​សម្តេច​តេ​ជោ​៖ ជ័យជម្នះ ៧​មករា បាន​សង្គ្រោះ​ជាតិ ឲ្យ​រស់​ឡើងវិញ

ភ្នំពេញ: សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​មានប្រសាសន៍ ក្នុង​ពិធី​មី​ទ្ទិញ​រំឭក​ខួប​លើក​ទី ៣៧ នៃ​ទិវា​ជ័យជម្នះ​៧​មករា ថា បច្ចុប្បន្ន ប្រជាជន​កម្ពុជា កំពុង​រស់នៅ​យ៉ាង​សុខដុមរមនា ប្រកបដោយ​ក្តីសង្ឃឹម ក្រោម​ពន្លឺ​នៃ​សន្តិភាព​, សេរីភាព និង​អភិវឌ្ឍន៍ ប៉ុន្តែ​សោកនាដកម្ម​, ការឈឺចាប់​ខ្លោចផ្សារ និង​ការបាត់បង់​យ៉ាង​ធំធេង ក្នុងសម័យ​អតីតកាល ដ៏​ខ្មៅ​ងងឹត​នៃ​សង្គ្រាម និង​របប​ប្រល័យពូជសាសន៍ នៅតែ​ដក់​ជាប់​ជានិច្ច ក្នុង​មនសិការ​របស់​មនុស្ស គ្រប់រូប​មិនអាច​បំភ្លេច​បានឡើយ​។
​    ​

​សម្តេច​តេ​ជោ បាន​បន្តថា យើងទាំងអស់គ្នា ពិតជា​ចងចាំ​ថា ក្រោយ​រដ្ឋប្រហារ​ថ្ងៃ​១៨ មីនា ឆ្នាំ​១៩៧០ ដឹកនាំ​ដោយ​លោក​លន់នល់ ទម្លាក់​សម្តេចព្រះ​នរោត្តម សីហនុ ប្រទេស​កម្ពុជា បាន​ធ្លាក់​ចូលទៅក្នុង​ភ្នក់ភ្លើងសង្គ្រាម យ៉ាង​សន្ធោរ​សន្ធៅ​បំផុត ដែល​បាន​បង្ក មហា​វិនាសកម្ម ពុំ​អាច​នឹង​ពណ៌នា​បានឡើយ​។ ក្រោយ​ថ្ងៃជ័យ​ជម្នះ​លើ​ពួក លន់ នល់ នា​ថ្ងៃ​១៧ មេសា ឆ្នាំ​១៩៧៥ ប្រជាជន​កម្ពុជា ស​ង្ឈឹ​ម​ថា នឹង​បាន​រស់នៅក្នុង​សន្តិភាព​វិញ​ហើយ ប៉ុន្តែ​ក្តី​ស​ង្ឈឹ​ម​នោះ ត្រូវ​រលាយ​បង់ តែមួយ​ប៉ព្រិចភ្នែក ក្រោម​អំពើ​ផ្តាច់ការ​នៃ បន​ក្បត់​ប៉ុលពត ដែល​បាន​អនុវត្ត​នយោបាយ ប្រល័យពូជសាសន៍ ដ៏​សាហាវយង់ឃ្នង​បំផុត ចំពោះ​ជាតិ មាតុភូមិ និង​ប្រជាជន​កម្ពុជា ។
​   
​ក្នុង​រយៈពេល ៣ ឆ្នាំ ៨ ខែ និង​២០​ថ្ងៃ ពួក​ប៉ុលពត បាន​បំផ្លាញ​សង្គមជាតិ​ទាំងមូល ដែល​ទទួលរង​ការវិនាស ដោយសារ​សង្គ្រាម ៥ ឆ្នាំ រួចមកហើយ​នោះ ឲ្យ​រលាយ​ខ្ទេចខ្ទី​ទាំងស្រុង ដល់​ប្ញ​សគល់ ។​
​    ​
ប្រជាជន​កម្ពុជា ត្រូវ​ពួក​ឃាតករ បំបិទ​សិទ្ធិសេរីភាព សព្វបែបយ៉ាង​ទាំងស្រុង ក្លាយ ទៅជា​ទាសករ បាត់បង់​អស់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ របស់​មនុស្ស ហើយ​រង់ចាំតែ​ពេល ត្រូវ​ពួកវា​សម្លាប់​ប៉ុណ្ណោះ​។ របប​ប៉ុលពត បានប្រែក្លាយ​កម្ពុជា ទៅជា​វាលពិឃាត