ឧកញ៉ា លី សេង​ឃាង អាង​អំណាច​ទឹក​លុយ​រំលោភ​យក​ដី​បឹង​ជាង​១០០​ហិកតា​នៅ​ស្រុក​ខ្សាច់កណ្ដាល​

​ប្រជាពលរដ្ឋ​នៅ​ឃុំ​ស្វាយជ្រំ ស្រុក​ខ្សាច់កណ្ដាល បាន​អំពាវនាវ​ឲ្យ​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល ចាត់វិធានការ​ទប់ស្កាត់​ករណី​ឧកញ៉ា លី សេង​ឃាង រំលោភ​យក​ដី​បឹង​ជាង​១០០​ហិកតា​នៅក្នុង​មូលដ្ឋាន​ពួកគាត់​ជាបន្ទាន់​។ ដោយហេតុថា​មេឃុំ​ស្វាយជ្រំ ពុំមាន​លទ្ធភាព​ទប់ទល់​នឹង​អំណាច​របស់​ឧកញ៉ា លី សេង​ឃាង បានទេ ហើយ​អភិបាលស្រុក​ខ្សាច់កណ្ដាល ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ លើស​នេះ​ទៅទៀត​អាជ្ញាធរ​ឃុំ​និង​អាជ្ញាធរ​ស្រុក បាន​ឆ្លើយ​ដាក់គ្នា​រឿង​ឧកញ៉ា លី សេង​ឃាង រំលោភ​កាន់កាប់​ដី​បឹង​ជាង​១០០​ហិកតា​នៅ​ឃុំ​ស្វាយជ្រំ ស្រុក​ខ្សាច់កណ្ដាល​។

ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ផ្ទៃដី​បឹង​សម្រាប់​ត្រី​ពង​កូន​ទំហំ​ជាង​១០០​ហិកតា​ក្នុង​ឃុំ​ស្វាយជ្រំ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល កំពុង​ធ្លាក់​ក្នុង​កណ្ដាប់ដៃ​ឧកញ៉ា លី សេង​ឃាង ហើយ​អាចមាន​ការឃុបឃិត​ពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ​។ អ្នកភូមិ​បានបញ្ជាក់​ថា ផ្ទៃ​បឹង​ជាង​១០០​ហិកតា​ដែលជា​ជម្រក​ត្រី​ពង​កូន​និង​ជា​កន្លែង​ប្រជាពលរដ្ឋ​នេសាទ​ជា​លក្ខណៈ​គ្រួសារ ត្រូវបាន​ឧកញ៉ា លី សេង​ឃាង លើក​ទំនប់​ព័ទ្ធ​យក​និង​គ្រោង​បូម​ដី​ចាក់​បំពេញ​ថែមទៀត​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ដី​ខ្លះ​ឧកញ៉ា លី សេង​ឃាង ប្រមូល​ទិញ​ពី​ប្រជាពលរដ្ឋ​ដោយ​ពុំមាន​ច្បាប់​ទំលាប់​ត្រឹមត្រូវ ហើយ​ផ្ទៃ​បឹង​ជាង​១០០​ហិកតា​ត្រូវ​ឧកញ៉ា​រូបនេះ រំលោភ​កាន់កាប់​ធ្វើជា​កម្ម​សិទ្ធ​តែម្តង​។

​នៅពេលដែល​រឿងនេះ​ត្រូវបាន​បើក​កកាយ គឺ​មេឃុំ​និង​អាជ្ញាធរ​ស្រុក​រុញ​ដាក់គ្នា​ទៅវិញទៅមក​ដោយ​ពុំមាន​ការទទួលខុសត្រូវ​ចំពោះមុខ​ប្រជាពលរដ្ឋ​ឡើយ ហើយ​ចោទប្រកាន់ថា​អភិបាលស្រុក​មុនៗ​ជា​អ្នកលក់​ដី​បឹង​នោះ​។ ទាក់ទង​នឹង​បញ្ហា​នេះ​មន្ទីរជំនាញ​និង​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ព្រោះ​ករណី​ឧកញ៉ា លី សេង​ឃាង ប្រើ​អំណាច​ទឹក​លុយ​រំលោភ​កាន់កាប់​ដី​បឹង​ជាង​១០០​ហិកតា​ក្នុង​ឃុំ​ស្វាយជ្រំ ស្រុក​ខ្សាច់កណ្ដាល មិនមែនជា​រឿង​លេងសើច​នោះទេ​។ ជាពិសេស​ការវែកមុខ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ដែល​ជាប់​ពាក់ព័ន្ធ​ករណី​ឧកញ៉ា លី សេង​ឃាង រំលោភ​កាន់កាប់​ដី​បឹង​របស់​រដ្ឋ គឺជា​ប្រការ​សំខាន់បំផុត​ដើម្បី​កុំ​ឲ្យ​ពួកគេ​ឃុបឃិត​គ្នា​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​៕

mao-phirun1លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល​