២០១៥ ក្រសួងយុត្តិធម៌ លើកលែង និងបន្ធូរបន្ថយទោស ទណ្ឌិតជិត ៥០០នាក់

ភ្នំពេញ៖ ក្នុងឆ្នាំ២០១៥កន្លងទៅ ក្រសួងយុត្តិធម៌ បានសម្រេចលើកលែងទោស និងបន្ធូរបន្ថយទោស ដល់ទណ្ឌិតចំនួន៤៧៩នាក់ ហើយការលើកលែងទោសនេះ បានធ្វើឡើងជាបីដំណាក់កាល ពោលក្នុងព្រះរាជពិធីបុណ្យអុំទូក បុណ្យចូលឆ្នាំខ្មែរ និងពិធីបុណ្យពិសាខបូជា។

លោកជិន ម៉ាលីន មន្រ្តីនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំ ជាមួយតំណាងពន្ធនាគារ ព្រះរាជអាជ្ញា គ្រប់ខេត្ត និងអភិបាលខេត្តទូទំាងប្រទេសនៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ថា “ចំពោះទណ្ឌិតដែលត្រូវបានលើកលែងទោស និងបន្ធូរបន្ថយទោសទាំងនេះ  គឺភាគច្រើន ទណ្ឌិតទាំងនោះ សុទ្ធតែបានអនុវត្តទោសគ្រប់តាមលក្ខខណ្ឌ១ភាគ៣ ឬក៏២ភាគ៣ និងលក្ខខណ្ឌនៃការកែប្រែ ខ្លួនក្នុងពន្ធធនាគារ និងលទ្ធភាពនៃការធ្វើសមាហរណកម្ម ដែលមិនបានកំណត់ពីទោសអ្វីនោះទេ”។

ដោយឡែក លោក បេទា ឡេង ប្រធាននាយកដ្ឋានប្រតិបត្តិ នៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួមហាផ្ទៃ បានឲ្យដឹងដែរថា បច្ចុប្បន្នអាជ្ញាធរបានបើកទូលាយឲ្យក្រុមអង្គការសង្គមស៊ីវិលទាំងអស់ ចូលរួមត្រួតពិនិត្យ ស្ថានភាព ក្នុងពន្ធធនាគារគ្រប់ពេល ដោយពុំមានការរារាំងទេ។

លោកថា “ជាការពិតណាស់កន្លងមក មានពាក្យចចាមអារ៉ាមថា នៅក្នុងពន្ធធនាគារមានការគ្រប់គ្រង មិនស្មើភាពគ្នា ឬមានបងធំបងតូចក្នុងពន្ធធនាគារ ។ ក្នុងករណីនេះ ក្រសួងបានពង្រឹងយន្តការ នៃការធ្វើ អធិការកិច្ចក្នុងពន្ធធនាគារ ហើយបើរកទៅឃើញថា មានករណីនេះកើតឡើងនោះ ក្រសូងនិងដាក់ទោសទណ្ឌផ្នែករដ្ឋបាល ឬក៏ដាក់ពិន័យផ្នែកព្រហ្មទណ្ឌ ដល់មន្រ្តីអនុវត្តច្បាប់ដែលធ្វើការគ្រប់គ្រង មិនស្មើភាពគ្នាទៅ លើទណ្ឌិត ឬក៏បើកដៃឲ្យមានបងតូចបងធំជាដើម”។

សូមបញ្ជាក់ថា បច្ចុប្បន្នទណ្ឌិតដែលកំពុងជាប់ពន្ធធនាគារ នៅទូទាំងប្រទេសមានចំនួន១៧,៨៩៦នាក់ ដែលធ្វើចំនួននេះ បានធ្វើឲ្យក្រសួង មានការព្រួយបារម្មណ៍ អំពីការចង្អៀតណែនក្នុងពន្ធធនាគារ។ ពិសេស បញ្ហាសុខភាពរបស់ទណ្ឌិត។ ចំពោះបញ្ហានេះក្រសួង ក៏បានពិនិត្យមើលលើបញ្ហានេះផងដែរ។ ដោយឡែក ពន្ធធនាគារ ដែលមានស្ថានភាពចង្អៀតជាងគេនោះគឺ ពន្ធធនាគារព្រៃស ម១ ម២ ម៣ ស្ទឹងត្រែង ក្រចេះ ព្រះសីហនុ និងកំពង់ស្ពឺ៕

២០១៥ ក្រសួងយុត្តិធម៌ លើកលែង និងបន្ធូរបន្ថយទោស ទណ្ឌិតជិត ៥០០នាក់