គួរ​ឲ្យ​រន្ធត់​បំផុត ប្រជាជាតិ​ទាំងមូល ត្រូវ​ជ្រមុជ​យ៉ាងជ្រៅ ទៅក្នុង​សមុទ្រ​ឈាម និង​ទឹកភ្នែក ដែល​ពុំ​ធ្លាប់មាន ក្នុង​ប្រវត្តិសាស្ត្រ​របស់​មនុស្សជាតិ​។ ប្រជាជន​ដែល​ពុំទាន់​ត្រូវបាន​សម្លាប់ មានតែ​ការលើកដៃ​បួងសួង​បន់ស្រន់ សូម​ឲ្យ​ទេវតា និង​វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ មកជួយ​សង្គ្រោះ ឲ្យ​រួច​ផុតពី​ឋាននរក​អ​វចី​នេះ​។​
​    ​
នៅក្នុង​កាលៈទេសៈ​ដ៍​ធ្ងន់ធ្ងរ​បំផុត​នេះ កម្មាភិបាល យុទ្ធជន យុទ្ធ​នារី ស្នេហា​ជាតិ ដ៏​បរិសុទ្ធ​របស់ គណបក្ស​ប្រជាជន​កម្ពុជា ដែល​នៅសល់​ពី​ការ​កម្ចាត់ នៃ​របប​ប៉ុលពត ហើយ​បាន​ផ្តាច់ខ្លួន​ចេញផុត ពី​របប​នេះ បាន​ប្រមូលផ្តុំ រួបរួមគ្នា បង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា នា​ថ្ងៃ​២​ធ្នូ ឆ្នាំ​១៩៧៨ ដើម្បី​ដឹកនាំ​ប្រជាជន ប្រយុទ្ធ​ប្រឆាំងនឹង​រប​ប​ប៉ុលពត ដោយ​ទទួលបាន​ការជួយឧបត្ថម្ភ​ដ៍​ធំធេង និង​មាន​ប្រសិទ្ធភាព ពី​កងទ័ព​ស្ម​គ្រ័​ចិត្ត​វៀតណាម រហូត​វាយ​ផ្តួលរំលំ​របប​យង់ឃ្នង​នេះ ឲ្យ​បរាជ័យ នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩​។ ជ័យជម្នះ ៧ មករា បាន​សង្គ្រោះ​ជាតិ ឲ្យ​រស់​ឡើងវិញ ទាន់ពេលវេលា​, ប្រជាជន​កម្ពុជា ដណ្តើមបាន​មកវិញ នូវ​សិទ្ធិសេរីភាព​គ្រប់យ៉ាង ក្លាយជា​ម្ចាស់​លើ​ជោគវាសនា របស់ខ្លួន ពិតប្រាកដ​, កម្ពុជា បាន​បិទ​ទំព័រ​សករាជ​ដ៍​ខ្មៅ​ងងឹត​របស់ខ្លួន ហើយ​បើក​ឡើង​នូវ​ទំព័រ​សករាជ​ថ្មី​គឺ ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និង​វឌ្ឍនភាព​សង្គម​។​
​    ​
​បន្ទាប់​ពីថ្ងៃ​ជ័យជម្នះ ៧ មករា ប្រទេសជាតិ នៅតែ​ត្រូវ​ប្រឈមមុខ នឹង​ឧបសគ្គ​ធំៗ​យ៉ាងច្រើន ព្រមទាំង​ផលវិបាក​រាប់ម៉ឺន​ជំពូក ដែល​បន្សល់ទុក​ពី សម័យ​សង្គ្រាម ៥​ឆ្នាំក្រោយ​ថ្ងៃ​រដ្ឋប្រហារ និង​របប​ប្រល័យពូជសាសន៍​។ ប៉ុន្តែ​ការប្តេជ្ញាចិត្ត ដ៏​មោះមុត​របស់​ប្រជាជន​កម្ពុជា ដើម្បី​ដើរចេញ​ឲ្យ​ផុតពី ស្រមោល​អតីតកាល​ដ៍​ឈឺចាប់ ឆ្ពោះទៅរក​អនាគត​មួយ​ដ៍​រុងរឿង គឺ​គ្មានអ្វី​អាចមក​បន្ទច់បង្អាក់​បាន​ឡើយ​។
