គម្រោង​ថ្មី​ឆ្នាំ​២០១៦ សាលា​រាជធានី នឹង​ស្ថាបនា​ផ្លូវ​ក្រោម​ដី​នៅ​ស្តុ​ប​បេ​កា​សេ មុនគេ​

ភ្នំពេញ: ​សាលា​រាជធានី​ភ្នំពេញ បាន​ផ្សព្វផ្សាយ​ថា ដោយបាន​គោលការណ៍​ពីស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ហើយ សាលា​រាជធានី​ភ្នំពេញ នឹង​ស្ថាបនា​ផ្លូវ​ក្រោម​ដី​នៅ​ស្តុ​ប​បេ​កា​សេ ប្រសព្វ​រវាង​មហាវិថី​សហព័ន្ធរុស្ស៊ី និង​មហាវិថី​ព្រះមុនីវង្ស​។​

​សាលា​រាជធានី បាន​ឲ្យ​ដឹងថា ផ្លូវ​ក្រោម​ដី រត់​ពី​មហាវិថី​សហព័ន្ធរុស្ស៊ី​មុជ​ក្រោម​មហាវិថី​ព្រះមុនីវង្ស ជា​ផ្លូវ​ក្រោម​ដី​ទ្វេរ​ទិស មាន​ប្រវែង ៣៤០​ម៉ែត្រ ទទឹង ១៤,៧​ម៉ែត្រ និង​កម្ពស់​ក្រោម​ស្ពាន ៥​ម៉ែត្រ​។ យ៉ាងណាក៏ដោយ​ក្នុងពេល​បច្ចុប្បន្ននេះ គេ​សង្កេតឃើញ ក្រុង​ការងារ​ជំនាញ កំពុងតែ​ប្រើ​ម៉ាស៊ីន​ខូង យក​ដី ដើម្បី​យកមក​ធ្វើការ​ពិសោធន៍ នៅ​ចំណុច​សួនច្បារ​ផ្លូវភ្លោះ​ស្ថាបនា​ផ្លូវ​ក្រោម​ដី​នេះ​។​

​សូមបញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​៥​មករា ២០១៦ ក្នុង​ពិធី​សម្ពោធ​ស្ពាន​អាកាស​ទី​៤ ស្ពាន​អាកាស​៥​មករា ក្នុង​រាជធានី​ភ្នំពេញ សម្ដេច តេ​ជោ ហ៊ុន សែន បានប្រកាស​ពី​គម្រោង​សាងសង់​បន្តបន្ទាប់​ដូច​ជា គំរោង​សាង​ស្ពាន និង​ផ្លូវ​បន្ថែមទៀត ក្នុង​រាជធានី​ភ្នំពេញ ដែល​ក្នុងនោះ​រួមមាន ១-​កសាង​ផ្លូវបត់​កោង និង​ផ្លូវ​ក្រោម​ដី​នៅ​ចំណុច​ស្ពាន​អាកាស​ក្បាលថ្នល់ ២ -​កសាង​ផ្លូវ​ក្រោម​ដី នៅ​ផ្លូវ​សហព័ន្ធរុស្ស៊ី​ត្រង់ចំណុច​ស្តុ​ប បេ​កា​សេ ៣-​សាងសង់​ស្ពាន​អាកាស នៅ​ចំណុច​ស្តុ​ប​ផ្សារ​ដី​ហុយ​ត្រង់​ផ្លូវ​សហព័ន្ធរុស្ស៊ី និង​ផ្លូវ​ហាណូយ និង -៤ ផ្លូវ​ល្បឿន​លឿន (Express Way) ១​ខ្សែ​ពី​រាជធានី​ភ្នំពេញ​ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដើម្បី​ប​បញ្ចៀស​ការកកស្ទះ​ចរាចរណ៍​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នឹង​បន្ត​ខិតខំ​កសាង​សមិទ្ធផល​ជាតិ​ជាច្រើន​ថែមទៀត ដើម្បី​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់ និង​សម្រួល​ក្នុងការ​ធ្វើដំណើរ ប្រកបការងារ​អាជីវ​កម្ម​ផ្សេងៗ ក្នុងការ​លើកស្ទួយ​ជីវិត​រស់នៅ ប្រចាំថ្ងៃ​ឲ្យ​កាន់តែ​ប្រសើរឡើង​៕

គម្រោង​ថ្មី​ឆ្នាំ​២០១៦ សាលា​រាជធានី នឹង​ស្ថាបនា​ផ្លូវ​ក្រោម​ដី​នៅ​ស្តុ​ប​បេ​កា​សេ មុនគេ​

គម្រោង​ថ្មី​ឆ្នាំ​២០១៦ សាលា​រាជធានី នឹង​ស្ថាបនា​ផ្លូវ​ក្រោម​ដី​នៅ​ស្តុ​ប​បេ​កា​សេ មុនគេ​