មិន​រស់នៅក្នុង​អតីតកាល​ឡើយ តែ​ត្រូវ​ស្គាល់​ប្រវត្តិសាស្ត្រ​

​ក្នុង​ពិធី​សាទរ​ទិវា​៧​មករា​លើក​ទី​៣៧ ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​សុន្ទរកថា​ក្នុងនាម​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។ សមិទ្ធផល​ជាច្រើន​ទាក់ទង​នឹង​ការកសាង​កម្ពុជា និង​ចលនា​ប្រឆាំងនឹង​ការ​កាន់អំណាច​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា ត្រូវបាន​លើកឡើង​ដោយ​សម្តេច ហ៊ុន សែន​។​

​នៅក្នុង​បរិយាកាស​នៃ​ការអបអរសាទរ និង​ការ​ប្រឆាំងនឹង​ទិវា​៧​មករា ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា និង​ជា​ប្រមុខ​នៃ​គណបក្សកាន់អំណាច​បាន​ថ្លែង​យ៉ាង​ដូច្នេះ​៖«​យើង​មិនមែន​រស់នៅក្នុង​ស្រមោល​នៃ​អតីតកាល​ឡើយ​។ ប៉ុន្តែ​ក្នុង​ជំហាន​ទៅមុខ​ឆ្ពោះទៅរក​អនាគត​ដ៏​រុងរឿង យើង​ចាំបាច់​ត្រូវ​យល់​ពី​ប្រវត្តិសាស្ត្រ​ឲ្យ​បាន​ត្រឹមត្រូវ ត្រូវ​រៀនសូត្រ​អំពី​មេរៀន​ជា​ប្រវត្តិសាស្ត្រ​ទាំងឡាយ ដើម្បី​បន្ត​កសាង និង​ការពារជាតិ​យើង​ត​ទៅមុខទៀត ដោយ​ជៀស​ឲ្យ​ផុតពី​ការកើតមាន​ជាថ្មី​នូវ​សោកនាដកម្ម និង​គ្រោះមហន្តរាយ​ដូច​យើង​ធ្លាប់បាន​ឆ្លងកាត់​»​។​

​សារ​មួយ​នេះ ត្រូវបាន​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លើកឡើង​បន្ទាប់ពី​លោក​បញ្ជាក់​ឡើងវិញ​ថា ថ្ងៃ​៧​មករា គឺជា​ថ្ងៃកំណើត​ទី​២ របស់​ប្រជាជន​កម្ពុជា ហើយ​ថា សម្រាប់​លោក នេះ​ជា​សច្ចធម៌​ប្រវត្តិសាស្ត្រ​ដែល​ប្រជាជន​កម្ពុជា​ទាំង​ក្នុង​ជំនាន់​នេះ ក៏​ដូច​ជំនាន់​ត​ទៅមុខទៀត គួរ​យល់ដឹង​ច្បាស់លាស់ និង​ចងចាំ​ជា​រៀងរហូត​។​

​ក្នុង​ក្របខណ្ឌ​នៃ​ការលើកតម្កើង​ទិវា​៧​មករា​ដដែល សម្តេច ហ៊ុន សែន ក៏បាន​កត់សម្គាល់​ផងដែរ​ថា ៧​មករា​គឺជា​ចំណុច​ចាប់ផ្តើម​នៃ​ការផ្លាស់ប្តូរ​កម្ពុជា​ពី​សមរភូមិ​សង្គ្រាម និង​ការបែងចែក​ទឹកដី មកជា​កម្ពុជា​ដែលមាន​ស្ថិរភាព និង​ឯកភាព​ជាតិ​ក្រោម​រដ្ឋធម្មនុញ្ញ​តែមួយ​ក្នុង​រយៈពេល​៥០០​ឆ្នាំ​មកនេះ ក្នុង​ប្រវត្តិសាស្ត្រ​នៃ​កម្ពុជា​។​

​គួរ​កត់សម្គាល់ថា ប្រមុខ​គណបក្សកាន់អំណាច​សព្វថ្ងៃ​នៅតែ​ស្តីបន្ទោស​រដ្ឋប្រហារ​ទម្លាក់​ព្រះប្រមុខរដ្ឋ ព្រះ​នរោត្តម សីហនុ ដោយ​សេនាប្រមុខ លន់ នល់ ថ្ងៃទី​១៨ មីនា ឆ្នាំ​១៩៧០ ជា​ឬ​សគល់​នៃ​សង្គ្រាមស៊ីវិល​របស់​កម្ពុ​ជា​ក្នុង​រយៈពេល​៥០​ឆ្នាំ​ចុង​ក្រោយនេះ​។​

«​គ្មាន​ជន​ណា ឬ​មជ្ឈដ្ឋាន​ណា​អាចមក​បដិសេធ ឬ​មួលបង្កាច់​បានឡើយ​ថា បើ​គ្មាន​រដ្ឋប្រហារ​ថ្ងៃ​១៨​មីនាឆ្នាំ​១៩៧០ ក៏​គ្មាន​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ហើយ​បើ​គ្មាន​របប​ប៉ុលពត ក៏​គ្មាន​ជ័យជម្នះ​៧​មករា​។ បើ​គ្មាន​ជ័យជម្នះ​៧​មករា គឺ​គ្មានអ្វីៗ នៅថ្ងៃនេះ​ឡើយ​»។

នៅក្នុង​សុន្ទរកថា​ជាភាសា​ខ្មែរ​៦ទំព័រ ប្រធាន​គណបក្ស​ប្រជាជនកម្ពុជា​មិន​បាន​និយាយ​ដល់​ថ្ងៃ២៣តុលា ដែលជាព្រឹត្តិការណ៍​នៃ​កិច្ចព្រមព្រៀងទីក្រុងប៉ារីស​ស្តីពីកម្ពុជា នោះទេ។ ប៉ុន្តែ​លោក​ធ្លាប់​ថ្លែង​ថា បើគ្មាន​ព្រឹត្តិការណ៍​៧មករា ក៏គ្មាន​​ថ្ងៃ​២៣​តុលា​១៩៩១ដែរ៕


ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​