​លើ​មូលដ្ឋាន​ជ័យជម្នះ ៧ មករា សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ដែលជា​រដ្ឋ​របស់​ប្រជាជន ត្រូវបាន​បង្កើតឡើង ដឹកនាំ​ដោយ​ក្រុមប្រឹក្សា ប្រជាជន​បដិវត្តន៍​ក​ម្ពុ​ជា ដែល​បាន​គ្រប់គ្រង​ប្រទេស ក្នុងស្ថានភាព​មាន​សន្តិភាព​ផង និង​សង្គ្រាម​ផង ព្រមទាំង​ត្រូវ​មជ្ឈដ្ឋាន ខាងក្រៅ​មួយចំនួន ហ៊ុំព័ទ្ធ​ខាង​នយោបាយ និង​សេដ្ឋកិច្ច យ៉ាង​អយុត្តិធម៌ និង​អមនុស្សធម៌​ថែមទៀត​។ ភារកិច្ច​ចំបង​របស់​យើង នៅពេលនោះ គឺ​ការពារ​ការ​រស់​ឡើងវិញ របស់​ប្រជាជន ទប់ស្កាត់​មិន​ឲ្យ របប​ប្រល័យពូជសាសន៍ អាច​វិល​ត្រឡប់មកវិញ​បាន​, ពុះពារ​ជម្នះ​រាល់​ផលវិបាក ដ៍​ធ្ងន់ធ្ងរ​នានា​, ខិតខំ​ស្តារ និង​កសាង​សេដ្ឋកិច្ច​-​សង្គម​ឡើងវិញ ពី​លេខ​សូន្យ និង​ពី​បាតដៃ​ទទេ ដើម្បី​ធ្វើ​ឲ្យ​ជីវភាព​ប្រជាជន មាន​ស្ថិរ​ភាពជា​ជំហានៗ ។

ដោយសារ​កម្លាំង មហា​សាមគ្គី​ជាតិ​យើង បាន​នាំ​ប្រទេសជាតិ ឲ្យ​ឆ្លង​ផុត​ដំណាក់កាល ដែល​លំបាក​បំផុត ឈាន​មកដល់​ដំណាក់កាល ពង្រឹងពង្រីក​ខ្លួន តែ​ក្នុង​រយៈពេល ១០​ឆ្នាំ ដែល​បាន​បង្ក​បុព្វបទ និង​លក្ខណៈសម្បត្តិ​ចាំបាច់ ឲ្យ​ប្រជាជាតិ​យើង អាច​បោះជំហាន​ទៅមុខ យ៉ាងរឹងមាំ​លើ​មាគ៌ា​សន្តិភាព​, បង្រួបបង្រួម​ជាតិ​, ប្រជាធិបតេយ្យ និង​អភិវឌ្ឍន៍ រហូតដល់​បច្ចុប្បន្ននេះ ។​
​    ​

​រយៈពេល ៣៧ ឆ្នាំ កន្លងទៅ ផ្តើម​ពី​ជ័យជម្នះ ៧ មករា ប្រជាជន​កម្ពុជា បានសម្រេច​នូវ​ការផ្លាស់ប្តូរ​សង្គម យ៉ាង​ធំធេង ដែល​គ្មាន​អ្នកណា អាច​នឹកស្មាន​ដល់​។ កម្ពុជា​បានប្រែក្លាយ​ពី វាលពិឃាត​នៃ​របប​ប្រល័យពូជសាសន៍​, ពី​សមរភូមិ​នៃ​សង្គ្រាម​ដ៏​រ៉ាំរ៉ៃ​, ពី​ការបែកបាក់​ជាតិ  និង​ការបែងចែក​ទឹកដី ក្លាយជា​ប្រជាជាតិ​មួយ ដែលមាន​សុខសន្តិភាព​, សេរីភាព​, ឯកភាព​, ស្ថិរភាព និង​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ធ្វើ​ឲ្យ​ជីវភាព​ប្រជាជន ត្រូវបាន​លើកកម្ពស់​ឥតឈប់ឈរ ។ នេះ​គឺជា​លើកដំបូង នៅក្នុង​ប្រវត្តិសាស្ត្រ រយៈពេល​ជាង ៥០០ ឆ្នាំ មកនេះ បន្ទាប់ពី​សម័យអង្គរ​ដ៏​រុងរឿង ដែល​ប្រជាជន​កម្ពុជា ទទួលបាន​នូវ​សន្តិភាព​ពេញលេញ មានការ​ឯកភាព​ជាតិ ឯកភាព​ទឹកដី និង​កំពុង​រស់នៅ យ៉ាង​សុខដុមរមនា ក្រោម​ដំបូល​នៃ​រដ្ឋធម្មនុញ្ញ​តែមួយ ។
