មន្ត្រី​ជំនាញ​ចោទ​ក្រុមហ៊ុន​យ៉ែម​គិរី​ឧត្ដម​អភិវឌ្ឍន៍​ថា​ទិញ និង​ទន្ទ្រាន​យក​ដី​រដ្ឋ​ដោយ​ខុសច្បាប់

បន្ទាប់ពី​មានការ​រិះគន់​ពី​ប្រជាពលរដ្ឋ​មក​នោះ បច្ចុប្បន្ន​មន្ត្រី​ជំនាញ​ក៏បាន​ចោទប្រកាន់​ផងដែរ​ថា​ក្រុមហ៊ុន​ឈ្មោះ​យ៉ែម​គិរី​ឧត្ដម​អភិវឌ្ឍន៍ ពិតជា​បាននិងកំពុង​តែ​ឃុបឃិត​ជាមួយ​អាជ្ញាធរ​នៅក្នុង​ស្រុក​បាទី និង​ក្រុមមន្ត្រី​មានអំណាច​នៅ​សាលាខេត្ត​តាកែវ​ព័ទ្ធ​យក​ដី​បឹង​ដែលជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ជាច្រើន​រយ​ហិកតា​មាន​ទីតាំងនៅ​ចំណុច​ឃុំ​ពត់​សរ ស្រុក​បាទី ខេត្តតាកែវ ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​។ មន្ត្រី​ជំនាញ​នៅ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ខេត្តតាកែវ បាន​សម្ដែង​ប្រតិកម្ម​ថា ចំពោះ​ការប្រមូលទិញ​ដី​បឹង​ដោយ​ក្រុមហ៊ុន​យ៉ែម​គិរី​អភិវឌ្ឍន៍​នៅ​ចំណុច​ឃុំ​ពត់​សរ ស្រុក​បាទី ខេត្តតាកែវ ជា​អំពើ​ខុសច្បាប់ ហើយនឹង​ត្រូវ​ចាត់វិធានការ​ដោះស្រាយ​។​

​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ខេត្តតាកែវ លោក សុក សិត បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា ដីធ្លី​នៅ​ស្រុក​បាទី ត្រូវបាន​ចុះបញ្ជី​ជា​ប្រព័ន្ធ​រួច​អស់ហើយ ហើយ​ដី​ដែល​ពុំមាន​ចុះ​នៅក្នុង​បញ្ជី​ដូចជា​ដី​បឹង​ជាដើម គឺជា​ដី​របស់​រដ្ឋ ដូច្នេះ​ទាំង​អ្នកទិញ អ្នកលក់ និង អ្នកចុះហត្ថលេខា គឺ​ខុសច្បាប់​ទាំងអស់ ។ លោក សុក សិត បន្ថែមថា កន្លងទៅ​ក្រុមហ៊ុន​ខាងលើ ធ្លាប់បាន​ឲ្យ​គេ​រត់ការ​មក​លោក​ដែរ​ប៉ុន្តែ​លោក​មិន​សហការ​ទេ​ព្រោះ​វា​ជា​អំពើ​ខុសច្បាប់​ធ្ងន់ធ្ងរ ។​

ជុំវិញ​បញ្ហា​នេះ​ប្រជាពលរដ្ឋ​ស្រុក​បាទី កន្លងមក​បាន​រិះគន់ថា ក្រុមហ៊ុន​ឈ្មោះ​យ៉ែម​គិរី​ឧត្ដម​អភិវឌ្ឍន៍ បាន​ឃុបឃិត​ជាមួយ​អាជ្ញាធរ​នៅក្នុង​ស្រុក​បាទី និង​ក្រុមមន្ត្រី​មានអំណាច​នៅ​សាលាខេត្ត​តាកែវ​ព័ទ្ធ​យក​ដី​បឹង​ដែលជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ជាច្រើន​រយ​ហិកតា​មាន​ទីតាំងនៅ​ចំណុច​ឃុំ​ពត់​សរ ស្រុក​បាទី ខេត្តតាកែវ ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​។ ប្រភព​ដដែល​បាន​ពន្យល់ថា ដី​ក្បែរៗ​ភូមិ​នៅ​ចំណុច​ឃុំ​ពត់​សរ​ដែល​គ្មាន​ប្លង់​នៅឡើយ​ត្រូវបាន​ពលរដ្ឋ​ធ្វើស្រែ​ប្រាំង​នៅពេល​រដូវ​ទឹក​ស្រក​ច្រើន​ឆ្នាំ​មកហើយ តែ​ថ្មីៗ​នេះ​ក្រុមហ៊ុន​ខាងលើ​បាន​ទិញ​ដីស្រែ​ទាំងនោះ​ពី​ពលរដ្ឋ​ក្នុងតម្លៃ​សមរម្យ​ហើយ​យក​លេស​ឈានទៅ​បោះបង្គោល​ព័ទ្ធ​យក​ដី​បឹង​ទាំងមូល​តែម្ដង​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា លោក អ៊ុក រី អភិបាលស្រុក​បាទី ខេត្តតាកែវ ក៏បាន​ជ្រាប​ពី​បញ្ហា​នេះដែរ តែ​មន្ត្រី​ខាងលើ​ហាក់​មិនមាន​ប្រតិកម្ម​ចំពោះ​សកម្មភាព​ខុសច្បាប់​រប​ស់​ក្រុមហ៊ុន​នោះទេ​។​

​គួរបញ្ជាក់​ថា​ដី​បឹង​ទំនាស់​ស្ថិតនៅ​ចំណុច​ទំនប់​មា​ឃុន អ្នកតា​ទ្រព្យ​ឃ្លាំង និង​ចំណុច​ហង្ស​ខ្លា ស្ថិតក្នុង​ស្រុក​បាទី​ជា​តំបន់​សម្រាប់​ត្រី​ពង​កូន​ដែល​លាតសន្ធឹង មួយផ្នែក​ជាប់​ភូមិសាស្ត្រ​ខេត្តកណ្ដាល និង មួយផ្នែក​ទៀត ជាប់​ខេត្តតាកែវ ជា​កន្លែង​សម្រាប់​ត្រី​រស់នៅ និង ពង​កូន ដូច្នេះ​បើ​មិនមាន​ការដោះស្រាយ​ឲ្យ​បាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​ទេនោះ ទ្រព្យសម្បត្តិ​រួម​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន​នឹង​ក្លាយទៅជា​កម្មសិទ្ធិ​របស់​មន្ត្រី និង​អ្នកជំនួញ​ខិលខូច​មិន​ខាន​៕

Pic41