ក្រុមហ៊ុន​ចិន​ធ្វើបាប​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ឃុំ​ត្រពាំង​ព្រីង ស្រុក​តំបែរ តាម​អំពើ​ចិត្ត​

ក្រុមហ៊ុន​ចិន​ឈ្មោះ ហា​មី​នី​វេន អ៊ិន​វេស​មេន ដែល​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​នៅក្នុង​ឃុំ​ត្រពាំង​ព្រីង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ជាង​២០០​គ្រួសារ​រងទុក្ខវេទនា​គ្មាន​ទីបញ្ចប់​។ ជម្លោះដីធ្លី​រវាង​ក្រុមហ៊ុន​ចិន​និង​ប្រជាពលរដ្ឋ​ឃុំ​ត្រពាំង​ព្រីង បានកើត​ឡើងជា​ច្រើន​ឆ្នាំ​មកហើយ ប៉ុន្តែ​អភិបាលស្រុក​តំបែរ និង​លោក ប្រាជ្ញ ចន្ទ អភិបាលខេត្ត​ត្បូងឃ្មុំ មិនទាន់​ចាត់វិធានការ​ជួយ​ដោះស្រាយ​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅឡើយ​ទេ​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ប្រជាពលរដ្ឋ​រងគ្រោះ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​ក្រសួង​ពាក់ព័ន្ធ​ដកហូត​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​ក្រុមហ៊ុន​ចិន​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​ក្រុមហ៊ុន​នេះ​ធ្វើបាប​ពលរដ្ឋ​ខ្មែរ​បន្តទៀត​។

ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​២០០​គ្រួសារ​រស់នៅ​ឃុំ​ត្រពាំង​ព្រីង ស្រុក​តំបែរ បាន​ឲ្យ​ដឹងថា ពួកគាត់​ពិបាក​ធ្វើដំណើរ​ឆ្លងកាត់​ទៅ​ប្រក​បរបរ​ធ្វើស្រែ​ចម្ការ​ក្នុង​មូលដ្ឋាន​របស់ខ្លួន​បន្ទា​ប់​ពី​ក្រុមហ៊ុន​ចិន​បិទផ្លូវ​មិន​ឲ្យ​ពួកគាត់​ឆ្លងកាត់​ដូច​កាលពីមុន​។ ហេតុនេះហើយ​ទើប​កន្លងមក​អ្នកភូមិ​បាន​តវ៉ា​ទាមទារ​ឲ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​បើកផ្លូវ​មួយ​ខ្សែ​នៅ​ចំណុច​បឹង​ព្រែក​ឆ្លូង ដើម្បី​ពួកគាត់​អាច​ឆ្លងកាត់​ទៅធ្វើ​ស្រែចម្ការ​និង​ប្រកប​របរ​នេសាទ​ចិញ្ចឹមជីវិត​ដូច​កាលពីមុន​។ ដូច្នេះ​លោក ប្រាជ្ញ ចន្ទ អភិបាលខេត្ត​ត្បូងឃ្មុំ ត្រូវ​អន្តរាគមន៍​ជួយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​ក្រុមហ៊ុន​ចិន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

​មន្ត្រី​សិទ្ធិមនុស្ស​ក្នុង​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​ចិន​បាន​បិទផ្លូវ​មួយ​ខ្សែ​នោះ ប្រមាណ​២​ខែ​មកហើយ ដែល​ផ្លូវ​នោះ​ប្រជាពលរដ្ឋ​ឆ្លងកាត់​ពី​ភូមិ​ទៅធ្វើ​ស្រែចម្ការ​និង​នេសាទ ព្រមទាំង​រក​អនុផល​ព្រៃឈើ​ក្នុងព្រៃ​សហគមន៍​ជាដើម​។ ប៉ុន្តែ​ឥឡូវនេះ​ផ្លូវ​ឆ្លងកាត់​តាម​ដី​ក្រុមហ៊ុន​ត្រូវបាន​ក្រុមហ៊ុន​ឈូសឆាយ ហើយ​បិទ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​តទៅទៀត​បណ្ដាល​ឲ្យ​ពលរដ្ឋ​ប្រឈម​នឹង​ការលំបាក​យ៉ាងខ្លាំង​។ ទង្វើ​របស់​ក្រុមហ៊ុន​ចិន​ក្នុងការ​បិទផ្លូវ​សាធារណៈ​របស់​រដ្ឋ គឺជា​អំពើ​ខុសច្បាប់​ទាំងស្រុង ព្រោះ​ផ្លូវ​នោះបាន​បម្រើ​ផលប្រយោជន៍​សម្រាប់​មនុ​ស្ស​ទូទៅ​។ ហេតុនេះ​លោក ប្រាជ្ញ ចន្ទ មិនត្រូវ​បណ្ដោយ​ឲ្យ​ក្រុមហ៊ុន​ចិន​ធ្វើបាប​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាង​គឃ្លើន​តទៅទៀត​ទេ ហើយ​រដ្ឋាភិបាល​គួរ​ដកហូត​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​ក្រុមហ៊ុន​ចិន​មួយ​នេះ​ជាបន្ទាន់ ព្រោះ​ក្រុមហ៊ុន​នេះ​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សិទ្ធិ​រស់នៅ​របស់​ពលរ​ដ្ឋ​ខ្មែរ​ប្រមាណ​២០០​គ្រួសារ​ក្នុង​ឃុំ​ត្រពាំង​ព្រីង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ​៕

546050_431097250354998_2086062594_n1លោក បា្រជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំ​