យួន​មាន​មហិច្ឆតា​ដណ្ដើម​កាន់កាប់​តំបន់​ដាក់​ដាំ ដាក់​ហ៊ូ​ត ដែលជា​ទឹកដី​ខ្មែរ​

បញ្ហា​ព្រំដែន​ខ្មែរ​-​យួន​នៅ​ចំណុច​ដាក់​ដាំ ដាក់​ហ៊ូ​ត ស្រុក​អូររាំង ខេត្តមណ្ឌលគិរី បានក្លាយ​ទៅជា​រឿង​គួរ​ឲ្យ​ចាប់អារម្មណ៍​នៅពេលដែល​ភាគី​យួន​ចង់​គ្រប់គ្រង​តំបន់​នេះ ដោយ​អះអាងថា​ជា​ទឹកដី​របស់ខ្លួន ហើយ​រដ្ឋាភិបាល​ខ្មែរ​បាន​ជំទាស់​ភ្លាមៗ​។ ជុំវិញ​បញ្ហា​នេះ លោក សៅ សារឹម អតីត​អភិបាលស្រុក​អូររាំង និង​ប្រជាពលរដ្ឋ​រស់នៅ​ជិត​ព្រំដែន​ខ្មែរ​-​យួន ក្នុងស្រុក​អូររាំង បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ព​ន្លឿ​ន​ដោះស្រាយ​បញ្ហា​ព្រំដែន​នៅ​ចំណុច​អូរ​ហុច ដែល​យួន​ហៅថា​ដាក់​ហ៊ូ​ត​។ ការអំពាវនាវ​បែបនេះ​បា​កកើតឡើង​បន្ទាប់ពី​ប្រជាជន​យួន​បន្តធ្វើ​កសិកម្ម​នៅ​តំបន់​ដែល​កំពុង​ប្រទាញប្រទង់​គ្នា​ចំណុច​អូរ​ដាវ ឬ​តំបន់​ដែល​មិនទាន់មាន​ការឯកភាព​គ្នា​បោះបង្គោល​ព្រំដែន​រវាង​ភាគី​ខ្មែរ​-​យួន​នៅឡើយ​។

ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​តំបន់​ព្រំដែន​តំបន់​ដាក់​ដាំ ដាក់​ហ៊ូ​ត បាន​លើកឡើងថា ការពន្យារពេល​ដោះស្រាយ​រវាង​ខ្មែរ​-​យួន គឺជា​ការផ្ដល់​ឱកាស​ឲ្យ​ភាគី​យួន​បន្ត​រំលោភ​ឈ្លានពាន​បូរណភាព​ទឹកដី​ខ្មែរ បន្ទាប់ពី​យួន​ធ្វើ​ប៉ុស្តិ៍​ឈរជើង​ចូលក្នុង​ទឹកដី​ខ្មែរ​ជិត​១០​គីឡូម៉ែត្រ​។ លោក សៅ សារឹម អតីត​អភិបាលស្រុក​អូររាំង បាន​សម្ដែង​នូវ​ការសោកស្ដាយ​មិន​អស់ចិត្ត​ក្នុងខណៈដែល​រដ្ឋាភិបាល​កម្ពុជា​បណ្ដោយ​ឲ្យ​ភាគី​យួន​សង់​ប៉ុស្តិ៍នគរបាល​ប្រចាំ​ច្រកព្រំដែន​ចូល​ដី​ខ្មែរ​ជិត​១០​គីឡូម៉ែត្រ ហើយ​បន្ត​ប្រកប​របរ​កសិកម្ម​នៅក្នុង​តំបន់​ដែល​កំពុងមាន​ភាពចម្រូងចម្រាស​រវាង​ភាគី​ទាំងពីរ​។ លោក សៅ សារឹម បាន​ឲ្យ​ដឹង​ទៀតថា រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​ធ្លាប់បាន​ព្រមព្រៀងគ្នា​កំណត់​បង្គោល​ព្រំដែន​ត្រង់ចំណុច​អូរ​ហុច​ឬ​ដាក់​ហ៊ូ​ត ក៏ប៉ុន្តែ​ជាក់ស្តែង​យួន​នៅតែ​បន្ត​សាងសង់​ប៉ុស្តិ៍​ប៊ូ​ប្រាំង និង​អគារ​ផ្សេងៗ​ទៀត​នៅក្នុង​តំបន់​នោះ​។

​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​ក្បែរ​ចំណុច​អូរ​ហុច បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ទប់ស្កាត់​អំពើ​រំលោភបំពាន​ពី​សំណាក់​ភាគី​យួន ហើយ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ជំរុញ​ឲ្យ​ភាគី​យួន​គោរព​កិច្ចព្រមព្រៀង​នាពេល​កន្លងមក​ដែល​យក​ចំណុច​អូរ​ហុច​ឬ​ដាក់​ហ៊ូ​ត​ជា​ខ្សែបន្ទាត់​ព្រំដែន រីឯ​ប៉ុស្តិ៍​ឈរជើង​របស់​សមត្ថកិច្ច​យួន​ក៏​មិនត្រូវ​សាងសង់​លើទឹក​ដី​ខ្មែរ​ដែរ​។ លោក សៅ សារឹម អតីត​អភិបាលស្រុក​អូររាំង និង​ប្រជាពលរដ្ឋ បាន​បញ្ជាក់ថា សព្វថ្ងៃនេះ​ប្រជាជន​យួន​នៅតែ​ចូលមក​ធ្វើ​ចម្ការ​ត្រង់ចំណុច​អូរ​ដាវ ឆ្ងាយ​ពី​ប៉ុស្តិ៍​ដាក់​ដាំ​របស់​កម្ពុ​ជាជាង​១​គីឡូម៉ែត្រ និង​ឆ្ងាយ​ពី​អូរ​ហុច​ឬ​ដាក់​ហ៊ូ​ត​ជិត​១០​គីឡូម៉ែត្រ​។ ដូច្នេះ​រដ្ឋាភិបាល​កម្ពុជា គួរ​ចាត់វិធានការ​ពិនិត្យ​លើ​បញ្ហា​នេះ​ជាបន្ទាន់ ព្រោះ​មាន​បង្គោល​ព្រំដែន​ចំនួន​៦​ដែល​បារាំង​បាន​បោះ​ចម្ងាយ​ពី​ប៉ុស្តិ៍​ដាក់​ដាំ​របស់​កម្ពុជា​ជិត​៣០​គីឡូម៉ែត្រ​៕

border1-620 border2-620 abde8b4b-8d05-441c-a5ff-8976b63b50b7