ទុះការពុលស្រាកើតឡើង»។

លោកបានអះអាងថា បច្ចុប្បន្នស្រាស និងស្រាលាយជាច្រើន ត្រូវបានចរាចរយ៉ាងច្រើនស្កេះស្កះ នៅពេញរាជធានីភ្នំពេញ ហើយពុំបានដឹងប្រភព និងរូបមន្តលាយឱ្យបានច្បាស់លាស់នោះទេ ដែលធ្វើឱ្យ អ្នកបរិភោគងាយប្រឈមពីបញ្ហាសុវត្ថិភាព។

អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា« ផែនការនេះ តម្រូវឲ្យ អាជ្ញា ធរខណ្ឌ ទាំង១២ ចុះស្រង់ស្ថិតិ ទីតាំងសិប្បកម្មផលិតស្រាទាំងតូច ទាំងធំ នៅក្នុងមូលដ្ឋាន របស់ខ្លួន ដើម្បីឈានទៅ ការគ្រប់គ្រង គុណភាពនិងសង្វាក់ផលិតកម្មដើម្បីបញ្ជៀសបញ្ហា ដែលប៉ះពាល់ដល់ សុខភាពអ្នកប្រើប្រាស់»។

ចំណែក លោក ធិប សុវង់ ប្រធានការិយាល័យមន្ទីរឧស្សាហកម្មសិប្បកម្ម រាជធានីភ្នំពេញបានឱ្យដឹងថា មន្រ្ដីជំនាញមន្ទីរបានចុះត្រួតពិនិត្យគុណភាពច្ចេកទេសផលិតស្រាជារៀងរាល់៣ខែម្តង ហើយពុំមានចោទ ជាបញ្ហាអ្វីឡើយ។ ប៉ុន្តែអ្វីដែលធ្វើឲ្យប៉ះពាល់នោះគឺត្រង់ថា ឈ្មួញដែលចង់ចំណេញច្រើន បានប្រើអេតាណុល ដាក់ក្នុងស្រា។ 

សាលារាជធានីភ្នំពេញមានព្រមានថា សម្រាប់ជនណាដែលផលិតស្រាខុសបច្ចេកទេស នឹងដាក់ទោសទណ្ឌ តាមច្បាប់ ៕

សាលារាជធានីភ្នំពេញ ដាក់ផែនការត្រួតពិនិត្យ ការផលិតស្រាស