​សម្តេច​តេ​ជោ ៖ ខឿន​ឯករាជ្យ អធិបតេយ្យ បូរណភាព​ទឹកដី និង​សន្តិភាព ត្រូវបាន​ការពារ​គត់​មត់​

ភ្នំពេញ: សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​មានប្រសាសន៍ ពេលនេះ ប្រជាជន​យើង​កំពុង​ឈានចូល ឆ្នាំ​២០១៦ ប្រកបដោយ​សុទិដ្ឋិនិយម ជាមួយនឹង​ក្តី​សោមនស្ស រីករាយ​ក្រៃលែង ចំពោះ​សមិទ្ធផល ដែល​សម្រេចបាន ក្នុង​ឆ្នាំ​២០១៥​។ ខឿន​ឯករាជ្យ អធិបតេយ្យ បូរណភាព​ទឹកដី និង​សន្តិភាព ត្រូវបាន​ការពារ​គត់​មត់​, ស្ថិរភាព​នយោបាយ សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម មាន​ភាពល្អប្រសើរ ទោះបីជា​មានការ​រំខាន ពី​សកម្មភាព​នយោបាយ​ខ្លះ​ក្តី​។ ប្រការនេះ បាន​ធានា​នូវ​ភាពអនុគ្រោះ សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម ឲ្យ​សម្រេចបាន​ផ្លែផ្កា​ថ្មីៗ​ទៀត ។

​សម្តេច​តេ​ជោ បាន​មានប្រសាសន៍ថា លទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ កាន់តែ​ត្រូវបាន​លើកកម្ពស់ ដោយ​ដើរ​ទន្ទឹមនឹង​ការពង្រឹង​នីតិរដ្ឋ​។ បណ្តា​គណបក្សនយោបាយ ទាំងចាស់ ទាំងថ្មី និង​បណ្តា​អង្គការ សង្គម​ស៊ីវិល កំពុង​ធ្វើ​សកម្មភាព យ៉ាងសកម្ម និង​ចូលរួម​លើកស្ទួយ លទ្ធិប្រជាធិបតេយ្យ ការគោរព​សិទ្ធិមនុស្ស និង​ការគោរព​ច្បាប់​។​

​តាមរយៈ​ការអនុម័ត​ច្បាប់ ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ​, ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ នៃ​គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត​, ការបង្កើត​គណៈកម្មាធិកា​រ​ជាតិ រៀបចំ​ការបោះឆ្នោត​ថ្មី និង​ច្បាប់​ស្តីពី​ការបោះឆ្នោត ជ្រើសរើស​ប្រឹក្សា​ឃុំ​សង្កាត់ នឹង​ធានា​ឲ្យ​ការបោះឆ្នោត លើក​ក្រោយ កាន់​តែមាន​ភាពល្អប្រសើ​រ​ឡើង​។

​ការដោះស្រាយ​បញ្ហា​ព្រំដែន ជាមួយ​ប្រទេសជិតខាង កំពុងមាន​ដំណើរការ​យ៉ាង​ល្អ  ធានាបាន​នូវ​បូរណភាព ទឹកដី​របស់​កម្ពុជា និង​ការកសាង​ខ្សែបន្ទាត់​ព្រំដែន ប្រកបដោយ​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​អភិវឌ្ឍន៍​។
​សមិទ្ធផល​នេះ បានធ្វើ​ឲ្យ​បរាជ័យ នូវ​ឧបាយកល​របស់ អ្នកនយោបាយ​មួយចំនួន ដែល​តែងតែ​ព្យាយាម ប្រើប្រាស់​បញ្ហា​ព្រំដែន ជា​ឧបករណ៍​នយោបាយ​រប​ស់​ខ្លួន​៕V​/S