​រាល់​សមិទ្ធិផល ដែល​យើង​សម្រេចបាន ទាំងអស់នេះ គឺ​អាស្រ័យ​ដោយមាន ការដឹកនាំ​ខាង​នយោបាយ បាន​ត្រឹមត្រូវ​, មានការ​លះបង់​ខ្ពស់​របស់​យុទ្ធជន យុទ្ធ​នារី មន្ត្រី​គ្រប់លំដាប់​ថ្នាក់ ក្នុងការ​បំពេញភារកិច្ច​របស់ខ្លួន​, មានការ​ចូលរួម​ពី​សំណាក់ ប្រជាជន​ទូទាំងប្រទេស ដោយ​ឆន្ទៈ​មោះមុត បើទោះបី​
​មាន​និន្នាការ​នយោបាយ​, ដើមកំណើត​ជាតិ​, ជំនឿ​សាសនា ឬ​ឋានៈ​នាទី ក្នុងសង្គម​ផ្សេងគ្នា​ក្តី ព្រមទាំង​ទទួលបាន​ការជួយឧបត្ថម្ភ គាំទ្រ​ដ៏​ស្មោះសរ ពី​បណ្តា​ប្រទេស​ជា​មិត្ត និង​សហគមន៍​អន្តរជាតិ​។​
 

​ការពិត​ជាក់ស្តែង ដូច​បានលើកឡើង​ទាំងអស់នេះ គឺ​គ្មាន​ជន​ណា ឬ​មជ្ឈដ្ឋាន​ណា​អាចមក បដិសេធ ឬ​មួលបង្កាច់​បានឡើយៈ “​បើ​គ្មាន​រដ្ឋប្រហារ​ថ្ងៃ ១៨ មីនា ឆ្នាំ ១៩៧០ ក៍​គ្មាន​របប​ប្រល័យ ពូជសាសន៍​ប៉ុល ពត​,  បើ​គ្មាន​របប​ប្រល័យ ពូជសាសន៍ ក៍​គ្មាន​ជ័យជម្នះ ៧ មករា​, បើ​គ្មាន​ជ័យជម្នះ ៧ មករា គឺ​គ្មានអ្វីៗ នៅថ្ងៃនេះ​ឡើយ​”​។ ថ្ងៃ​៧​មករា គឺជា​ថ្ងៃកំណើត​ទី​២ របស់​ប្រជាជន​កម្ពុជា​។ នេះ​ជា​សច្ចធម៌​ប្រវត្តិសាស្ត្រ ដែល​ប្រជាជន​កម្ពុជា​យើង ទាំង​ក្នុង​ជំនាន់​នេះ ក៍​ដូច​ជំនាន់​ត​ទៅមុខទៀត គប្បី​យល់ដឹង​ច្បាស់លាស់ និង​ចងចាំ​ជា​រៀងរហូត​។ យើង​មិនមែន​ត្រូវ​រស់នៅ ក្នុង​ស្រមោល​នៃ​អតីតកាល​ឡើយ ប៉ុន្តែ​ក្នុង​ជំហាន​ទៅមុខ ឆ្ពោះទៅរក​អនាគត​ដ៍​រុងរឿង យើង​ចាំបាច់​ត្រូវតែ​យល់​ពី ប្រវត្តិសាស្ត្រ​ឲ្យ​បាន​ត្រឹមត្រូវ ត្រូវ​រៀនសូត្រ អំពី​មេរៀន​ជា​ប្រវត្តិសាស្ត្រ ទាំងឡាយ ដើម្បី​បន្ត​កសាង និង​ការពារជាតិ​យើង ត​ទៅមុខទៀត ឲ្យ​បាន​រុងរឿង ស្ថិតស្ថេរ​គង់វង្ស ដោយ​ជៀស​ឲ្យ​ផុតពី ការកើតមាន​ជាថ្មី នូវ​សោកនាដកម្ម និង​គ្រោះមហន្តរាយ ដូចដែល​ប្រជាជាតិ​យើង ធ្លាប់បាន​ឆ្លងកាត់ ហើយ​មិន​ធ្លាក់​ទៅក្នុង​ឧបាយកល របស់​សមាសភាព​អាក្រក់ និង​មជ្ឈដ្ឋាន​អគតិ​ណា ដែល​ចង់​សម្រេច​នូវ​មហិច្ឆតា របស់ខ្លួន​នោះ​៕V​/S